ទូកល្បឿនលឿនអ៊ីរ៉ង់ឡើងខាប់ទឹក ចេញក្រឡុកច្រកសមុទ្ទហ័រមូស្ស ខណៈ ត្រាំ ចេញបញ្ជាឱ្យបា.ញ់កម្ទេច
ហៀប ស៊ីថេត
3 ម៉ោងមុន

មជ្ឈិមបូព៌ា៖ ទោះបីជាសហរដ្ឋអាម៉េរិកអះអាងថា បានវាយប្រហារកងទ័ពជើងទឹកអ៊ីរ៉ង់ឱ្យទន់ដៃក៏ដោយ ប៉ុន្តែយោធាអ៊ីរ៉ង់នៅតែបន្តប្រើទូកវាយប្រហារល្បឿនលឿនតូចៗ រាប់រយគ្រឿង ឡើងខាប់ទឹកនៅច្រកសមុទ្ទហ័រមូស្ស។ ទូកល្បឿនលឿនទាំងនោះ គឺពិបាកបង្ក្រាបណាស់ ព្រោះវាលឿនខ្លាំង ហើយវាអាចលាក់ខ្លួនតាមរូងភ្នំ និងបន្លំភ្នែកសត្រូវជាមួយទូកអ្នកនេសាទ។ ថ្មីៗនេះ យោធាអ៊ីរ៉ង់ បានប្រើទូកទាំងនោះឡោមព័ទ្ធ និងចាប់រឹបអូសនាវាដឹកទំនិញធំៗបានដល់ទៅ២គ្រឿង ធ្វើឱ្យអ្នកជំនួញដឹកជញ្ជូនទំនិញពិភពលោកភ្នែកនៅកញ្ចឹង-ក និងព្រួយបារម្ភកាន់តែខ្លាំង ចំពោះការដឹកជញ្ជូនប្រេង និងទំនិញឆ្លងកាត់ច្រកផ្លូវទឹកដ៏តូចចង្អៀតមួយនេះ។

ក្រោយឃើញអ៊ីរ៉ង់ក្រឡុកច្រកសមុទ្ទហ័រមូស្សខ្លាំងបែបនេះ លោកប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ បានចេញបញ្ជាក្ដៅឱ្យកងទ័ពជើងទឹកសហរដ្ឋអាម៉េរិក បាញ់កម្ទេចរាល់ទូកវាយប្រហារល្បឿនលឿនរបស់អ៊ីរ៉ង់ណា ដែលហ៊ានទៅក្បែរ ឬព្យាយាមដាក់មីនក្នុងច្រកសមុទ្ទហ័រមូស្ស បន្ទាប់ពីអ៊ីរ៉ង់បើកប្រតិបត្តិការរារាំងនាវាចរណ៍តាមច្រកសមុទ្ទដ៏សំខាន់នេះ។ ត្រាំ បានបញ្ជាក់បន្ថែមថា សហរដ្ឋអាម៉េរិកនឹងបង្កើនការបោសសម្អាតមីនឱ្យខ្លាំងជាងមុន៣ដង ដើម្បីបើកផ្លូវសមុទ្ទនេះឡើងវិញ។ សូមជម្រាបថា ឆ្មាំបដិវត្តន៍អ៊ិស្លាមអ៊ីរ៉ង់ បានបំពាក់ទូកល្បឿនលឿនទាំងនោះដោយភ្ជាប់កាំភ្លើងយន្តធុនធ្ងន់ និងគ្រាប់រ៉ុក្កែត រួមទាំងមីស៊ីលប្រឆាំងនាវាទៀតផង ខណៈមីស៊ីលបាញ់ពីច្រាំង ដ្រូនអត្តឃាត មីនក្នុងទឹក និងការរំខានតាមប្រព័ន្ធអេឡិចត្រូនិក នៅតែជាឆ្អឹងទទឹង-ក សម្រាប់យោធាសហរដ្ឋអាម៉េរិក ក្នុងការវាយប្រហារកម្ទេចអ៊ីរ៉ង់។

លោក ដូណាល់ ត្រាំ
លោក ដូណាល់ ត្រាំ

ទោះបីជាមានការសម្របសម្រួលឱ្យជួបគ្នានៅប៉ាគីស្ថានក៏ដោយ ក៏ការចរចានៅតែជាប់គាំងទៅមុខមិនរួច ព្រោះអ៊ីរ៉ង់បង្គាប់ឱ្យសហរដ្ឋអាម៉េរិកដកការបិទខ្ទប់ច្រកសមុទ្ទហ័សមូស្សសិន ទើបព្រមនិយាយគ្នា ប៉ុន្តែសហរដ្ឋអាម៉េរិកបង្គាប់ឱ្យអ៊ីរ៉ង់បើកច្រកសមុទ្ទនេះ ឱ្យនាវាធ្វើនាវាចរដោយសេរីវិញសិន ទើបមានកិច្ចចចារបន្តបទឈប់បាញ់។ យ៉ាងណា លោក ត្រាំ បង្ហើបពីការព្រមានធ្ងន់ៗតាមវាយោថា បើចរចាមិនត្រូវគ្នាទេ លោកនឹងប្រើផ្លូវយោធាបញ្ចប់រឿងនេះតែម្ដង ប៉ុន្តែ ត្រាំ ប្រាប់មុនថា នឹងមិនប្រើគ្រាប់បែកនុយក្លេអ៊ែរដើម្បីកម្ទេចអ៊ីរ៉ង់ទេ។ ដូច្នេះ ច្រកសមុទ្ទហ័រមូស្ស​ នៅតែជាចំណុចតំបន់គ្រោះថ្នាក់បំផុតសម្រាប់នាវាដឹកប្រេង។ បើអ៊ីរ៉ង់នៅតែបន្តប្រើទូកវាយប្រហារល្បឿនលឿនខ្នាតតូច និងដាក់មីនក្នុងទឹក ហើយសហរដ្ឋអាម៉េរិកនៅតែប្រកាន់ជំហរបិទខ្ទប់ច្រកសមុទ្ទ និងបាញ់កម្ទេចទូកអ៊ីរ៉ងនៅច្រកសមុទ្ទហ័រមូស្ស នោះតម្លៃទំនិញ និងប្រេងពិភពលោក អាចនឹងបន្តឡើងថ្លៃជាក់ជាមិនខាន៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត