ត្រាំ ពន្យារពេលបទឈ.ប់.បា.ញ់ជាមួយអ៊ីរ៉ង់គ្មានកំណត់ ប៉ុន្តែនៅបន្តបិទខ្ទប់កំពង់ផែ
N
Nary Vann
2 ថ្ងៃមុន

រដ្ឋធានីវ៉ាស៊ីនតោន៖ លោកប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃទី២១ ខែមេសាម្សិលមិញថា លោកបានសម្រេចចិត្តពន្យារពេលបទឈប់បាញ់ជាមួយប្រទេសអ៊ីរ៉ង់ ដោយគ្មានកំណត់ តាមការស្នើសុំរបស់មេដឹកនាំប៉ាគីស្ថាន ដើម្បីទុកពេលឱ្យការចរចាមានដំណើរការល្អ។ ប៉ុន្តែទោះជាយ៉ាងណា កងទ័ពជើងទឹកសហរដ្ឋអាម៉េរិក នៅបន្តបិទខ្ទប់កំពង់ផែរបស់អ៊ីរ៉ង់ដដែល...។

ការសម្រេចចិត្តនេះ កើតឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ មុនពេលបទឈប់បាញ់ត្រូវផុតកំណត់។ ត្រាំ បញ្ជាក់នៅលើបណ្ដាញសង្គម Truth Social ថា លោកយល់ព្រមផ្អាកការវាយប្រហារតាមសំណើរបស់សេនាប្រមុខ អាស៊ីម មូនៀរ៍ (Asim Munir) និងលោកនាយករដ្ឋមន្ត្រី ហ្សេបាស ហ្សារីហ្វ (Shehbaz Sharif) របស់ប៉ាគីស្ថាន រហូតទាល់តែថ្នាក់ដឹកនាំអ៊ីរ៉ង់អាចឯកភាពគ្នាលើ «សំណើបង្រួបបង្រួមមួយ» ដើម្បីបញ្ចប់ជម្លោះ។ យ៉ាងណា លោក ត្រាំ បានបញ្ជាឱ្យកងទ័ពសហរដ្ឋអាម៉េរិកបន្តការបិទខ្ទប់កំពង់ផែរបស់អ៊ីរ៉ង់ នៅតាមបណ្ដោយឆ្នេរសមុទ្ទ និងច្រកហ័រមូស្សដដែល ដោយរក្សាលក្ខណៈត្រៀមប្រយុទ្ធគ្រប់ពេល ប្រសិនបើការចរចាមិនទទួលបានលទ្ធផល។

ការសម្រេចចិត្តពន្យារបទឈប់បាញ់នៅនាទីចុងក្រោយនេះ ក៏បានកើតឡើងចំពេលមានភាពរកាំរកូសផ្នែកការទូតថ្មីមួយ បន្ទាប់ពី ត្រាំ បង្ហើបថា កងកម្លាំងសហរដ្ឋអាម៉េរិកបានស្ទាក់ចាប់នាវាដឹក«កាដូ»(គ្រឿងយុទ្ធោបករណ៍)ពីប្រទេសចិន ផ្ញើទៅឱ្យអ៊ីរ៉ង់ ដែលធ្វើឱ្យលោកសម្ដែងការខកចិត្តចំពោះលោកប្រធានាធិបតី ស៊ី ជីនពីង បើទោះបីជាមេដឹកនាំទាំងពីរ ទើបតែមានការព្រមព្រៀងគ្នាកាលពីសប្តាហ៍មុនថា នឹងមិនមានការបញ្ជូនអាវុធក៏ដោយ។ ទន្ទឹមនឹងនេះ សេតវិមានក៏បានប្រកាសលុបចោលដំណើរទស្សនកិច្ចរបស់អនុប្រធានាធិបតី ជេឌី វ៉ាន (JD Vance) ទៅកាន់ប៉ាគីស្ថានផងដែរ ខណៈខាងភាគីអ៊ីរ៉ង់ នៅតែបន្តស្ទាក់ស្ទើរក្នុងការចូលរួមតុចរចាសន្តិភាពជុំទីពីរ ដោយសារពួកគេមិនពេញចិត្តនឹងសកម្មភាពបិទខ្ទប់កំពង់ផែរបស់សហរដ្ឋអាម៉េរិក ដែលនៅបន្តអនុវត្តយ៉ាងតឹងរ៉ឹងបំផុត៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត