មន្ត្រីក្រសួងការងារ អំពាវនាវសហជីពត្រូវតាមដានបញ្ហា និងរាយការណ៍មកមុន ជៀសវាងបាតុកម្មខុសច្បាប់
S
Sreyleak Yith
3 ម៉ោងមុន

រាជធានីភ្នំពេញ៖ លោក ងុយ រិទ្ធ រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានណែនាំដល់សហជីព គួរតាមដានរាល់សញ្ញាណនៃបញ្ហា និងរាយការណ៍មកជាមុន ដើម្បីជៀសវាងការតវ៉ាក្នុងរូបភាពជាបាតុកម្ម ឬកូដកម្មខុសច្បាប់ ដែលប៉ះពាល់ដល់ស្ថិរភាពការងារ និងសណ្តាប់ធ្នាប់សាធារណៈ …។

លោក ងុយ រិទ្ធ រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ 
លោក ងុយ រិទ្ធ រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ 

ការណែនាំបែបនេះ កំលុងពេលលោកជួបសំណេះសំណាលប្រចាំខែ ជាមួយថ្នាក់ដឹកនាំសហព័ន្ធសហជីព ដើម្បីផ្តល់នូវអនុសាសន៍សម្រាប់ពង្រឹងភាពជាដៃគូ ជាមួយក្រសួង សំដៅដោះស្រាយរាល់បញ្ហាដែលកើតមានឡើង ជាពិសេស វិវាទការងារ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦។ លោករដ្ឋលេខាធិការ គូសបញ្ជាក់ថា សារសំខាន់នៃកិច្ចសន្ទនាសង្គម ក្នុងគោលដៅតាមដាន និងក្តាប់ជាប់រាល់បញ្ហាប្រឈមនៅតាមបណ្តាសហគ្រាស គ្រឹះស្ថាន និងរោងចក្រនានា ដើម្បីស្វែងរកដំណោះស្រាយប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា។ លោកជំរុញឱ្យថ្នាក់ដឹកនាំសហព័ន្ធសហជីព បន្តសហការជិតស្និទ្ធជាមួយក្រសួង និងមន្ទីរការងាររាជធានី-ខេត្ត ដើម្បីបង្កើនភាពជឿជាក់លើវប្បធម៌ដោះស្រាយ វិវាទការងារក្រៅប្រព័ន្ធតុលាការ។

ជាមួយគ្នានេះដែរ លោករដ្ឋលេខាធិការ ក៏បានបញ្ជ្រាបនូវសារាចរណែនាំរបស់រាជរដ្ឋាភិបាល ស្ដីពីការត្រៀមរៀបចំទិវាពលកម្មអន្តរជាតិ ១ឧសភា លើកទី១៤០ ក្រោមប្រធានបទ «រួមគ្នាកសាងភាពធន់ ដើម្បីការងារសមរម្យ»។ លោកលើកទឹកចិត្ត និងអំពាវនាវដល់បងប្អូនសហជីពចូលរួមសហការជាមួយម្ចាស់សហគ្រាស ក្រុមហ៊ុន រោងចក្រ អនុវត្តសារាចរនេះឱ្យមានប្រសិទ្ធភាព ដោយបំផុសឱ្យមានការរួមគ្នាប្រារព្ធពិធីនេះ ក្នុងគោលដៅបង្ហាញឱ្យឃើញពីភាពថ្លៃថ្នូរ និងចាស់ទុំ។ លើសពីនេះ ត្រូវធ្វើឱ្យមានភាពប្រសើរឡើងនៃសិទ្ធិសេរីភាពរបស់កម្មករនិយោជិត និងសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវ: ដើម្បីបង្កើនការទាក់ទាញវិនិយោគ និងបង្កើតឱកាសការងារកាន់តែប្រសើរ និងសមរម្យ ជូនបងប្អូនកម្មករនិយោជិត។

តំណាងសហព័ន្ធសហជីព ក៏បានលើកឡើងនូវមតិយោបល់ និងសំណូមពរមួយចំនួន ក្នុងគោលបំណងឱ្យការអនុវត្តកាន់តែមានប្រសិទ្ធភាព និងតម្លាភាព។ ក្នុងនោះ តំណាងសហព័ន្ធសហជីព បានសម្ដែងនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការសហការជាមួយក្រសួង ដើម្បីការពារផលប្រយោជន៍កម្មករនិយោជិត និងនិយោជក៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត