
កំពង់ចាម៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រមុខរដ្ឋស្តីទី បានក្រើនរំឭកដល់មន្ត្រីរាជការទាំងអស់ ជាពិសេសក្រុមប្រឹក្សាឃុំ-សង្កាត់ ត្រូវបន្តយកចិត្តទុកដាក់បំពេញតួនាទីបម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ ហើយត្រូវចៀសវាងកុំបង្កបញ្ហានានាដែលនាំឱ្យមានការថ្នាំងថ្នាក់ដល់ទឹកចិត្តប្រជាជន។ ការណែនាំនេះ ធ្វើឡើងក្នុងឱកាសដែលសម្តេចចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពផ្សេងៗទៀត ក្នុងខេត្តកំពង់ចាម នៅព្រឹកថ្ងៃសៅរ៍ ទី២៥ ខែមេសា ឆ្នាំ២០២៦។

សម្តេចប្រមុខរដ្ឋស្តីទី ក្រើនរំឭកទៀតថា មន្រ្តីទាំងអស់ ត្រូវបន្តរក្សាស្ថិរភាពជាតិ និងសន្តិសុខសណ្ដាប់ធ្នាប់សង្គម ដោយអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព រួមមាន ការបង្ក្រាបបទល្មើសចោរឆក់-ចោរប្លន់ ការជួញដូរគ្រឿងញៀន ជាពិសេសបង្ក្រាបឱ្យបាននូវអំពើឆបោកតាមអនឡាញ (Scam Online)។ សម្តេច ក៏បានជំរុញអាជ្ញាធរមូលដ្ឋានទាំងអស់ ឱ្យទប់ស្កាត់ការបំភ្លេចបំផ្លាញធនធានធម្មជាតិផងដែរ។

ជាមួយគ្នា សម្ដេចតេជោ ប្រាប់ឱ្យអាជ្ញាធរយកចិត្តទុកដាក់ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋឱ្យបានរហ័ស និងមានប្រសិទ្ធភាព ជាពិសេសការដោះស្រាយក្រៅប្រព័ន្ធតុលាការ ដោយមិនត្រូវលម្អៀងទៅខាងភាគីណាឡើយ គឺត្រូវឈរនៅកណ្ដាលជានិច្ច។ បន្ថែមពីនេះ សម្ដេច បានដាស់តឿនមន្រ្តីទាំងអស់ ត្រូវចៀសវាងភាពអសកម្ម ឬការគាបសង្កត់ណាមួយ។ សម្តេច ថែមទាំងរម្លឹកពាក្យពីមុនឡើងវិញថា មន្ត្រីមិនមែនជាចៅហ្វាយរបស់ប្រជាជននោះទេ គឺជាអ្នកបម្រើដ៏ស្មោះត្រង់របស់ប្រជាជន ហើយត្រូវចៀសវាងការធ្វើចរិតបែបនេះ គឺប្ដីស័ក្តិ៣ ប្រពន្ធស័ក្តិ៤ កូនស័ក្តិ៥៕










