
ហ្សេរុយសាឡិម៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក ប៊េនចាមីន នេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានប្រកាសយ៉ាងដាច់អហង្ការ នៅថ្ងៃទី៩ ខែមេសាថា អ៊ីស្រាអែលនឹងបន្តវាយប្រហារលើក្រុមហេសបូឡាដែលមានអ៊ីរ៉ង់នៅពីក្រោយខ្នងនៅគ្រប់ទីកន្លែង។

ការថ្លែងបែបនេះ ធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីកងទ័ពអ៊ីស្រាអែលបានបើកការវាយប្រហារយ៉ាងសាហាវឃោរឃៅលើប្រទេសលីបង់ ដែលបណ្ដាលឱ្យមានមនុស្សស្លាប់ និងរបួសរាប់ពាន់នាក់។ តាមរយៈគណនី X ផ្ទាល់ខ្លួន លោក នេតាន់យ៉ាហ៊ូ បានបញ្ជាក់ថា៖«យើងកំពុងបន្តវាយប្រហារលើក្រុមហេសបូឡា ដោយកម្លាំង ភាពជាក់លាក់ និងការប្តេជ្ញាចិត្តខ្ពស់បំផុត។ សាររបស់យើងគឺច្បាស់ណាស់ អ្នកណាដែលធ្វើសកម្មភាពប្រឆាំងនឹងជនស៊ីវិលអ៊ីស្រាអែល យើងនឹងវាយកម្ទេចអ្នកនោះ»។ លោកបានសង្កត់ធ្ងន់ថា ប្រតិបត្តិការយោធានឹងមិនបញ្ឈប់ឡើយ រហូតទាល់តែសន្តិសុខនៅភាគខាងជើងអ៊ីស្រាអែលត្រូវបានស្តារឡើងវិញទាំងស្រុង។ ស្របពេលជាមួយគ្នានេះ កងទ័ពអ៊ីស្រាអែលបានបន្តប្រតិបត្តិការជើងគោកនៅភាគខាងត្បូងលីបង់ ដោយបានកម្ទេចទីតាំងសំខាន់ៗ រួមមានស្ពានឆ្លងកាត់ទន្លេ Litani (លីតានី) ឃ្លាំងអាវុធ និងមជ្ឈមណ្ឌលបញ្ជាការដ្ឋានរបស់ក្រុមហេសបូឡាជាច្រើនកន្លែង។

រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក អ៊ីស្រាអែល ខាតស៍ (Israel Katz) បានអះអាងថា ត្រឹមតែមួយថ្ងៃ មនុស្សដែលលោកហៅថាជាភេរវករជាង២០០នាក់ ត្រូវបានកម្ទេច ហើយលោកជឿថា ក្រុមហេសប៊ូឡាកំពុងតែអង្វរសុំបទឈប់បាញ់ ដោយសារតែខ្លាចអ៊ីស្រាអែលកម្ទេចឱ្យរលាយខ្សុល។ ផ្ទុយទៅវិញ រដ្ឋាភិបាលលីបង់បានប្រកាសយកថ្ងៃទី៩ ខែមេសា ជាថ្ងៃកាន់ទុក្ខជាតិ ដើម្បីឧទ្ទិសដល់ជនស៊ីវិលស្លូតត្រង់ដែលបានបាត់បង់ជីវិតក្នុងការវាយប្រហារនេះ ខណៈក្រសួងសុខាភិបាលលីបង់បានបញ្ជាក់ថា ការវាយប្រហារកាលពីថ្ងៃពុធ បានសម្លាប់មនុស្សជាង២០០នាក់ និងរបួសជាង១០០០នាក់។

ស្ថានភាពកាន់តែស្មុគស្មាញ នៅពេលដែលក្រុមហេសបូឡាបានបាញ់រ៉ុក្កែតតបតវិញឆ្ពោះទៅភាគខាងជើងអ៊ីស្រាអែល ដោយចោទប្រកាន់ថា អ៊ីស្រាអែលបានបំពានលើបទឈប់បាញ់ដែលទើបតែសម្រេចបានរវាងអាម៉េរិក និងអ៊ីរ៉ង់។ ទោះបីជាមហាអំណាចអាម៉េរិក និងអ៊ីរ៉ង់ បានយល់ព្រមឈប់បាញ់រយៈពេល២សប្តាហ៍ដើម្បីចរចាសន្តិភាពក៏ដោយ ប៉ុន្តែសកម្មភាពយោធារបស់អ៊ីស្រាអែលនៅលីបង់ កំពុងក្លាយជាបន្លាដែលរារាំងដល់កិច្ចព្រមព្រៀងនេះ និងធ្វើឱ្យពិភពលោកបារម្ភថា ភ្លើងសង្គ្រាមមជ្ឈិមបូព៌ានឹងមិនងាយរលត់ទៅវិញដោយងាយៗនោះឡើយ៕




