
រដ្ឋធានីវ៉ាស៊ីនតោន៖ បទឈប់បាញ់រយៈពេល១០ថ្ងៃរវាងប្រទេសលីបង់ និងអ៊ីស្រាអែល បានចូលជាធរមានជាផ្លូវការ កាលពីថ្ងៃទីទី១៦ ខែមេសា ដែលនាំមកនូវក្ដីសង្ឃឹមយ៉ាងខ្លាំងថា សង្រ្គាមដ៏កាចសាហាវនៅមជ្ឈិមបូព៌ាអាចនឹងឈានដល់ទីបញ្ចប់ក្នុងពេលឆាប់ៗខាងមុខ។

សំឡេងកាំភ្លើងអបអរសាទរបានបន្លឺឡើងពាសពេញរដ្ឋធានីបេរូត ខណៈប្រជាជនបានចេញមកអបអរការផ្អាកការវាយប្រហារ បន្ទាប់ពីឆ្លងកាត់ការភ័យខ្លាចអស់រយៈពេលជាច្រើនសប្តាហ៍។ ទោះជាយ៉ាងណាក៏ដោយ បរិយាកាសសន្តិភាពនេះនៅមានភាពផុយស្រួយនៅឡើយ ដោយសារមានរបាយការណ៍អំពីការរំលោភបំពានបទឈប់បាញ់នៅតាមភូមិភាគខាងត្បូង ដែលធ្វើឱ្យភាគីពាក់ព័ន្ធត្រូវតាមដានយ៉ាងយកចិត្តទុកដាក់បំផុត។

ស្របពេលជាមួយគ្នានេះ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានផ្ដល់សញ្ញាវិជ្ជមានកាន់តែខ្លាំងអំពីលទ្ធភាពនៃកិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ីរ៉ង់ ដោយលោកបានបញ្ជាក់ថា កិច្ចប្រជុំបន្ទាប់អាចនឹងប្រព្រឹត្តទៅនៅចុងសប្តាហ៍នេះ។ លោក ត្រាំ បានបង្ហើបឱ្យដឹងថា រដ្ឋធានីតេហេរ៉ង់បានបង្ហាញឆន្ទៈក្នុងការបោះបង់មហិច្ឆតាកាន់កាប់អាវុធនុយក្លេអ៊ែរក្នុងរយៈពេលជាង២០ឆ្នាំខាងមុខ ដែលនេះគឺជារបត់ដ៏សំខាន់ក្នុងការដោះស្រាយវិវាទដ៏រ៉ាំរ៉ៃ។ លោកប្រធានាធិបតីបានសង្កត់ធ្ងន់ថា ភាគីទាំងពីរជិតនឹងសម្រេចបានកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រមួយ ដែលនឹងអនុញ្ញាតឱ្យអ៊ីរ៉ង់ចាប់ផ្ដើមកសាងប្រទេសឡើងវិញ និងបញ្ឈប់សោកនាដកម្មឈាមស្រក់ក្នុងតំបន់។

ជោគជ័យនៃបទឈប់បាញ់នៅលីបង់ និងការឈានទៅរកកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ នឹងក្លាយជាសមិទ្ធផលយុទ្ធសាស្ត្រដ៏ធំធេងសម្រាប់រដ្ឋបាលលោក ត្រាំ ក្នុងការដោះស្រាយវិបត្តិសេដ្ឋកិច្ច និងថាមពលពិភពលោក។ ការបញ្ចប់សង្រ្គាមមិនត្រឹមតែជួយឱ្យតម្លៃប្រេងសកលធ្លាក់ចុះមកវិញប៉ុណ្ណោះទេ ប៉ុន្តែវាក៏នឹងបើកផ្លូវឱ្យមានការបើកច្រកសមុទ្ទហ័រមូស្សឡើងវិញសម្រាប់ការដឹកជញ្ជូនអន្តរជាតិ។ នៅចំពោះមុខសញ្ញាសន្តិភាពដ៏កម្រនេះ លោក ត្រាំ ក៏បានអំពាវនាវឱ្យក្រុមហេសបូឡា (Hezbollah) និងភាគីពាក់ព័ន្ធទាំងអស់រក្សាការអត់ធ្មត់ និងគោរពបទឈប់បាញ់ឱ្យបានម៉ឺងម៉ាត់ ដើម្បីប្រែក្លាយឱកាសនេះទៅជាសន្តិភាពយូរអង្វែងសម្រាប់មនុស្សជាតិ៕




