
ក្រុងខេមរភូមិន្ទ៖ មន្រ្តីជំនាញនៃក្រសួងបរិស្ថាន កាលពីពេលថ្មីៗនេះ បានចុះត្រួតពិនិត្យ និងរកឃើញមានកាន់កាប់ដីខុសច្បាប់ យកធ្វើរោងលំហែដល់ទៅ១០០កន្លែង នៅចំណុចជ្រោះដំណាក់ក្បូននៃឧទ្យានជាតិជួរភ្នំក្រវាញ ស្ថិតក្នុងភូមិកោះប៉ោ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

តាមរយៈការផ្សាយលើទំព័រហ្វេសប៊ុករបស់ខ្លួន ក្រសួងបរិស្ថាន អះអាងថា ការចុះត្រួតពិនិត្យនេះ មានកិច្ចសហការពីរដ្ឋបាលខេត្តកោះកុង ស្រុកមណ្ឌលសីមា អាជ្ញាធរមូលដ្ឋាន កម្លាំងប្រដាប់អាវុធ និងតំណាងអង្គការដៃគូ។ ក្រុមការងារ រកឃើញមានការចូលទន្ទ្រានកាន់កាប់ដី និងសាងសង់សំណង់អនាធិបតេយ្យដោយខុសច្បាប់ក្នុងតំបន់ការពារធម្មជាតិ មានដូចជា ខ្ទម, តូបលក់ដូរ, រោងលំហែ, និងបន្ទប់ទឹក សរុបប្រមាណ១០០កន្លែង។

ក្រសួង បញ្ជាក់ថា៖«ការចូលទន្ទ្រានកាន់កាប់ដីដោយខុសច្បាប់ក្នុងតំបន់ការពារធម្មជាតិនេះ ជាអំពើល្មើសនឹងមាត្រា៨៥១ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ»។ ក្រសួងបរិស្ថាន បានសហការជាមួយរដ្ឋបាលខេត្តកោះកុង ចុះបង្ហាញពីទិដ្ឋភាពច្បាប់ និងទោសទណ្ឌទាក់ទងទៅនឹងការកាប់គាស់ រុករានដីព្រៃ ដើម្បីយកដីធ្វើជាកម្មសិទ្ធិ ក្នុងតំបន់ការពាររធម្មជាតិ ដល់ប្រជាពលរដ្ឋដែលចូលមកកាន់កាប់ដីខុសច្បាប់ ហើយតម្រូវឱ្យពួកគាត់រុះរើ និងចាកចេញជាបន្ទាន់ពីចំណុចជ្រោះដំណាក់ក្បូននៃឧទ្យានជាតិជួរភ្នំក្រវាញ។ ក្រសួងព្រមានអនុវត្តច្បាប់ បើបុគ្គលណាមិនព្រមរុះរើសំណង់ទាំងនោះ៕




