
រាជធានីភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្កើតក្រុមការងារចំណុះឱ្យលេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) ដើម្បីចុះប្រតិបត្តិការតាមបណ្តាខេត្តគោលដៅសំខាន់ៗចំនួន១១។ នេះបើយោងតាមសេចក្តីសម្រេច ចុះថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ ហើយត្រូវបានបង្ហាញជាសាធារណៈនៅថ្ងៃទី២៤ ខែមេសា។

ក្រុមការងារនេះ ត្រូវបានបែងចែកជា៤ក្រុមធំៗ។ ក្រុមទី១ ដឹកនាំដោយលោក ឌី វិជ្ជា ទទួលខុសត្រូវចុះបង្ក្រាបក្នុងខេត្តចំនួន៥ រួមមាន ស្វាយរៀង ព្រៃវែង ត្បូងឃ្មុំ មណ្ឌលគិរី និងក្រចេះ។ ក្រុមទី២ ដឹកនាំដោយលោក យ៉េត វីណែល ទទួលខុសត្រូវចុះបង្ក្រាបនៅខេត្តចំនួន៣ រួមមាន ព្រះសីហនុ កំពត និងកោះកុង។ ក្រុមទី៣ ដឹកនាំដោយលោក ឌួង ឧត្តម ទទួលខុសត្រូវចុះបង្ក្រាបនៅខេត្តចំនួន៣ រួមមាន ពោធិ៍សាត់ បាត់ដំបង និងប៉ៃលិន។ ក្រុមទី៤ ដឹកនាំដោយលោក ជួន សុវណ្ណ ទទួលខុសត្រូវចុះបង្ក្រាបនៅខេត្តចំនួន២ គឺបន្ទាយមានជ័យ និងឧត្តរមានជ័យ។

ក្រុមការងារនីមួយៗ មានភារកិច្ចស្នូល រួមមាន ១. ចុះពិនិត្យទីតាំងសង្ស័យ និងទីតាំងដែលធ្លាប់បានបង្ក្រាប ឬត្រូវបានបិទនាពេលកន្លងមក ដើម្បីការពារកុំឱ្យមានការលួចបើកដំណើរការឡើងវិញ, ២. ត្រួតពិនិត្យលើការកាត់ផ្តាច់ប្រព័ន្ធអ៊ីនធឺណិត អគ្គិសនី និងសិក្សាការបំពាក់កាមេរ៉ាសុវត្ថិភាពដើម្បីតាមដាន, ៣. តម្រូវឱ្យម្ចាស់កាស៊ីណូ ធ្វើកិច្ចសន្យាហាមដាច់ខាតការផ្ដល់ទីតាំងសម្រាប់បម្រើឱ្យការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា, ៤. ត្រូវធ្វើការជិតស្និទ្ធជាមួយព្រះរាជអាជ្ញា និងអាជ្ញាធរដែនដី ហើយមានសិទ្ធិប្រើប្រាស់កម្លាំងពីតាមក្រសួង-ស្ថាប័នពាក់ព័ន្ធ។

គួរជម្រាបថា ចាប់តាំងពីខែកក្កដា ឆ្នាំ២០២៥ ដល់ពាក់កណ្តាលខែមេសា ឆ្នាំ២០២៦នេះ ពោលគឺក្នុងរយៈពេលជាង៩ខែចុងក្រោយនេះ អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ក្នុងរាជធានី-ខេត្ត បានបំពេញបេសកកម្មបង្ក្រាបអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានជាង២៥០ករណី និងបានកសាងសំណុំរឿង បញ្ជូនទៅតុលាការចំនួន១១២ករណី។ ដោយឡែក បើគិតចាប់ពីដើមឆ្នាំ២០២៥ ដល់ខែមេសា ឆ្នាំ២០២៦ សមត្ថកិច្ចកម្ពុជា បានបណ្ដេញជនបរទេសពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាសរុបចំនួន១ម៉ឺននាក់ មាន៣៣សញ្ជាតិ។ បើគិតរយៈពេលជាង៣ខែ គឺចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ២០២៦នេះ មានជនបរទេសពាក់ព័ន្ធនឹងអំពើឆបោកអនឡាញនេះ ដល់ទៅជាង២៤ម៉ឺននាក់ឯណោះ ដែលស្ម័គ្រចិត្តចាកចេញពីប្រទេសកម្ពុជា៕








