ឧក្រិដ្ឋជនជួញដូរគ្រឿងញៀន៥នាក់ ត្រូវបានមន្ត្រីកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ចាប់បញ្ជូនទៅតុលាការ
ហាក់ អ៊ីឌី
មួយថ្ងៃមុន

ក្រុងសិរីសោភ័ណ៖ មនុស្សប្រុសស្រី៥នាក់ ត្រូវបានអាជ្ញារចាប់ខ្លួនជាបន្តបន្ទាប់ ពាក់ព័ន្ធករណីប្រើប្រាស់ និងជួញដូរថ្នាំញៀននៅចំណុចផ្លូវចូលហ្គោលថោន ស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ...។

យោងតាមរបាយការណ៍ពីមន្ត្រីកងរាជអាវុធហត្ថ បានឱ្យដឹងនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦នេះថា លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានបញ្ជាកម្លាំងជំនាញបើកការស្រាវជ្រាវករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន រហូតឈានដល់ការចាប់ខ្លួនអ្នកពាក់ព័ន្ធសរុបចំនួន៥នាក់រួមមាន៖ ១-ឈ្មោះ ឆោម សាលីន, ២-ឈ្មោះ ចេន ដារ៉ូ, ៣-ឈ្មោះ សិទ្ធិ ទិត្យា ហៅតាន, ៤-ឈ្មោះ ហួត លីម៉េង, ៥-ឈ្មោះ អ៊ី ពិសី ហៅប៊ី ភេទស្រី អាយុ២៤ឆ្នាំ។  

ជាមួយគ្នានេះ មន្ត្រីកងរាជអាវុធហត្ថបានដកហូតវត្ថុតាងគ្រឿងញៀនប្រភេទម្សៅក្រាមពណ៌ស(កេតាមីន)ចំនួន៣៤ថង់កិប, កញ្ចប់ម្សៅ PORSCHE រូបសេះពណ៌ស្វាយ និងពណ៌បៃតង (អ៊ិចស្តាស៊ី) ចំនួន២៥កញ្ចប់, ម្សៅម៉ត់ពណ៌ទឹកក្រូច (អ៊ិចស្តាស៊ី) ចំនួន១៤ថង់កិប, ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន, រថយន្ត និងម៉ូតូចំនួន២គ្រឿងផងដែរ។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននៃកងរាជអាវុធហត្ថ បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត