
រាជធានីភ្នំពេញ៖ ក្រុមការងារជំនាញអភិរក្សជលផលនៃក្រសួងកសិកម្ម និងមន្រ្តីពាក់ព័ន្ធ បានចុះលែងកន្ធាយក្បាលកង្កែប ដែលជាប្រភេទសត្វជិតផុតពូជសរុបចំនួន១៥ក្បាល ចូលទៅក្នុងដែនទឹកធម្មជាតិ ក្នុងឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ។ នេះបើតាមការឱ្យដឹងពីក្រសួងកសិកម្ម...។

មន្ត្រីក្រសួងបានឱ្យដឹងថា លោកស្រី អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម និងលោក នេត្រ វិបុល នាយករងអង្គការអភិរក្សសត្វព្រៃ (WCS) បានដឹកនាំមន្ត្រីពាក់ព័ន្ធ អាជ្ញាធរភូមិឃុំ និងតំណាងសហគមន៍មូលដ្ឋានមួយចំនួន ចុះទៅលែងសត្វកន្ធាយក្បាលកង្កែបដល់មូលដ្ឋាន។ ក្រសួងបញ្ជាក់ថា សត្វកន្ធាយក្បាលកង្កែបនេះ ត្រូវបានចាត់ចំណាត់ថ្នាក់ជាប្រភេទជិតផុតពូជ ដោយបញ្ជីក្រហម របស់អង្គការ សហភាពអន្តរជាតិ ដើម្បីអភិរក្សធម្មជាតិ (IUCN) និងជាប្រភេទធនធានជលផលដែលកំពុងរងគ្រោះថ្នាក់នៅកម្ពុជា។ បច្ចុប្បន្ន កន្ធាយក្បាលកង្កែប ត្រូវបានបាត់បង់របាយរស់នៅក្នុងប្រទេសជាច្រើន ចំណែកប្រទេសកម្ពុជា តាមដងទន្លេមេគង្គក្នុងខេត្តក្រចេះ និងខេត្តស្ទឹងត្រែង គឺជារបាយរស់នៅតែមួយគត់ ដែលមានវត្តមានសត្វកន្ធាយក្បាលកង្កែបច្រើនជាងគេលើពិភពលោក។

ក្រសួងអះអាងថា ឆ្នាំ២០២៦នេះ សំបុកកន្ធាយក្បាលកង្កែបចំនួន១៤សំបុក ត្រូវបានរកឃើញ និងការពារ។ ជាលទ្ធផល កូនកន្ធាយចំនួន១៩៥ក្បាល ត្រូវបានញាស់ដោយជោគជ័យ និងមេពូជកន្ធាយក្បាលកង្កែប១ក្បាល ត្រូវបានជួយសង្គ្រោះ ដោយនាំយកទៅថែទាំ និងតាមដាននៅមជ្ឈមណ្ឌលអភិរក្សសត្វល្មូនខេត្តកោះកុង។ នាឱកាសជំនួបជាមួយសហគមន៍ លោកស្រី អ៊ឹម រចនា បានថ្លែងអំណរគុណដល់នាយកដ្ឋានអភិរក្សជលផល នៃអគ្គនាយកដ្ឋានជលផល អង្គការ WCS ខណ្ឌរដ្ឋបាលជលផលក្រចេះ និងស្ទឹងត្រែង រួមនឹងសហគមន៍ ក្នុងបេសកកម្មអភិរក្សសត្វកំពុងរងគ្រោះជិតផុតពូជ។ ទន្ទឹមនោះ លោកស្រី លើកទឹកចិត្តឱ្យបន្តការងារនេះមានដូចជា៖ ការពារសំបុក ការអប់រំ និងការផ្សព្វផ្សាយ ការពង្រឹងការអនុវត្តច្បាប់ និងគម្រោងលើកស្ទួយជីវភាពប្រជាសហគមន៍៕





