ភ្លើងឆេះព្រៃនៅភាគខាងជើងជប៉ុន លេបត្របាក់ផ្ទៃដី៤០០ហិកតា ខណៈមនុស្សជាង២៥០០នាក់កំពុងភៀសខ្លួន
N
Nary Vann
មួយម៉ោងមុន

រាជធានីតូក្យូ៖ អណ្ដាតភ្លើងដែលកំពុងឆាបឆេះយ៉ាងសន្ធោសន្ធៅ ចេញពីភ្លើងឆេះព្រៃនៅភាគខាងជើងប្រទេសជប៉ុន បាននិងកំពុងរាលដាលឆ្ពោះទៅរកមជ្ឈមណ្ឌលនៃទីប្រជុំជនមួយ ​នៅថ្ងៃទី២៤ ខែមេសានេះ បង្ខំឱ្យអាជ្ញាធរចេញបញ្ជាដល់ប្រជាពលរដ្ឋជាង ២៥០០នាក់ ឱ្យបោះបង់ចោលផ្ទះសម្បែងរបស់ពួកគេ ដើម្បីសង្គ្រោះជីវិត...។

យោងតាមការបញ្ជាក់របស់អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុន លោក មីណូរូ គីហារ៉ា (Minoru Kihara) គិតត្រឹមព្រឹកថ្ងៃសុក្រនេះ ភ្លើងឆេះព្រៃនៅក្នុងតំបន់ភ្នំនៃខេត្តអ៊ីវ៉ាតេ (Iwate) បានលេបត្របាក់ផ្ទៃដីអស់ជាង៤០០ហិកតារួចទៅហើយ ចាប់តាំងពីវាបានបង្ហាញខ្លួនឡើងកាលពី២ថ្ងៃមុន។ រូបភាពពីកន្លែងកើតហេតុ បានបង្ហាញឱ្យឃើញអណ្ដាតភ្លើងកំពុងរំកិលចូលទៅជិតផ្ទះសម្បែងប្រជាពលរដ្ឋ ក្នុងទីក្រុងអូស៊ូឈី (Otsuchi) ខណៈផ្សែងខ្មៅយ៉ាងក្រាស់ បានហុយចេញពីព្រៃក្បែរនោះ។

លោក គីហារ៉ា បន្តថា អាជ្ញាធរបានចល័តកម្លាំងពន្លត់អគ្គិភ័យប្រមាណ៧០០នាក់ និងយន្តហោះចំនួន១៣គ្រឿង ប្រយុទ្ធប្រឆាំងនឹងគ្រោះមហន្តរាយមួយនេះ។ គិតត្រឹមម៉ោង ៥ព្រឹកថ្ងៃសុក្រ (ម៉ោងនៅជប៉ុន) បុគ្គលិកជួយសង្គ្រោះបញ្ជាក់ថា មានប្រជាជនចំនួន ៣២៩នាក់ បានចូលទៅសម្រាកនៅក្នុងជម្រកសុវត្ថិភាពបណ្ដោះអាសន្ន។ អ្នកជំនាញបានកត់សម្គាល់ថា រដូវរងាដែលកាន់តែស្ងួតហួតហែងជាបន្តបន្ទាប់ បានធ្វើឱ្យហានិភ័យនៃភ្លើងឆេះព្រៃ នៅក្នុងប្រទេសជប៉ុនហក់ឡើងខ្ពស់។ កាលពីដើមឆ្នាំមុន ភ្លើងឆេះព្រៃនៅក្នុងទីក្រុងអូហ៊្វូណាតូ (Ofunato) នៃខេត្តអ៊ីវ៉ាតេនេះ ក៏ត្រូវបានគេចាត់ទុកជាគ្រោះមហន្តរាយអគ្គិភ័យដ៏អាក្រក់បំផុតរបស់ជប៉ុន ក្នុងរយៈពេលជាងកន្លះសតវត្សផងដែរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត