
ខេត្តក្រចេះ៖ កម្លាំងសមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យ៥នាក់ជាសន្តិសុខក្រុមហ៊ុន ហ្គ្រេតវ៉ែនឌើ អេហ្គ្រីខលឈើរ័ល ឌីវីឡុមមេន (ខេមបូឌា) នៅឃុំអូរគ្រៀង ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ ក្រោយពីប្រធានក្រុមសន្តិសុខ ដែលស្ថិតក្នុងចំណោមពួកគេនោះ បានប្រើដំបងឆក់មានគ្រាប់ បាញ់ទៅលើបុរសម្នាក់បណ្ដាលឱ្យរងរបួស។

ប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ បុរសឈ្មោះ គឿន គេង បានយកម៉ាស៊ីនត្រង់សូន័រ (រណារយន្ត) ទៅកាត់កូនឈើនៅចម្ការក្រោយផ្ទះខ្លួន ហើយឈ្មោះ រុន ឌឿន ជាប្រធានសន្តិសុខក្រុមហ៊ុន ក៏បានដឹកនាំសន្តិសុខ៤នាក់ទៀត ចុះទៅចាប់យកម៉ាស៊ីនត្រង់សូន័រ។ ពេលនោះ ក៏មានការឈ្លោះប្រកែក និងប្រតាយប្រតប់គ្នា ហើយប្រធានក្រុមសន្តិសុខ ក៏យកដំបងឆក់មានគ្រាប់ បាញ់ទៅលើបុរសឈ្មោះ គឿន គេង ចំនួន២គ្រាប់ ត្រូវពោះខាងស្ដាំ។

ប្រជាពលរដ្ឋនៅជិតនោះ បាននាំគ្នាទៅមើល និងបានយកជនរងគ្រោះទៅមណ្ឌលសុខភាព ដេីម្បីដកគ្រាប់ចេញ។ អធិការដ្ឋាននគរបាលស្រុកអូរគ្រៀងសែនជ័យ បានឃាត់ខ្លួនក្រុមសន្តិសុខទាំង៥នាក់ ដើម្បីសួរនាំ និងបានកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត។ សេចក្តីប្រកាសព័ត៌មានរបស់អធិការដ្ឋាននគរបាលស្រុកអូរគ្រៀងសែនជ័យ ដែលទើបនឹងចេញនៅថ្ងៃទី២៥ ខែមេសានេះ បានសរសេរតាមការអះអាងរបស់ប្រធានក្រុមសន្តិសុខថា បុរសឈ្មោះ គឿន គេង បានធ្វើសកម្មកាត់កូនឈើក្នុងបរិវេណដីក្រុមហ៊ុន ដូច្នេះហើយ បានជាក្រុមសន្តិសុខចុះទៅហាមឃាត់៕
រាយការណ៍ដោយលោក សារី ណែត ទីភ្នាក់ងារអង្គភាព SBM News ប្រចាំខេត្តក្រចេះ



