ទោះថៃសម្រេចដកខ្លួនចេញជាឯកតោភាគីក៏ដោយ តែកម្ពុជានៅតែគោរព MoU-2001 ដដែល
L
Linda Sorn
9 ម៉ោងមុន

រាជធានីភ្នំពេញ៖ បន្ទាប់ពីភាគីថៃ បានប្រកាសលុបចោលអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១ (ឬ MoU 44) ជាឯកតោភាគី កម្ពុជា តាមរយៈក្រសួងការបរទេស បង្ហាញជំហរជាថ្មីម្ដងទៀត នៅតែគោរពស្មារតី MoU-2001 នេះ ដដែល។

លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស
លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស

ក្នុងសេចក្តីប្រកាសព័ត៌មាន ចុះកាលបរិច្ឆេទនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ក្រសួងការបរទេសកម្ពុជា បានបង្ហាញការសោកស្ដាយ ដែលថៃប្រកាសលុបចោល MoU-2001 រវាងកម្ពុជា-ថៃ ខណៈ MoU នេះ បានឆ្លុះបញ្ចាំងពីឆន្ទៈពិតប្រាកដ និងផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរ ក្នុងការរៀបចំក្របខ័ណ្ឌមួយ ដែលភាគីទាំងពីរ អាចទទួលយកបាន សម្រាប់ការទាញយកផលប្រយោជន៍រួមពីធនធាននៅក្នុងតំបន់ដែនសមុទ្ទត្រួតគ្នា (OCA) ហើយក្នុងពេលដំណាលគ្នានោះ ក៏ជំរុញការកំណត់ព្រំដែនសមុទ្ទស្របតាមច្បាប់អន្តរជាតិផងដែរ។ មួយវិញទៀត MoU នេះ ក៏តំណាងឱ្យសុឆន្ទៈរបស់ប្រទេសទាំងពីរ ក្នុងកិច្ចខិតខំប្រឹងប្រែងកំណត់ព្រំដែនសមុទ្ទមួយ ប្រកបដោយមិត្តភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាព។

ក្រសួង ចាត់ទុកការដកខ្លួនដោយឯកតោភាគីរបស់ប្រទេសថៃ ចេញពី MoU-2001 គឺជាជំហានមួយងាកចេញពីស្មារតីសហប្រតិបត្តិការ ដែលជាមូលដ្ឋានគ្រឹះនៃការចុះហត្ថលេខាលើឯកសារនេះ។ ក្រសួងសង្កត់ធ្ងន់ថា៖«កម្ពុជា នៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំ និងឥតងាករេចំពោះខ្លឹមសារ និងស្មារតីនៃអនុស្សរណៈនេះ ព្រមទាំងសុច្ឆន្ទៈ និងភាពស្មោះត្រង់ ដែលបាននាំឱ្យអនុស្សរណៈនៃការយោគយល់គ្នានេះ សម្រេចបានកាលពីឆ្នាំ២០០១»។ គួរជម្រាបថា រាជរដ្ឋាភិបាលថៃបានប្រកាសពីការលុបចោល MoU-2001 កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ តាមអំពើចិត្ត ដោយគ្មានសួរកម្ពុជាមួយម៉ាត់។ ភាគីថៃ ក៏បានប្រកាសថា នឹងយកបញ្ហានេះដាក់ជូនគណៈរដ្ឋមន្ត្រីដើម្បីសុំការអនុម័តចុងក្រោយ ខណៈប្រទេសមួយនេះ កំពុងផ្លាស់ប្ដូរវិធីសាស្ដ្រ ងាកទៅប្រើក្របខ័ណ្ឌនៃអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្ទ (ឬ UNCLOS) ជំនួសវិញ សម្រាប់ការចរចានៅពេលអនាគត៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត