
មជ្ឈិមបូព៌ា៖ កងទ័ពសហរដ្ឋអាម៉េរិក បានបង្កើនការរឹតបន្តឹងលើការនាំចេញប្រេងរបស់អ៊ីរ៉ង់ ដោយបានស្ទាក់ចាប់នាវាដឹកប្រេងដោតទង់ជាតិអ៊ីរ៉ង់ យ៉ាងហោចណាស់៣គ្រឿងនៅក្នុងតំបន់ដែនទឹកអាស៊ី ក្បែរប្រទេសឥណ្ឌា ម៉ាឡេស៊ី និងស្រីលង្កា។ សកម្មភាពនេះគឺជាផ្នែកមួយនៃយុទ្ធនាការបិទខ្ទប់ពាណិជ្ជកម្មតាមសមុទ្ទរបស់អ៊ីរ៉ង់ទាំងស្រុង ខណៈសង្រ្គាមរវាងសហរដ្ឋអាម៉េរិក-អ៊ីស្រាអែល ជាមួយអ៊ីរ៉ង់ បានឈានចូលដល់ខែទីពីរ ដោយពុំទាន់មានពន្លឺសន្តិភាពណាមួយលេចឡើងនៅឡើយទេ...។

យោងតាមប្រភពពីសន្តិសុខនាវាចរណ៍ និងទិន្នន័យតាមដាននាវា MarineTraffic នាវា ដែលត្រូវបានស្ទាក់ចាប់រួមមាន៖ នាវាដឹកប្រេងខ្នាតយក្ស Deep Sea និង Dorena ផ្ទុកប្រេងសរុបរាប់លានបារ៉ែល រួមទាំងនាវា Sevin ដែលត្រូវបានស្ទាក់ចាប់នៅក្បែរឆ្នេរសមុទ្ទម៉ាឡេស៊ីផងដែរ។ ក្រៅពីនាវាទាំងបីខាងលើ ក៏មានរបាយការណ៍ថា មានការស្ទាក់ចាប់នាវា Derya មួយគ្រឿងទៀត នៅឆ្នេរសមុទ្ទឥណ្ឌា បន្ទាប់ពីវាបានបរាជ័យក្នុងការទម្លាក់ទំនិញនៅប្រទេសឥណ្ឌា មុនពេលការលើកលែងទណ្ឌកម្មរបស់សហរដ្ឋអាម៉េរិកត្រូវផុតកំណត់។ ទន្ទឹមនោះ បញ្ជាការដ្ឋានកណ្ដាលសហរដ្ឋអាម៉េរិក បានបង្ហើបឱ្យដឹងថា ចាប់តាំងពីការចាប់ផ្ដើមបិទខ្ទប់កំពង់ផែអ៊ីរ៉ង់មក កងទ័ពសហរដ្ឋអាម៉េរិក បានបញ្ជាឱ្យនាវាសរុបចំនួន២៩គ្រឿង ប្តូរទិសដៅ ឬត្រឡប់ទៅកំពង់ផែវិញ។

អ្នកជំនាញផ្នែកសន្តិសុខនាវាចរណ៍បានលើកឡើងថា មូលហេតុដែលសហរដ្ឋអាម៉េរិកជ្រើសរើសស្ទាក់ចាប់នាវានៅតំបន់សមុទ្ទបើកចំហឆ្ងាយពីច្រកសមុទ្ទហ័រមូស្ស គឺដើម្បីជៀសវាងគ្រោះថ្នាក់ពីគ្រាប់មីនក្នុងទឹក ដែលអ៊ីរ៉ង់អាចនឹងដាក់ពង្រាយនៅក្នុងតំបន់ជម្លោះ។ ការរឹតបន្តឹងការឡោមព័ទ្ធនេះ បានធ្វើឱ្យការផ្គត់ផ្គង់ថាមពលសកលកាន់តែដុនដាប ខណៈអ៊ីរ៉ង់ក៏បានឆ្លើយតបវិញដោយការរឹបអូសនាវាដឹកទំនិញចំនួន២គ្រឿង នៅច្រកសមុទ្ទហ័រមូស្សផងដែរ។ ស្ថានភាពប្រឈមមុខដាក់គ្នានៅលើដែនទឹកអន្តរជាតិនេះ កំពុងជំរុញឱ្យតម្លៃប្រេងពិភពលោកហក់ឡើងខ្ពស់ និងធ្វើឱ្យក្ដីសង្ឃឹមលើកិច្ចចរចាសន្តិភាព ក្នុងអំឡុងពេលបទឈប់បាញ់ដ៏ផុយស្រួយ កាន់តែមានភាពស្រពិចស្រពិលខ្លាំងឡើង៕


