ចូលឆ្នាំនៅមីយ៉ាន់ម៉ា៖ លោក មីន អ៊ោងឡាំង ទើបឡើងអង្គុយកៅអីប្រធានាធិបតី បង្ហាញចិត្តធម៌ដោះលែងអ្នកទោសជាង៤០០០នាក់
N
Nary Vann
17 មេសា 2026 05:00 AM

រដ្ឋធានីណៃពិដោ៖ ប្រធានាធិបតីថ្មីរបស់ប្រទេសមីយ៉ាន់ម៉ា លោក មីន អ៊ោងឡាំង (Min Aung Hlaing) បានអនុម័តដោះលែងអ្នកទោសដល់ទៅ៤៣៣៥នាក់ នៅថ្ងៃទី១៧ ខែមេសានេះ ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ នេះ គឺជាការសម្រេចដោះលែងអ្នកទោសលើកទី៣ហើយ ក្នុងរយៈពេល៦ខែចុងក្រោយនេះ។

យោងតាមការចុះផ្សាយរបស់ទូរទស្សន៍រដ្ឋ MRTV ក្នុងចំណោមអ្នកទោសដែលត្រូវដោះលែង រួមមាន ជនបរទេសចំនួន១៧៩នាក់ នឹងត្រូវបញ្ជូនចេញពីមីយ៉ាន់ម៉ា ទៅកាន់ប្រទេសកំណើតវិញ។ ក្រៅពីការដោះលែង ក៏មានការបន្ធូរបន្ថយទោសផងដែរ រួមមាន៖ ការប្តូរទោសប្រហារជីវិត មកជាទោសជាប់ពន្ធនាគារអស់មួយជីវិត, ទោសអស់មួយជីវិត មកត្រឹមជាប់ពន្ធនាគារ៤០ឆ្នាំ ខណៈអ្នកទោសដទៃទៀត ត្រូវបានកាត់បន្ថយទោសចំនួន១ភាគ៦ នៃទោសសរុប។

ទោះជាយ៉ាងណាក៏ដោយ របាយការណ៍មិនបានបញ្ជាក់ថា តើមានអ្នកទោសនយោបាយត្រូវបានដោះលែងដែរឬទេ? យោងតាមសមាគមជំនួយអ្នកទោសនយោបាយ មនុស្សជាង៣ម៉ឺននាក់ត្រូវបានឃុំខ្លួន ចាប់តាំងពីរដ្ឋប្រហារឆ្នាំ២០២១មក ដោយក្នុងនោះ រួមទាំង លោកស្រី អ៊ុងសាន ស៊ូជី (Aung San Suu Kyi) មេដឹកនាំដែលត្រូវទម្លាក់ពីអំណាច និងអតីតប្រធានាធិបតី លោក វីន ម្យីន (Win Myint) ផងដែរ។

លោក មីន អ៊ោងឡាំង ជាមេដឹកនាំរដ្ឋប្រហារ ដែលទើបតែត្រូវបានសភាជ្រើសរើសជាប្រធានាធិបតី កាលពីថ្ងៃទី៣ ខែមេសា កន្លងទៅ បានបញ្ជាក់ក្នុងពិធីស្បថចូលកាន់តំណែងថា កិច្ចការអាទិភាពរបស់លោក គឺស្វែងរកសន្តិភាព ស្ថិរភាព និងការបង្រួបបង្រួមជាតិ ខណៈប្រទេសមីយ៉ាន់ម៉ានៅតែបន្តធ្លាក់ក្នុងសង្គ្រាមស៊ីវិល ដែលបានធ្វើឱ្យប្រជាជនជាង៣,៥លាននាក់ត្រូវភៀសខ្លួនចេញពីផ្ទះសម្បែង៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត