
រដ្ឋធានីវ៉ាស៊ីនតោន៖ បើទោះបីជាមានការប្រកាសពន្យារពេលបទឈប់បាញ់ពីសំណាក់លោក ដូណាល់ ត្រាំ ក៏ដោយ ប៉ុន្តែភាពតានតឹងនៅច្រកសមុទ្ទហ័រមូស្ស បានផ្ទុះឡើងសាជាថ្មី បន្ទាប់ពីកងឆ្មាំបដិវត្តន៍អ៊ិស្លាមអ៊ីរ៉ង់ បានធ្វើការរឹបអូសនាវាចំនួន២គ្រឿង។ សកម្មភាពនេះ ត្រូវបានគេមើលឃើញថា ជាការរឹតបន្តឹងការគ្រប់គ្រងលើផ្លូវទឹកយុទ្ធសាស្ត្រនេះ បន្ទាប់ពីលោក ត្រាំ នៅតែបន្តរក្សាការបិទខ្ទប់កំពង់ផែអ៊ីរ៉ង់ ដែលធ្វើឱ្យភាគីទាំងពីរ ស្ថិតក្នុងស្ថានភាពប្រឈមមុខដាក់គ្នាដោយគ្មានសញ្ញានៃការចរចាសន្តិភាព...។

លោក ម៉ូហាម៉ាត បាហ្គឺ ហ្កាលីបាហ្វ (Mohammad Baqer Qalibaf) ប្រធានសភា និងជាអ្នកចរចាកំពូលរបស់អ៊ីរ៉ង់ បានចេញមុខតបតទៅកាន់លោក ត្រាំ វិញ តាមរយៈបណ្ដាញសង្គម X ដោយបញ្ជាក់ថា បទឈប់បាញ់ពេញលេញនឹងមានន័យ លុះត្រាតែការបិទខ្ទប់កំពង់ផែត្រូវបានដកចេញ។ លោកបានសង្កត់ធ្ងន់ថា៖«អ្នកមិនបានសម្រេចគោលដៅតាមរយៈការឈ្លានពានយោធាទេ ហើយអ្នកក៏នឹងមិនអាចសម្រេចវាបាន តាមរយៈការគំរាមកំហែងនោះដែរ។ មធ្យោបាយតែមួយគត់ គឺការទទួលស្គាល់សិទ្ធិរបស់ប្រជាជនអ៊ីរ៉ង់»។ លោកបន្ថែមថា ការបើកច្រកសមុទ្ទឡើងវិញ គឺមិនអាចទៅរួចឡើយ ដរាបណាសហរដ្ឋអាម៉េរិកនៅតែបន្តរំលោភលើបទឈប់បាញ់ តាមរយៈការឡោមព័ទ្ធសេដ្ឋកិច្ច។

ទីភ្នាក់ងារសារព័ត៌មាន Tasnim របស់អ៊ីរ៉ង់ បានរាយការណ៍ថា នាវាទាំង២គ្រឿងត្រូវបានរឹបអូសក្រោមលេសថា «រំលោភលើច្បាប់សមុទ្ទ» ហើយត្រូវបាននាំយកទៅកាន់ឆ្នេររបស់អ៊ីរ៉ង់។ នេះគឺជាលើកដំបូងហើយដែលអ៊ីរ៉ង់រឹបអូសនាវា ចាប់តាំងពីសង្រ្គាមបានផ្ទុះឡើងកាលពីចុងខែកុម្ភៈ។ កងឆ្មាំបដិវត្តន៍អ៊ិស្លាមអ៊ីរ៉ង់ ក៏បានព្រមានផងដែរថា រាល់ការរំខានដល់សណ្ដាប់ធ្នាប់ និងសុវត្ថិភាពនៅក្នុងច្រកសមុទ្ទហ័រមូស្ស នឹងត្រូវបានចាត់ទុកថាជា«បន្ទាត់ក្រហម»។

ជាលទ្ធផល តម្លៃប្រេងឆៅអន្តរជាតិ (Brent) បានហក់ឡើងលើសពី១០០ដុល្លារក្នុងមួយបារ៉ែល ជាលើកដំបូង ក្នុងរយៈពេលពីរសប្តាហ៍កន្លងមកនេះ។ ការបន្តបិទច្រកសមុទ្ទហ័រមូស្ស ដែលជាផ្លូវដឹកជញ្ជូនប្រេង១ភាគ៥របស់ពិភពលោក កំពុងដាក់សម្ពាធយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចសកល ដោយសារអាជីវកម្មនានា ត្រូវចំណាយប្រាក់កាន់តែខ្ពស់ ខណៈប្រទេសមហាអំណាចសេដ្ឋកិច្ចចាប់ផ្ដើមខ្វះខាតប្រេងបម្រុង និងបង្ខំចិត្តកាត់បន្ថយការប្រើប្រាស់ថាមពល៕


