
រដ្ឋធានីណៃពិដោ៖ រដ្ឋាភិបាលថ្មីភូមា ចង់រៀបចំកិច្ចចរចាសន្តិភាពជាមួយក្រុមប្រដាប់អាវុធជនជាតិភាគតិចឱ្យបានមុនដាច់ខែកក្កដា ប៉ុន្តែក្រុមប្រដាប់អាវុធធំៗចំនួន២ បានបដិសេធសំណើរបស់លោក មីន អ៊ុងឡាំង នៅថ្ងៃអង្គារទី២១ ខែមេសានេះតែម្ដង...។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋភូមា បានរាយការណ៍ថា ប្រធានាធិបតី មីន អ៊ុងឡាំង (Min Aung Hlaing) ដែលជាមេដឹកនាំរដ្ឋប្រហារកាលពី៥ឆ្នាំមុន បានប្រាប់កិច្ចប្រជុំរដ្ឋាភិបាលថា លោកចង់ឱ្យក្រុមប្រដាប់អាវុធជនជាតិភាគតិច ដែលមិនទាន់បានចូលរួមក្នុងកិច្ចព្រមព្រៀងឈប់បាញ់ ទៅចូលតុចរចាដែលនឹងត្រូវរៀបចំឡើងក្នុងរយៈពេល ១០០ថ្ងៃខាងមុខ។ លោកបានសង្កត់ធ្ងន់ថា៖«សម្រាប់ក្រុមដែលមិនទាន់បានចូលរួមក្នុងការសន្ទនា និងកិច្ចចរចា យើងសូមអញ្ជើញពួកគេឱ្យមកចូលរួមក្នុងការពិភាក្សាត្រឹមឱសានវាទចុងក្រោយ គឺថ្ងៃទី៣១ ខែកក្កដា»។ លោកបានលើកឡើងឈ្មោះ ក្រុមប្រឆាំងធំៗមួយចំនួនដូចជា៖ សហភាពជាតិការ៉ែន(KNU), រណសិរ្សជាតិឈីន(CNF), និងរណសិរ្សប្រជាធិបតេយ្យនិស្សិតភូមា(ABSDF)។

លោក សាវ តាវនី (Saw Taw Nee) អ្នកនាំពាក្យក្រុមប្រដាប់អាវុធជនជាតិភាគតិចការ៉ែន បានទាត់ចោលសំណើរបស់រដ្ឋាភិបាល ដោយលើកឡើងថា៖«ក្រុមការ៉ែន បានដកខ្លួនចេញពីកិច្ចព្រមព្រៀងឈប់បាញ់រួចទៅហើយ ចាប់តាំងពីរដ្ឋប្រហារឆ្នាំ២០២១។ យើងមិនមានគម្រោងវិលត្រឡប់ទៅរកការចរចា ឬដើរតាមផ្លូវនៃកិច្ចព្រមព្រៀងបទឈប់បាញ់នោះទេ»។ ចំណែកអ្នកនាំពាក្យក្រុមរណសិរ្សជាតិឈីន លោក សាឡៃ ថេត នី (Salai Htet Ni) បានលើកឡើងថា ក្រុមរបស់លោកកំពុងស្វែងរកប្រព័ន្ធប្រជាធិបតេយ្យសហព័ន្ធ ដែលគ្មានឥទ្ធិពលពីយោធា។ លោកបានបន្ថែមថា៖«ដោយសារយើងកំពុងប្រយុទ្ធក្នុងសមរភូមិយោធា និងនយោបាយ យើងគ្មានអ្វីត្រូវពិភាក្សាជាមួយរដ្ឋបាលភូមា ដោយគ្រាន់តែប្តូររូបរាងចេញពីយោធានោះឡើយ»។ សូមរំឭកខ្លីថា ភូមាបានធ្លាក់ក្នុងភាពចលាចល បន្ទាប់ពីរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យរបស់លោកស្រី អ៊ុង សានស៊ូជី កាលពីឆ្នាំ២០២១ ហើយឥឡូវនេះ លោកស្រីមានវ័យ៨០ឆ្នាំហើយ៕




