គ្រោះធម្មជាតិផ្ទួនៗ! ថៃប្រកាសអាសន្នព្យុះរដូវក្ដៅ វាយលុកលើខេត្ត៥៦ រួមទាំងរាជធានីបាងកក
N
Nary Vann
12 ម៉ោងមុន

រាជធានីបាងកក៖ នាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយ (DDPM) នៃប្រទេសថៃ បានចេញសេចក្តីប្រកាសអាសន្នដល់ខេត្តចំនួន៥៦ នៅតំបន់ភាគខាងជើង ភាគឦសាន តំបន់មជ្ឈិម និងរាជធានីបាងកក ឱ្យត្រៀមលក្ខណៈទប់ទល់នឹងព្យុះរដូវក្ដៅ ដែលនឹងនាំមកនូវភ្លៀងផ្គររន្ទះ ខ្យល់កន្ត្រាក់ និងការធ្លាក់ដុំទឹកកក ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែមេសា...។

នាយកដ្ឋាននេះបញ្ជាក់ថា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវបានណែនាំឱ្យតាមដានស្ថានភាពអាកាសធាតុយ៉ាងដិតដល់ និងត្រៀមគ្រឿងចក្រព្រមទាំងក្រុមសង្គ្រោះ ដើម្បីចេញអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។ ទន្ទឹមនឹងការគំរាមកំហែងពីខ្យល់ព្យុះ ប្រជាជនថៃ ក៏កំពុងប្រឈមមុខនឹងគ្រោះថ្នាក់ទ្វេដង ដោយសារកម្ដៅក្ដៅខ្លាំង និងវិបត្តិធូលីពុល PM2.5 ដែលកំពុងស្ថិតក្នុងកម្រិតប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព ជាពិសេស នៅតំបន់ភាគខាងជើងដូចជា ម៉ៃហុងសុន ឈៀងម៉ៃ និងឈៀងរ៉ាយ។ លើសពីនេះ អាជ្ញាធរ ក៏បានព្រមានពីបាតុភូតទឹកជោរខ្ពស់នៅតាមមាត់ទន្លេ និងតំបន់ឆ្នេរសមុទ្ទ រួមទាំងរាជធា​នីបាងកកផងដែរ។

អាជ្ញាធរបានអំពាវនាវដល់សាធារណជនឱ្យជៀសវាងការស្នាក់នៅ ទីវាល ក្រោមដើមឈើធំៗ ឬនៅក្បែរផ្ទាំងបដាពាណិជ្ជកម្មដែលមិនរឹងមាំ ដើម្បីបង្ការគ្រោះថ្នាក់ពីការបាក់រលំ ឬរន្ទះបាញ់។ ចំណែក កសិករ ត្រូវបានណែនាំឱ្យរកវិធីការពារដំណាំកសិកម្មពីការបំផ្លិចបំផ្លាញនៃខ្យល់កន្ត្រាក់ និងដុំទឹកកក។ នេះគឺជាសប្តាហ៍ដ៏ខ្មៅងងឹតសម្រាប់ប្រទេសថៃ ដែលត្រូវតស៊ូទាំងជាមួយមេឃដែលកំពុងបោកបក់ កម្ដៅកំពុងឆេះខ្លោច និងខ្យល់អាកាស ដែលពោរពេញដោយជាតិពុលក្នុងពេលតែមួយ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត