
រដ្ឋធានីណៃពិដោ៖ មេដឹកនាំរបបសឹកមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង (Min Aung Hlaing) រៀបចំការបោះឆ្នោតនៅក្នុងសភា នៅថ្ងៃសុក្រទី៣ ខែមេសានេះ ដើម្បីឈោងចាប់តំណែងប្រធានាធិបតី ខណៈមេដឹកនាំរដ្ឋប្រហារឆ្នាំ២០២១រូបនេះ កំពុងព្យាយាមធ្វើឱ្យអំណាចនយោបាយរបស់ខ្លួនមានលក្ខណៈស្របច្បាប់ និងផ្លូវការ។

ការរំពឹងទុកនៃការផ្លាស់ប្ដូរតំណែងពីអគ្គមេបញ្ជាការយោធា ឬមេទ័ពកំពូល មកជាប្រធានាធិបតី ជាតំណែងខ្ពស់បំផុតនេះ បានកើតឡើងបន្ទាប់ពីការបោះឆ្នោតនាពេលថ្មីៗនេះ ដោយគណបក្សរបស់លោកបានឈ្នះយ៉ាងលើសលប់។ យ៉ាងណា ក្រុមអ្នករិះគន់ និងរដ្ឋាភិបាលបស្ចិមប្រទេសបានចំអកថា ការបោះឆ្នោតនេះ គឺជាការសម្ដែងដើម្បីបន្តការគ្រប់គ្រងអំណាចរបស់យោធា ក្រោមរូបភាពប្រជាធិបតេយ្យក្លែងក្លាយ។ មេទ័ពជើងចាស់រូបនេះ ទើបបានចុះចេញពីតំណែងជាមេបញ្ជាការយោធា កាលពីថ្ងៃចន្ទទី៣០ ខែមីនា ពេលដឹងខ្លួនច្បាស់ថា នឹងទទួលបានតំណែងប្រធានាធិបតី។

ការបោះឆ្នោតថ្មីៗនេះ ត្រូវបានរិះគន់ថា ជាការរៀបចំដើម្បីពង្រឹងអំណាចរបបសឹក ខណៈអ្នកវិភាគមើលឃើញថា លោក មីន អ៊ុងឡាំង កំពុងប្រមូលផ្តុំអំណាច ក្រោមរូបភាពស៊ីវិល។ ទោះជាយ៉ាងនេះក្ដី ក្រុមអ្នកតស៊ូមួយចំនួនបានរួមគ្នាប្តេជ្ញាលុបបំបាត់របបផ្តាច់ការរបស់លោក មីន អ៊ុងឡាំង។ លោក មីន អ៊ុងឡាំង មានវ័យ៦៩ឆ្នាំ គឺជាអ្នកដឹកនាំរដ្ឋប្រហារឆ្នាំ២០២១ ដែលបានទម្លាក់រដ្ឋាភិបាលរបស់ម្ចាស់ពានរង្វាន់ណូបែលសន្តិភាព លោកស្រី អ៊ុងសាន ស៊ូជី (Aung San Suu Kyi) និងបានចាប់ខ្លួនលោកស្រីយកទៅឃុំ ដោយបានបង្កឱ្យមានព្យុះនៃការតវ៉ាយ៉ាងខ្លាំងក្លា រហូតនាំឱ្យមានការរីករាលដាលចលនាតស៊ូប្រដាប់អាវុធទូទាំងប្រទេសប្រឆាំងនឹងរបបសឹកយោធា៕



