ព្រៃឈើសហគមន៍អូរក្រញូងជាង៩​ហិកតា​ រងការកាប់ទន្ទ្រាន
អុន សម្ផស្ស
5 ម៉ោងមុន

ខេត្តកំពង់ធំ៖ ព្រៃឈើសហគមន៍អូរក្រញូងចំនួន៦ហិក ស្ថិតក្នុងឃុំ​មានរិទ្ធ ស្រុកសណ្តាន់ ខេត្តកំពង់ធំ រងការកាប់ទន្ទ្រាន។ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការការ​ពារ​ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ ចុះទៅពិនិត្យករណីនេះកាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦...។

ប្រធានសហគមន៍ព្រៃឈើអូរក្រញូង លោក ម៉ៅ ធា រាយការណ៍លម្អិតថា ផ្ទៃដីសហគមន៍ព្រៃឈើអូរក្រញូងមានទំហំសរុបជាង១៦០០​ហិកតា បច្ចុប្បន្ននៅសល់ប្រមាណជាង១២០០ហិកតា ដែល​កំពុង​គ្រប់​គ្រង​ការ​ពារ​ ចំណែកផ្ទៃដីព្រៃឈើជាង៤០០ហិកតាទៀត រងការកាប់ទន្រ្ទានយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនពីសំណាក់ជនល្មើសមួយចំនួន ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ។ ដោយឡែក លោក ហេង លីហួ នាយសង្កាត់រដ្ឋបាលព្រៃឈើសណ្តាន់​ អះអាងថា ផ្ទៃដីព្រៃឈើសហគមន៍អូរក្រញូងដែលរងការកាប់ទន្ទ្រានក្នុងពេល​ត្រួតពិនិត្យ​នេះ មានទំហំជាង៩​ហិកតា​​ ហើយតាម​ការ​វាយតម្លៃ​ផ្ទៃដី​ប្រមាណ​ជាង​៣​ហិកតា​ត្រូវ​គេកាប់​ទន្ទ្រាន​នៅក្នុង​ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរថ្មីៗនេះ។ ចំណែក​ផ្ទៃដី​ជាង៦​ហិកតា​ទៀត ​អាចត្រូវ​ក្រុម​ជនល្មើស​លួច​កាប់​ទន្ទ្រាន​នាពេលប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ។ 

លោកឧត្តមសេនីយ៍​ទោសោម​ ស៊ុន​ បានសម្ដែងការសោកស្ដាយ​ចំពោះ​ការ​បាត់បង់​ព្រៃឈើ​ ដែល​យើង​កំពុង​​ការពារ​ និង​អភិរក្ស​ សម្រាប់​បម្រើ​សេចក្តី​ត្រូវការ​របស់​សង្គម​ជាតិ​ និង​កូន​ចៅនៅ​ជំនាន់​ក្រោយ​​។ លោក ​សោម​ ស៊ុន​ ណែនាំ​ឱ្យ​សមត្ថកិច្ច​ជំនាញ​ សហការ​ជាមួយ​ ប្រធាន​សមាគម​ព្រៃឈើ​អូរ​ក្រញូង​ ​ស្រាវ​ជ្រាវ​វែក​រក​មុខ​សញ្ញា​កាប់​ទន្ទ្រាន​ព្រៃឈើ​សហគមន៍​អូរ​ក្រញូង​ឱ្យឃើញ ​ ដើម្បី​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ ដោយ​គ្មាន​ការ​លើក​លែង​ឡើយ​។ បន្ថែមលើនោះ លោកឧត្តមសេនីយ៍​ទោ បញ្ជាឱ្យ​កងកម្លំាង​ប្រចាំនៅ​តំបន់​ព្រៃ​សហគមន៍​អូរ​ក្រញូង​ ការពារដាច់​ខាតកុំឱ្យមាន​ការ​កាប់​ទន្ទ្រាន​ព្រៃឈើ​ជាថ្មី​ និង​ត្រូវ​គ្រប់​គ្រង​ឱ្យបាន​ម៉ឺងម៉ាត់​៕ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត