
រាជធានីភ្នំពេញ៖ កន្លងមក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា តែងចាត់មន្រ្តីជំនាញទៅធ្វើទស្សនកិច្ចសិក្សា ក្រុមហ៊ុនបច្ចេកវិទ្យាផ្កាយរណប ឬស្ថាប័នបណ្ដុះបណ្ដាល និងចូលរួមវគ្គបណ្ដុះបណ្ដាលនានាផ្នែកផ្កាយរណប និងលម្ហអាកាស ដើម្បីទទួលបានបទពិសោធ។ ការធ្វើបែបនេះ ដើម្បីកម្ពុជាខ្លួនឯងសិក្សាស្វែងយល់បន្ថែម អំពីការបង្ហោះផ្កាយរណបនៅរយៈពេល៥ឆ្នាំខាងមុខ…។

លោក ជា វ៉ាន់ដេត ក្នុងពិធីបិទសិក្ខាសាលា ស្តីពីបច្ចេកទេសក្នុងការតាមដាន និងប្រមូលទិន្នន័យតាមរយៈផ្កាយរណប និងបច្ចេកវិទ្យាផ្កាយរណប កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ បានគូសបញ្ជាក់ថា សិក្ខាសាលាដែលបានរៀបចំនេះ មានគោលបំណងចែករំលែកបទពិសោធពីអ្នកជំនាញនៃក្រុមហ៊ុន Pixxel Space Technologies Inc ដល់មន្រ្តីរាជការ បុគ្គលិក នៃ(ក.ប.ទ.) សាស្ត្រាចារ្យ និងនិស្សិត ពាក់ព័ន្ធនឹងស្ថានភាពនៃវិស័យលម្ហអាកាសនៅកម្ពុជា មូលដ្ឋានគ្រឹះនៃប្រព័ន្ធផ្កាយរណបសង្កេតផែនដី និងផ្កាយរណបផ្តិតរូបភាពរហូតដល់ការវិភាគរូបភាពពីផ្កាយរណប។ លោកបន្ថែមថា ក្នុងពេលដែលកម្ពុជាពិចារណាប្រើប្រាស់សេវាផ្កាយរណបពីក្រុមហ៊ុនផ្សេងៗ សម្រាប់វិស័យកសិកម្ម បរិស្ថាន ដែនដីនគរូបនីយកម្ម យើងក៏ត្រូវគិតគូរអំពីលទ្ធភាព នៃការបង្ហោះផ្កាយរណបដោយខ្លួនឯង ក្នុងរយៈពេល៥ឆ្នាំទៀតផងដែរ។

ក្រសួងកំពុងសិក្សាអំពី ឧត្តមានុវត្តនៃការបង្កើតអង្គភាពទទួលបន្ទុកគ្រប់គ្រងលម្ហអាកាសជាតិមួយ ដើម្បីសម្របសម្រួលការងារពាក់ព័ន្ធនឹងលម្ហអាកាស។ នៅពេលខាងមុខ ក្រសួងនឹងពិនិត្យលទ្ធភាពផ្តល់អាហារូបករណ៍ឱ្យនិស្សិតសិក្សាជំនាញទូរគមនាគមន៍ ផ្តោតលើមុខវិជ្ជាសំខាន់ៗពាក់ព័ន្ធនឹងបច្ចេកវិទ្យាផ្កាយរណប នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថល និងគ្រឹះស្ថានឧត្តមសិក្សាដៃគូ៕



