កម្ពុជាកោះប្រជុំអង្គទូត និងអង្គការអន្តរជាតិ ផ្សព្វផ្សាយ«ច្បាប់ប្រឆាំងការឆបោកតាមអនឡាញ»
អុន សម្ផស្ស
3 ម៉ោងមុន

រាជធានីភ្នំពេញ៖ ក្រោយកម្ពុជាអនុម័តច្បាប់ថ្មី«ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) លោក ឆៃ ស៊ីណារិទ្ធ នៅថ្ងៃទី៨មេសា ឆ្នាំ២០២៦ បានអញ្ជើញអង្គទូតចំនួន២៨ប្រទេស និងអង្គការបរទេសចំនួន៨ មកឈ្វេងយល់ពីច្បាប់ថ្មី។ នេះបើយោងតាមការប្រកាសព័ត៌មានរបស់ក្រសួងយុត្តិធម៌..។

ក្នុងកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដែលចូលរួមដោយផ្ទាល់ពី ថ្នាក់ដឹកនាំ បណ្តាអង្គទូត និងអង្គការអន្តរជាតិប្រចាំកម្ពុជានេះ ក្រុមការងារបច្ចេកទេសរបស់ក្រសួងយុត្តិធម៌ បានធ្វើបទបង្ហាញអំពីខ្លឹមសារសំខាន់ៗនៃច្បាប់។ ក្នុងនោះរួមមាន៖ បទល្មើសថ្មីចំនួន៥ និងនីតិវិធីពិសេសថ្មី នៅក្នុងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ជាពិសេសកិច្ចសហប្រតិបត្តិការអន្តរជាតិ ដែលបានកំណត់នៅក្នុងមាត្រា២១។  

មាត្រា២១នៃច្បាប់«ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ដែលក្រសួងយុត្តិធម៌ ពណ៌នាប្រាប់អង្គទូត គឺពាក់ព័ន្ធពីកិច្ចសហប្រតិបត្តិការជាមួយរដ្ឋបរទេសទាក់ទងនឹងបត្យាប័ន និងការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់។ ក្នុងនោះរួមមាន៖ ការស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបបទល្មើស រួមទាំងការប្រមូល និងចែករំលែកព័ត៌មាន ការកំណត់អត្តសញ្ញាណបុគ្គល ការកំណត់អត្តសញ្ញាណទ្រព្យ ការឃាត់ទុក ឬបង្កកទ្រព្យ និងការប្រមូលត្រឡប់មកវិញនូវផលនៃបទល្មើសពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលត្រូវអនុវត្តស្របតាមច្បាប់កម្ពុជា និងលិខិតូបករណ៍អន្តរជាតិពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន និងឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យាដែលកម្ពុជាជារដ្ឋភាគី។  

ជាការកត់សម្គាល់ ច្បាប់ «ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ដែលកម្ពុជាទើបអនុម័តកាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ មានចេញផ្សាយជាភាសាអង់គ្លេសបន្ថែមពីលើភាសាជាតិនោះ គឺប្រៀបបានទៅនឹងសាព្រមានផ្ញើទៅក្រុមឧក្រិដ្ឋជនថា កុំឱ្យយកប្រទេសកម្ពុជា ធ្វើជាទីតាំងប្រព្រឹត្តឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ខណៈច្បាប់ថ្មីនេះ បានកម្រិតទោសទៅតាមទម្ងន់នៃបទល្មើសផ្សេងៗគ្នា ហើយអាចប្រឈមនឹងការជាប់ពន្ធនាគារចាប់ពី១ឆ្នាំរហូតដល់ពេញ១ជីវិត។ ម៉្យាងវិញទៀត ការអញ្ជើញអង្គទូត និងអង្គការបរទេស មកស្ដាប់ច្បាប់ថ្មីនេះ ក៏ទំនងធ្វើឡើង ដើម្បីបញ្ជ្រាបការយល់ដឹងពីច្បាប់នេះទៅដល់ពលរដ្ឋនៃបណ្តាប្រទេសទាំងនោះផងដែរ៕ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត