អាម៉េរិកបង្កកទ្រព្យសម្បត្តិសេដ្ឋីកម្ពុជា លោក កុក អាន និងដាក់ទណ្ឌកម្មលើបក្ខពួកផ្សេងទៀត
អុន សម្ផស្ស
2 ម៉ោងមុន

រាជធានីភ្នំពេញ៖ ការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិបរទេស(OFAC) របស់ក្រសួងរតនាគារសហរដ្ឋអាម៉េរិក បានសម្រេចដាក់ទណ្ឌកម្ម (ដោយការបង្កកទ្រព្យសម្បត្តិ) របស់សមាជិកព្រឹទ្ធសភាកម្ពុជា និងជាសេដ្ឋីសម្បូរទ្រព្យម្នាក់ គឺ លោក កុក អាន រួមទាំងបក្ខពួក និងស្ថាប័នពាក់ព័ន្ធចំនួន២៨ផ្សេងទៀត។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងរតនាគារសហរដ្ឋអាម៉េរិក កាលពីថ្ងៃទី២៣មេសាម្សិលមិញ ដែលត្រូវបានស្ថានទូតអាម៉េរិកប្រចាំកម្ពុជា យកមកផ្សព្វផ្សាយបន្តលើទំព័រហ្វេសប៊ុករបស់ខ្លួន...។ 

ក្រសួងរតនាគារសហរដ្ឋអាម៉េរិក អះអាងថា លោក កុក អាន ព្រមទាំងបុគ្គល និងស្ថាប័នពាក់ព័ន្ធចំនួន២៨ផ្សេងទៀត បានដំណើរការ និងទទួលផលចំណេញពីទីតាំងឆបោកភាគច្រើនស្ថិតនៅក្នុងកាស៊ីណូ និងអគារពាណិជ្ជកម្ម ដោយបានបោកយកប្រាក់រាប់លានដុល្លារពីប្រជាពលរដ្ឋអាម៉េរិក។ ក្រសួងរតនាគារសហរដ្ឋអាម៉េរិក បន្តថា ទណ្ឌកម្ម​​លើ លោក កុក អាន ធ្វើឡើងក្រោមកិច្ចខិតខំប្រឹងប្រែងរបស់កម្លាំងសមត្ថកិច្ចអាម៉េរិក រួមមាន៖ បូលិសសហព័ន្ធ (FBI) កងកម្លាំងស៊ើបការសម្ងាត់ (Secret Service) និងកងកម្លាំងប្រយុទ្ធប្រឆាំងអំពើឆបោកអនឡាញ (Scam Center Strike Force) ជាដើម។

ជាមួយគ្នានេះផងដែរ ក្រសួងរតនាគារសហរដ្ឋអាម៉េរិក បញ្ជាក់ថា ការដាក់ទណ្ឌកម្មលើ លោក កុក អាន និងបក្ខពួក នាពេលនេះ គឺដើម្បីការពារពលរដ្ឋអាម៉េរិកពីការចាញ់បោកតាមប្រព័ន្ធអនឡាញ។ ការប៉ាន់ស្មានរបស់រដ្ឋាភិបាលសហរដ្ឋអាម៉េរិក បានឱ្យដឹងថា ក្នុងឆ្នាំ២០២៤ ប្រជាពលរដ្ឋអាម៉េរិក បានបាត់បង់ប្រាក់យ៉ាងហោចណាស់១០ពាន់លានដុល្លារ ដោយសារប្រតិបត្តិការបោកប្រាស់នៅតំបន់អាស៊ីអាគ្នេយ៍៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត