ទូតអ៊ូហ្កង់ដា ស្នើកម្ពុជាជួយសម្រួលលើការបញ្ជូនពលរដ្ឋដែលប្រព្រឹត្តបទល្មើស ឱ្យបានវិលទៅប្រទេសកំណើតវិញ
S
Soriya Sou
2 ម៉ោងមុន

រាជធានីភ្នំពេញ៖ ក្នុងជំនួបពិភាក្សាការងារជាមួយលោក គៀត ច័ន្ទថារិទ្ធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ លោកស្រី បេតទី ប៊ើមហ្គូមប៊ី (Betty Bimgombe) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋអ៊ូហ្កង់ដាប្រចាំតំបន់អាស៊ីអាគ្នេយ៍ បានស្នើឱ្យកម្ពុជាជួយសម្របសម្រួលលើបែបបទ ដើម្បីបញ្ជូនពលរដ្ឋអ៊ូហ្កង់ដាដែលបានប្រព្រឹត្តបទល្មើសនៅកម្ពុជា ទៅប្រទេសកំណើតវិញឱ្យបានឆាប់រហ័ស…។

នៅចំពោះមុខរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋអ៊ូហ្កង់ដា បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានបង្ហាញឆន្ទៈមោះមុត ដើម្បីដោះស្រាយបញ្ហាបទល្មើស ជាពិសេស បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ជាការឆ្លើយតប លោក គៀត ច័ន្ទថារិទ្ធ មានប្រសាស៍ថា រាជរដ្ឋាភិបាល ជាពិសេស ក្រសួងមហាផ្ទៃមានការប្ដេជ្ញាចិត្តខ្ពស់ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ខណៈតាមរយៈប្រតិបត្តិការបង្ក្រាបជាច្រើនកន្លងទៅ បានរកឃើញមានពលរដ្ឋអ៊ូហ្កង់ដា ក៏មានពាក់ព័ន្ធនឹងបទល្មើសមួយចំនួនផងដែរ។

ជុំវិញបញ្ហានេះ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋអ៊ូហ្កង់ដា បានបង្ហាញក្ដីកង្វល់ពីការជាប់គាំងនៃពលរដ្ឋខ្លួន ព្រោះមានជាប់ពាក់ព័ន្ធនឹងបទល្មើសនានានៅកម្ពុជា។ ក្នុងន័យនេះ  លោកស្រីឯកអគ្គរដ្ឋទូត បានស្នើសុំឱ្យកម្ពុជាតាមរយៈក្រសួងមហាផ្ទៃ ដែលមានអគ្គនាយកដ្ឋានអន្តោប្រវេសន៍ជាសេនាធិការ ជួយសម្របសម្រួលបែបបទនៃការបណ្តេញចេញឱ្យបានឆាប់រហ័ស ហើយភាគីស្ថានទូត នឹងខិតខំប្រឹងប្រែងជួយដោះស្រាយ និងរកមធ្យោបាយ ដោយសហការជាមួយអង្គការអន្តោប្រវេសន៍អន្តរជាតិ (IOM) និងអង្គការអន្តរជាតិនានា ដើម្បីបញ្ជូនពលរដ្ឋអ៊ូហ្កង់ដា ត្រឡប់ទៅប្រទេសកំណើតវិញ។ ក្នុងជំនួបដដែល ឯកអគ្គរដ្ឋទូតសាធារណរដ្ឋអ៊ូហ្កង់ដា ក៏បានប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសកម្ពុជាផងដែរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត