ក្រសួងបរិស្ថានវាយតម្លៃថា គុណភាពទឹកទន្លេមេគង្គកម្ពុជាក្នុងឆ្នាំ២០២៦ នៅមានស្ថានភាពល្អ
L
Linda Sorn
2 ម៉ោងមុន

រាជធានីភ្នំពេញ៖ តាមរយៈការត្រួតពិនិត្យ ក្រសួងបរិស្ថានបញ្ជាក់ថា គុណភាពទឹក ក្នុងខេត្តមួយចំនួន តាមបណ្តោយទន្លេមេគង្គកម្ពុជា នៅតែស្ថិតក្នុងកម្រិត «ល្អ»​ ក្នុងអំឡុង​ត្រីមាស​ទីមួយ​នៃឆ្នាំ២០២៦។

ការត្រួតពិនិត្យ របស់មន្ទីរបរិស្ថានរាជធានី-ខេត្តតាមបណ្តោយ​ទន្លេមេគង្គ​។ រូបភាព៖ ក្រសួងបរិស្ថាន
ការត្រួតពិនិត្យ របស់មន្ទីរបរិស្ថានរាជធានី-ខេត្តតាមបណ្តោយ​ទន្លេមេគង្គ​។ រូបភាព៖ ក្រសួងបរិស្ថាន

បើតាមក្រសួងបរិស្ថាន ការវាយតម្លៃគុណភាពទឹកប្រចាំខែនេះ ត្រូវបានធ្វើឡើងនៅតាមទីតាំងតាមដាន ត្រួតពិនិត្យចំនួន១១ទីតាំង ដោយ​អនុវត្ត​សហកា​រ​ជាមួយមន្ទីរបរិស្ថានរាជធានី-ខេត្ត នៅតាមបណ្តោយ​ទន្លេមេគង្គ​រួមមាន ខេត្តស្ទឹងត្រែង, ក្រចេះ, កំពង់ចាម, កណ្តាល, ភ្នំពេញ, និងព្រៃវែង។ ក្រសួងបញ្ជាក់ថា ការវាយតម្លៃផ្តោតលើប៉ារ៉ាម៉ែត្រសំខាន់ៗចំនួន១២ ដែលប្រើ​ដើម្បីវាយតម្លៃគុណភាពទឹកសម្រាប់ការពារសុខភាពសាធារណៈ រួមមាន៖ pH អុកស៊ីសែនរលាយក្នុងទឹក, សារធាតុរឹងសរុប, អុកស៊ីសែនជីវគីមី, អុកស៊ីសែនគីមី, អាសូt, ផូស្វ័រ, អាសូតនីត្រាត, និងលោហធាតុធ្ងន់ដូចជា កាដមីញ៉ូម, ក្រូមីញ៉ូមហិចសាវ៉ាឡង់, សំណ, និងបារត។

ការត្រួតពិនិត្យ របស់មន្ទីរបរិស្ថានរាជធានី-ខេត្តតាមបណ្តោយ​ទន្លេមេគង្គ​។ រូបភាព៖ ក្រសួងបរិស្ថាន
ការត្រួតពិនិត្យ របស់មន្ទីរបរិស្ថានរាជធានី-ខេត្តតាមបណ្តោយ​ទន្លេមេគង្គ​។ រូបភាព៖ ក្រសួងបរិស្ថាន

យោងតាមលទ្ធផលចាប់ពីខែមករាដល់ខែមីនា ឆ្នាំ២០២៦ គុណភាពទឹកទន្លេមេគង្គត្រូវបានកត់ត្រាជាប់លាប់ក្នុងកម្រិត «ល្អ» នៅតាមទីតាំងគោលដៅទាំង១១ទីតាំង ដែលត្រូវបានត្រួតពិនិត្យ។ ក្រសួងអះអាងថា៖«ការរកឃើញបង្ហាញថា គុណភាពទឹកទន្លេមេគង្គ នៅតែស្ថិតកម្រិតអនុឡោមតាមស្ដង់ដារជាតិ សម្រាប់គុណភាពទឹកលើដី»។ ក្រសួងបរិស្ថានសង្កត់ធ្ងន់ថា ការត្រួតពិនិត្យជាប្រចាំដើរតួនាទីយ៉ាងសំខាន់ ក្នុងការធានាការ​រកឃើញដំបូងនៃការបំពុលដែលអាចកើតមាន និងគាំទ្រដល់កា​រគ្រប់គ្រងធនធានទឹកដោយផ្អែកលើភស្តុតាង វិទ្យាសាស្រ្ត។ ក្រសួងថែមទាំងបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្ត ក្នុងការថែរក្សាគុណភាពទឹក តាមរយៈការចុះពិនិត្យនិងការអនុវត្តតាមដានគុណភាពទឹកទន្លេមេគង្គជាបន្ត និងពង្រឹងលើកិច្ចសហប្រតិបត្តិការ​ជាមួយស្ថាប័ន​ពាក់ព័ន្ធផងដែរ។

ការត្រួតពិនិត្យ របស់មន្ទីរបរិស្ថានរាជធានី-ខេត្តតាមបណ្តោយ​ទន្លេមេគង្គ​។ រូបភាព៖ ក្រសួងបរិស្ថាន
ការត្រួតពិនិត្យ របស់មន្ទីរបរិស្ថានរាជធានី-ខេត្តតាមបណ្តោយ​ទន្លេមេគង្គ​។ រូបភាព៖ ក្រសួងបរិស្ថាន

គួរបញ្ជាក់ថា ចាប់ពីខែមករា ដល់ខែមីនាឆ្នាំ២០២៦ ក្រសួងបរិស្ថាន បានជួយទប់ស្កាត់ទឹកកខ្វក់ចំនួនជាង៦លាន៣សែនម៉ែត្រគូប មិនឱ្យហូរចូលក្នុងប្រភពទឹកធម្មជាតិ។ ដោយឡែក នៅឆ្នាំ២០២៥ ក្រសួងបរិស្ថានបានធ្វើការទប់ស្កាត់ទឹកកខ្វក់មិនឱ្យមានការបំពុលតំបន់ទឹកសាធារណៈ ឬតំបន់ទឹកស្អាត នៅក្នុងប្រទេសកម្ពុជា បានជាង២០លានម៉ត្រែគូប។ ដើម្បីធានាបាននូវសុខភាពសាធារណៈ និងនិរន្តរភាពជីវៈចម្រុះ រោងចក្រ និងសហគ្រាសដែលមានហានិភ័យខ្ពស់ ត្រូវបានតម្រូវឱ្យបំពាក់ឧបករណ៍តាមដានការបញ្ចេញសំណល់រាវ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យ ដើម្បីបញ្ជូនព័ត៌មានមកក្រសួងដោយផ្ទាល់៕

ការចុះជួយទប់ស្កាត់ទឹកកខ្វក់
ការចុះជួយទប់ស្កាត់ទឹកកខ្វក់
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត