រដ្ឋមន្រ្តីយុត្តិធម៌ ប្រាប់ប្រធានតុលាការគ្រប់ថ្នាក់នៅទូទាំងប្រទេស ត្រូអនុវត្តច្បាប់ឱ្យម៉ឺងម៉ាត់លើអ្នកបោកប្រាស់តាមអនឡាញ
Mao Sopha
17 កក្កដា 2025 06:00 AM

រាជធានីភ្នំពេញ៖ តាមរយៈកិច្ចប្រជុំមួយនាពេលថ្មីៗនេះ លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានណែនាំឱ្យប្រធានតុលាការ និងព្រះរាជអាជ្ញានៅតាមតុលាការគ្រប់ថ្នាក់នៅទូទាំងប្រទេស ត្រូវប្រកាន់ខ្ជាប់នូវភាពម៉ឺងម៉ាត់ក្នុងការអនុវត្តវិធានការច្បាប់លើបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឬអនឡាញ។ ការណែនាំរបស់លោករដ្ឋមន្រ្តី ត្រូវលោក សេង ឌីណា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ ស្រង់យកទៅបង្ហោះលើទំព័រហ្វេសប៊ុក កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥នេះ។ 

លោក កើត រិត្ធ
លោក កើត រិត្ធ

ផ្អែកតាមសំណេររបស់លោក សេង ឌីណា ដដែល លោករដ្ឋមន្រ្តីយុត្តិធម៌ ថែមទាំងណែនាំថ្នាក់ដឹកនាំតុលាការទាំងអស់ ឱ្យសហការពេញលេញជាមួយសមត្ថកិច្ច ដើម្បីអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល ក្នុងការបង្រ្កាបបទល្មើសឆបោកតាមអនឡាញ។ អ្នកនាំពាក្យ បង្ហោះសំណេរនេះ ដោយភ្ជាប់ជាមួយសេចក្តីសម្រេចរបស់លោករដ្ឋមន្រ្តីយុត្តិធម៌ ដែលបញ្ឈរជើងលោក គ្រី សីហា ព្រះរាជអាជ្ញារងខេត្តពោធិ៍សាត់ ជាបណ្តោះអាសន្ន ដោយសារដោះលែងជនសង្ស័យមួយចំនួន ពាក់ព័ន្ធក្នុងបទល្មើសឆបោកតាមអនឡាញ ដែលកម្លាំងនគរបាលខំចាប់។ 

លោក សេង ឌីណា
លោក សេង ឌីណា

លោករដ្ឋមន្រ្តី ចេញសេចក្តីសម្រេចបញ្ឈប់លោក គ្រី សីហា ពីការងារជាបណ្តោះអាសន្ន ទាំងយប់តែម្តង នៅថ្ងៃទី១៦កក្កដា បន្ទាប់ពីមានបញ្ជាផ្ទាល់មាត់ពីសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត។ ក្រៅពីត្រូវបញ្ឈរជើងហើយនោះ លោក គ្រី សីហា ក៏អាចនឹងត្រូវប្រឈមមុខនឹងអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ផងដែរ។ ប្រមុខរាជរដ្ឋាភិបាល ដាក់បញ្ជាថា បើលោក គ្រី សីហា យកលុយពីគេជាថ្នូរនៃការលែង អង្គភាពប្រឆាំងអំពើពុករលួយ ត្រូវចាត់វិធាការជាបន្ទាន់។ សេចក្តីសម្រេចរបស់លោករដ្ឋមន្រ្តី កើត រិទ្ធ បញ្ជាក់យ៉ាងច្បាស់ថា ការព្យួរការងារលោក គ្រី សីហា នឹងបើកផ្លូវឱ្យក្រុមអធិការកិច្ចរបស់ក្រសួងយុត្តិធម៌ និងសមត្ថកិច្ច ចុះស្រាវជ្រាវ និងចាត់វិធានការតាមច្បាប់បន្តទៀត។  

កំព្យូទ័រដែលជនល្មើសប្រើប្រាស់សម្រាប់ឆបោក ក្នុងអគារមួយកន្លែងនៅខេត្តបន្ទាយមានជ័យ។ 
កំព្យូទ័រដែលជនល្មើសប្រើប្រាស់សម្រាប់ឆបោក ក្នុងអគារមួយកន្លែងនៅខេត្តបន្ទាយមានជ័យ។ 

កាលពីថ្ងៃទី១៤កក្កដា សម្តេចនាយករដ្ឋមន្រ្តី បានចេញបទបញ្ជាចំនួន២ទំព័រ ឱ្យក្រសួង-ស្ថាប័ន ថ្នាក់ដឹកនាំរាជធានី-ខេត្ត និងមន្រ្តីពាក់ព័ន្ធគ្រប់ថ្នាក់ទាំងអស់ ត្រូវរួមគ្នាចេញប្រតិបត្តិការបង្រ្កាបទីតាំងលួចប្រព្រឹត្តអំពើឆបោកតាមអនឡាញឱ្យអស់ម៉ត់ខៃតែម្តង។ ត្រឹមពីរបីថ្ងៃប៉ុណ្ណោះបន្ទាប់ពីសម្តេចចេញបញ្ជា កម្លាំងសមត្ថកិច្ចតាមរាជធានី-ខេត្ត បានចុះទៅបង្រ្កាបអំពើឆបោកតាមអនឡាញជាលក្ខណៈទ្រង់ទ្រាយធំនៅតាមអគារជាច្រើនកន្លែង ដោយក្នុងនោះ មានអ្នកពាក់ព័ន្ធជាង៧០០នាក់ ភាគច្រើនបំផុតជាជនបរទេស ត្រូវឃាត់ខ្លួន។  

ជនសង្ស័យ ដែលធ្វើការងារពាក់ព័ន្ធនឹងការឆបោកតាមអនឡាញ ក្នុងអគារមួយកន្លែងនៅខេត្តបន្ទាយមានជ័យ។ 
ជនសង្ស័យ ដែលធ្វើការងារពាក់ព័ន្ធនឹងការឆបោកតាមអនឡាញ ក្នុងអគារមួយកន្លែងនៅខេត្តបន្ទាយមានជ័យ។ 

ប្រមុខរាជរដ្ឋាភិបាល ព្រមានទុករួហើយថា អ្នកមិនស្តាប់បញ្ជា ឬមិនចូលរួមសហការក្នុងការបង្ក្រាបបទល្មើសអនឡាញនេះ នឹងត្រូវដកចេញពីតំណែង។ បទបញ្ជារបស់ថ្នាក់ដឹកនាំប្រទេស នៅក្តៅមិនទាន់ត្រជាក់នៅឡើយ តែលោកព្រះរាជអាជ្ញារង គ្រី សីហា បែរជាហ៊ានដោះលែងជនល្មើសទៅហើយ ហើយលទ្ធផល ក្រៅពីអស់តំណែង នៅត្រូវប្រឈមមុខនឹងចំណាត់ការផ្លូវច្បាប់ថែមទៀត៕ 

សម្តេចធិបតី ហ៊ុន ម៉ាណែត
សម្តេចធិបតី ហ៊ុន ម៉ាណែត
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត