
រាជធានីភ្នំពេញ៖ ថ្មីៗនេះ នៅលើបណ្ដាញព័ត៌មានសង្គម មានការចែករំលែកតគ្នាពីម្នាក់ទៅម្នាក់យ៉ាងផុលផុស ជុំវិញករណីគ្រោះថ្នាក់មួយដែលកើតឡើងនៅតាមបណ្ដោផ្លូវជាតិលេខ១ ក្នុងភូមិសាស្ត្រខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ ខណៈមន្ត្រីនគរបាលម្នាក់ប្រើពាក្យសម្តីមិនសមរម្យ និងគំរាមកំហែងពលរដ្ឋ...។

អ្វីដែលមហាជនចាប់អារម្មណ៍ខ្លាំងនោះ គឺមិនមែនហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ឡើយ ប៉ុន្តែជាឥរិយាបថរបស់ម្ចាស់រថយន្តពាក់ស្លាកលេខ នគរបាល ដែលត្រូវគេបុកពីក្រោយកំលុងពេលចតចោលលើដងផ្លូវ ហាក់ប្រើកាយវិការមិនសមរម្យ និងប្រើពាក្យគំរាមកំហែងពលរដ្ឋ ស្របពេលដែលខ្លួនជាមន្ត្រីអនុវត្តច្បាប់ ដោយបានបញ្ជាឱ្យកងកម្លាំងវ៉ៃខ្នោះភាគីម្ខាងទៀតយកទៅដាក់គុក។ មិនត្រឹមតែប៉ុណ្ណោះ មន្ត្រីនគរបាលពាក់សក្កិ៥ ដែលមានឈ្មោះថា ខៀវ សុងច័ន្ទសុធា រូបនេះ បានឈរជក់បារីអេឡិចត្រូនិក យ៉ាងសង្ហានៅទីសាធារណៈ ខណៈដែលក្រសួងមហាផ្ទៃ ដាក់បទបញ្ជាយ៉ាងមុឺងមាត់ ទៅលើការបោសសម្អាតការចរាចរលក់-ដូរ និងប្រើប្រាស់ឧបករណ៍ប្រភេទនេះ។

ជុំវិញបញ្ហាខាងលើ មហាជន ជាពិសេសអ្នកប្រើប្រាស់បណ្ដាញសង្គម បានសម្ដែងការហួសចិត្តចំពោះឥរិយាបថ និងពាក្យសម្តីរបស់មន្ត្រីនគរបាលរូបនោះ ដោយគ្រាន់តែត្រឹមករណីគ្រោះថ្នាក់ចរាចរណ៍សោះ បុគ្គលរូបនោះ ហ៊ានបញ្ជាឱ្យសមត្ថកិច្ចមូលដ្ឋាន វាយខ្នោះអ្នកបើកបរយកទៅដាក់គុក ព្រមទាំងហ៊ានប្រើប្រាស់បារីអេឡិចត្រូនិកជាសាធារណៈ ដោយមិនកោតញញើតច្បាប់ ឬគោរពបទបញ្ជារបស់ថ្នាក់លើ ក្នុងនាមខ្លួនជាមន្ត្រីអនុវត្តច្បាប់របស់ក្រសួងមហាផ្ទៃមួយរូបផងដែរ។ តែទោះជាយ៉ាងណាក៏ដោយ តាមរយៈរូបភាពខាងលើ មហាជនសង្ឃឹមថា ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ច្បាស់ជាមានវិធានការរដ្ឋបាលណាមួយលើមន្ត្រីក្រោមឱវាទរបស់ខ្លួននេះមិនខានឡើយ ក្នុងនាមជាស្ថាប័នអនុវត្តច្បាប់ជាតិ។

ឆ្លើយតប និងបញ្ហាខាងលើ លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានថ្លែងប្រាប់អង្គភាពសារព័ត៌មាន SBM News នាសៀលថ្ងៃទី២៤ ខែមេសានេះថា យើងបានតាមដានយ៉ាងយកចិត្ដទុកដាក់ និងកំពុងពិនិត្យករណីនេះឱ្យបានគ្រប់ជុងជ្រោយ។ ចំពោះសាមីខ្លួន គឺអាចសរសេររបាយការណ៍បំភ្លឺមកអង្គភាព និង/ឬអង្គភាពនោះមានសមត្ថកិច្ចឱ្យសាមីខ្លួនបំភ្លឺរឿងហេតុ ដើម្បីមានមូលដ្ឋានធ្វើមូលវិចារណ៍។ ទន្ទឹមនឹងនេះ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ក៏បានសង្កត់ធ្ងន់ផងដែរថា អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ក៏មានសមត្ថកិច្ច និងចំណាត់ការដូចគ្នាទៅលើករណីមួយនេះ៕





