
រដ្ឋធានីម៉ានីល៖ កងទ័ពសហរដ្ឋអាម៉េរិក និងហ្វីលីពីនរាប់ពាន់នាក់ រួមជាមួយកងកម្លាំងជប៉ុន និងប្រទេសជាច្រើនទៀត បានចាប់ផ្ដើមលំហាត់សឹកយោធាប្រចាំឆ្នាំកាលពីថ្ងៃចន្ទទី២០ ខែមេសា។ ព្រឹត្តិការណ៍នេះ ត្រូវបានធ្វើឡើងចំពេលពិភពលោកកំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើសង្រ្គាមនៅមជ្ឈិមបូព៌ា...។

លំហាត់សឹកនៅប្រទេសហ្វីលីពីននេះ មានឈ្មោះថា «Balikatan ឬមានន័យថា ស្មាទល់ស្មា»។ វាមានការចូលរួមពីសំណាក់កងទ័ពជើងគោក កងទ័ពជើងទឹក និងកងទ័ពជើងអាកាសសរុបជាង១៧០០០នាក់។ ក្នុងនោះ មានកងទ័ពសហរដ្ឋអាម៉េរិកប្រមាណ១០០០០នាក់ និងមានការចូលរួមពីបណ្ដាប្រទេសជាមិត្តផ្សេងទៀតដូចជា៖ ជប៉ុន អូស្ត្រាលី នូវែលសេឡង់ បារាំង និងកាណាដា។

លំហាត់សឹកនេះ នឹងរួមបញ្ចូលការបាញ់គ្រាប់ពិតនៅភាគខាងជើងនៃប្រទេសហ្វីលីពីន បែរមុខទៅរកច្រកសមុទ្ទតៃវ៉ាន់ និងនៅតំបន់សមុទ្ទចិនខាងត្បូង ដែលកំពុងមានជម្លោះជាមួយប្រទេសចិនស្រាប់។ កងទ័ពជប៉ុន នឹងប្រើប្រាស់មីស៊ីលតម្រង់ទិសប្រភេទ៨៨។ លើសពីនេះ ប្រព័ន្ធមីស៊ីលថាយផុន(Typhon) របស់សហរដ្ឋអាម៉េរិក ក៏ត្រូវបានគេរំពឹងថា នឹងយកទៅប្រើប្រាស់ក្នុងលំហាត់សឹកនេះផងដែរ។ ការហ្វឹកហ្វឺននេះ ផ្តោតលើការការពារដែនអាកាស ការពារមីស៊ីល និងសន្តិសុខផ្លូវទឹក ដើម្បីបង្កើនសមត្ថភាពឆ្លើយតបរួមគ្នា រវាងបណ្តាប្រទេសជាដៃគូ។

ទោះជាប់ដៃប្រយុទ្ធនៅមជ្ឈិមបូព៌ាក៏ដោយ ប៉ុន្តែមេទ័ពសហរដ្ឋអាម៉េរិក បានសង្កត់ធ្ងន់ថា៖«ការផ្ដោតអារម្មណ៍របស់សហរដ្ឋអាម៉េរិក លើតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងការប្ដេជ្ញាចិត្តចំពោះហ្វីលីពីន នៅតែរឹងមាំមិនផ្លាស់ប្ដូរ»។ សមយុទ្ធនេះ ក៏ត្រូវបានគេមើលឃើញថា ជាការផ្ញើសារទៅកាន់ប្រទេសចិនផងដែរ។ គួរបញ្ជាក់ថា លោកប្រធានាធិបតីហ្វីលីពីន ហ្វើឌីណាន់ ម៉ាកូស (Ferdinand Marcos) បានបន្តពង្រឹងចំណងមិត្តភាពយោធាជាមួយបស្ចិមប្រទេស ដើម្បីទប់ទល់នឹងឥទ្ធិពលរបស់ចិន នៅក្នុងតំបន់សមុទ្ទដែលមានដំបៅស្រាប់៕



