
រាជធានីបាងកក៖ យន្តហោះចម្បាំងប្រភេទ T-50TH មួយគ្រឿងរបស់កងទ័ពអាកាសថៃ ដែលធ្លាប់ប្រើមកទម្លាក់គ្រាប់បែកសម្លាប់ជនស៊ីវិលក្នុងសង្គ្រាមឈ្លានពានកម្ពុជា បានរអិលធ្លាក់ចេញពីលើផ្លូវរត់ កំលុងពេលចុះចតនៅមូលដ្ឋានទ័ពអាកាស Wing 1 នៅទីប្រជុំជន ខេត្តនគររាជសីមា...។

យោងតាមរបាយការណ៍បឋម ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ នៅមូលដ្ឋានទ័ពអាកាស Wing 1 ខេត្តនគររាជសីមា។ យន្តហោះនេះប្រភេទ T-50TH គឺជាយន្តហោះហ្វឹកហ្វឺនកម្រិតខ្ពស់ និងជាយន្តហោះវាយប្រហារធុនស្រាល អាចហោះហើរបានក្នុងល្បឿនលឿនជាងសំឡេង រហូតដល់ទៅដល់ ១,៥ដង។ អាជ្ញាធរបានបញ្ជាក់ថា អ្នកបើកបរយន្តហោះបានចាកចេញពីយន្តហោះដោយសុវត្ថិភាព បន្ទាប់ពីកើតហេតុ។ ចំណែកឯតួគ្រោងយន្តហោះវិញ គឺរងការខូចខាតយ៉ាងដំណំ។ បច្ចុប្បន្ន មន្ត្រីជំនាញកំពុងធ្វើការស៊ើបអង្កេតរកមូលហេតុ ដែលនាំឱ្យយន្តហោះបើកធ្លាក់ផ្លូវរត់ ហើយនឹងមានការត្រួតពិនិត្យបន្ថែមទៀត ដើម្បីបង្ការកុំឱ្យមានហេតុការណ៍ស្រដៀងគ្នានេះ កើតឡើងទៅថ្ងៃអនាគត។

ហេតុការណ៍នេះ បានរំឭកឱ្យឃើញថា ថៃធ្លាប់បានប្រើប្រាស់បក្សីចម្បាំង T-50TH ដែលផលិតដោយប្រទេសកូរ៉េខាងត្បូងនេះ ហោះចូលមកឈ្លានពានជ្រៅក្នុងដែនអធិបតេយ្យភាពកម្ពុជា និងបានទម្លាក់គ្រាប់បែកឥតសំចៃដៃលើមូលដ្ឋានទ័ព និងទីតាំងជនស៊ីវិលកម្ពុជារស់នៅ។ នេះបង្ហាញច្បាស់ជាក់នឹងភ្នែកថា យោធាឈ្លានពានថៃប្រើយន្តហោះចម្បាំងទំនើបៗ ដែលបញ្ជាទិញពីបរទេសមកប្រព្រឹត្តិឧក្រិដ្ឋកម្មសង្គ្រាម និងអមនុស្សធម៌ធ្ងន់ធ្ងរបំផុត មកលើពលរដ្ឋស្លូតត្រង់កម្ពុជា...៕




