
រដ្ឋធានីណៃពិដោ៖ មេដឹកនាំរបបសឹកមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង (Min Aung Hlaing) បានស្បថចូលកាន់តំណែងជាប្រធានាធិបតី ជាផ្លូវការហើយ នៅថ្ងៃទី១០ ខែមេសានេះ ជាការបន្តក្ដោបក្ដាប់អំណាចក្រោមរូបភាពជាមេដឹកនាំស៊ីវិលវិញម្ដង បន្ទាប់ពីលោកធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលជាប់ឆ្នោត កាលពី៥ឆ្នាំមុន...។

នៅក្នុងពិធីរៀបចំឡើងយ៉ាងអធិកអធម ក្រោមការយាមកាមយ៉ាងតឹងរ៉ឹងបំផុតនៅរដ្ឋធានីណៃពិដោ បុរសវ័យ៦៩ឆ្នាំរូបនេះ បានសន្យាថា នឹងបម្រើប្រទេសជាតិ និងលើកកម្ពស់គោលការណ៍យុត្តិធម៌ និងសេរីភាព បើទោះបីជាសហគមន៍អន្តរជាតិ និងក្រុមអ្នកឃ្លាំមើលប្រជាធិបតេយ្យចាត់ទុកការបោះឆ្នោត កាលពីខែមករាថា ជា ការសម្ដែងដើម្បីបិទបាំងអំណាចយោធាក៏ដោយ។ ការឡើងកាន់តំណែងរបស់លោក មីន អ៊ុងឡាំង កើតឡើងបន្ទាប់ពីលោកបានសម្រេចចិត្តលាលែងពីតំណែងជាមេទ័ពកំពូល ដើម្បីមកដឹកនាំរដ្ឋាភិបាលថ្មី មុនពេលពិធីបុណ្យចូលឆ្នាំថ្មីចាប់ផ្ដើមនៅសប្តាហ៍ក្រោយ។ ទោះបីជាមានការប្រកាសថា ជាការផ្ទេរអំណាចទៅឱ្យប្រជាជនវិញក៏ដោយ ប៉ុន្តែសមាសភាពរដ្ឋមន្ត្រីចំនួន៣០រូប ដែលបានស្បថចូលកាន់តំណែងជាមួយលោក សុទ្ធសឹងជាបុគ្គលមកពីជួរយោធា ឬជាអ្នកដែលធ្លាប់បម្រើការក្នុងរបបសឹកក្រោយរដ្ឋប្រហារ ក្នុងនោះមានជាង១០រូប កំពុងស្ថិតក្រោមការដាក់ទណ្ឌកម្មពីអន្តរជាតិ។

នៅក្នុងពិធីនេះ គេឃើញមានវត្តមានតំណាងមកពីប្រទេសជិតខាងដូចជា ចិន ឥណ្ឌា និងថៃ ខណៈដែលចិនត្រូវបានគេមើលឃើញថា ជាអ្នកគាំទ្រដ៏ធំបំផុតនៃដំណើរការបោះឆ្នោតនេះ ដើម្បីស្ដារឡើងវិញនូវគម្រោងហេដ្ឋារចនាសម្ព័ន្ធដែលបានជាប់គាំង។ យ៉ាងណាមិញ ភាពស្របច្បាប់នៃរដ្ឋាភិបាលថ្មី នៅតែរងការរិះគន់យ៉ាងចាស់ដៃពីក្រុមសិទ្ធិមនុស្ស ដោយសារតែការបោះឆ្នោតមិនបានប្រព្រឹត្តទៅនៅតាមតំបន់ជាច្រើន ដែលកំពុងគ្រប់គ្រងដោយក្រុមឧទ្ទាម និងដោយសារតែការផាត់ចេញនូវគណបក្សរបស់លោកស្រី អ៊ុង សានស៊ូជី ដែលនៅតែបន្តជាប់ឃុំឃាំងនៅឡើយ៕



