
ខេត្តបន្ទាយមានជ័យ៖ អាជ្ញាធរកម្ពុជា បើកប្រតិបត្តិការចុះបង្រ្កាបអគារលួចប្រព្រឹត្តបទល្មើសឆបោកអនឡាញចំនួន២ទីតាំងធំៗ ស្ថិតនៅសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយឃាត់ខ្លួនជនបរទេសប្រុសស្រីជាង៤០០នាក់...។

អគ្គស្នងការដ្ឋាននគរបាលជាតិ បង្ហាញរបាយការណ៍លម្អិតអំពីករណីនេះ នៅយប់ថ្ងៃទី២៤ ខែមេសាថា ក្នុងប្រតិបត្តិការកាលពីថ្ងៃទី២២ ខែមេសា ក្រុមការងារចម្រុះ បានចុះត្រួតពិនិត្យទីតាំងចំនួន២ រកឃើញជនសង្ស័យសរុប៤០២នាក់ (ស្រី៣៦នាក់) មាន១០សញ្ជាតិ រួមមាន៖ ចិន វៀតណាម បង់ក្លាដេស ប៉ាគីស្ថាន តាហ្ស៊ីគីស្ថាន ឥណ្ឌូណេស៊ី មីយ៉ាន់ម៉ា ឥណ្ឌា នេប៉ាល់ និងហ្សកហ្សី។ ក្នុងចំណោមអ្នកដែលត្រូវឃាត់ខ្លួននោះ មានម្ចាស់ទីតាំងជាជនជាតិចិនចំនួន១៤នាក់ និងម្ចាស់ទីតាំងជាជនជាតិខ្មែរចំនួន៣នាក់។

ចំពោះវត្ថុតាងដកហូត រួមមាន៖ កុំព្យូទ័រជាង៦០០គ្រឿង, ទូរសព្ទដៃជាង២០០០គ្រឿង, រថយន្ត៧គ្រឿង, អាវុធខ្លី និងគ្រាប់កាភ្លើងចំនួន១០គ្រាប់, ទូរដែក៦ មានទឹកប្រាក់ជាង៩ពាន់ដុល្លារអាម៉េរិក, លុយបាតថៃ និងលុយរៀលខ្មែរមួយចំនួន រួមទាំងឯកសារផ្សេងៗ។ ក្រោយត្រួតពិនិត្យ សមត្ថកិច្ចជំនាញរកឃើញថា ជនបរទេសក្នុងទីតាំងអគារទាំងនេះ បានប្រព្រឹត្តអំពើឆបោកតាមអនឡាញ ក្នុងរូបភាពជាការអូសទាញឱ្យវិនិយោគរូបបិយបណ្ណ និងការទិញលក់ភាគហ៊ុន ដោយផ្សព្វផ្សាយតាមបណ្តាញសង្គមហ្វេសប៊ុក និង អ៊ីនស្តាក្រាម មានឈ្មោះ Textnow។

ក្នុងពេលជាមួយគ្នា អាជ្ញាធរកម្ពុជា ក៏រកឃើញថា ក្រុមនេះ បានឆបោកប្រាក់តាមប្រព័ន្ធ CRYPTO Currency ក្នុងរូបភាពលួងលោមបោកប្រាស់ក្នុងទម្រង់ជាស្នេហា ដើម្បីឱ្យជនរងគ្រោះដាក់ប្រាក់វិនិយោគក្លែងក្លាយ។ ការប្រព្រឹត្តអំពើឆបោកនេះ មានទិសដៅទៅកាន់សហរដ្ឋអាម៉េរិក និងប៉ែកខាងអឺរ៉ុប តាមបណ្តាញទំនាក់ទំនង Telegram និង Whatapps។ ជនសង្ស័យជាម្ចាស់ទីតាំងទាំង១៧នាក់ និងវត្ថុតាង ត្រូវកម្លាំងសមត្ថកិច្ច បញ្ជូនទៅកាន់នាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម។ ចំណែកជនបរទេស៣៨៥នាក់ ត្រូវបញ្ជូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍។ រីឯទីតាំងអគារត្រូវបិទជាបណ្តោះអាសន្ន ដើម្បីបន្តនីតិវិធី៕







