មេដឹកនាំកម្ពុជា បញ្ជាអាជ្ញាធរអនុវត្តច្បាប់ថ្មីបង្ក្រាប «បទល្មើសឆបោកតាមអនឡាញ» ដោយគ្មានការលើកលែង
អុន សម្ផស្ស
5 ម៉ោងមុន

រាជធានីភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បញ្ជាយ៉ាងម៉ឺងម៉ាត់ឱ្យកងកម្លាំងគ្រប់លំដាប់ថ្នាក់ បន្តបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) ដោយគ្មានការលើកលែង ហើយកុំបង្អង់ដៃ។ បទបញ្ជាថ្មីរបស់ប្រមុខរាជរដ្ឋាភិបាលនេះ ធ្វើឡើងក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦..។

តាមរយៈសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីកម្រាស់៤ទំព័រ ក្នុងចំណុចទី៦ សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសារដោយត្រង់ទៅមន្ត្រីពាក់ព័ន្ធថា៖«ច្បាប់មានហើយ ដូច្នេះ ត្រូវតែអនុវត្តឱ្យបានម៉ត់ចត់ និងឱ្យមានប្រសិទ្ធភាពដោយមិនបន្ធូរដៃ និងដោយគ្មានការលើកលែងឡើយ ពោលគឺមិនបញ្ឈប់ត្រឹមពិធីបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិនេះ ដូចដែលមានមតិមួយចំនួនបានលើកឡើងនោះឡើយ»។ 

ក្រៅពីដាក់បទបញ្ជានេះ សម្តេច ក៏បានកោតសរសើរចំពោះកិច្ចខិតខំរបស់អាជ្ញាធរមានសមត្ថកិច្ច និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ ដែលធ្វើការងារយ៉ាងសកម្មក្នុងការបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយសម្រេចបានលទ្ធផលធំៗជាច្រើន។ របាយការណ៍របស់លេខាធិការដ្ឋានៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) ត្រឹមរយៈពេល៩ខែចុងក្រោយ គឺចាប់ពីខែកក្កដា ឆ្នាំ២០២៥ ដល់ខែមីនា ឆ្នាំ២០២៦ សមត្ថកិច្ចកម្ពុជាបង្ក្រាបអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានជាង២៥០ករណី និងបានកសាងសំណុំរឿងបញ្ចូនទៅតុលាការជាង៨០ករណី។

សូមរំឭកថា ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី៦មេសា ឆ្នាំ២០២៦។ ច្បាប់នេះ មានគោលបំណងកំណត់អំពីវិធានផ្នែកព្រហ្មទណ្ឌ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សំដៅចូលរួមថែរក្សាការពារសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ ព្រមទាំងលើកកម្ពស់ប្រសិទ្ធភាព នៃកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មនេះ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត