
រាជធានីភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន បានផ្តល់ឥណទានសម្បទានជាទឹកប្រាក់សរុបប្រមាណ៤៦លានដុល្លារ សម្រាប់កម្ពុជាអនុវត្ត«គម្រោងការពារទឹកជំនន់ និងអភិវឌ្ឍន៍បណ្តាញបង្ហូរទឹកកខ្វក់នៅរាជធានីភ្នំពេញ (កញ្ចប់ឥណទានទី១)»។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស។

ក្រសួងការបរទេសបានឱ្យដឹងថា លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងលោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធ ស្តីពីការផ្ដល់ឥណទានសម្បទាននេះ កាលពីថ្ងៃទី២៣មេសា ឆ្នាំ២០២៦។ ក្រសួងបញ្ជាក់ថា៖«គម្រោងនេះនឹងបង្កើនភាពធន់នៃហេដ្ឋារចនាសម្ព័ន្ធនៅរាជធានីភ្នំពេញប្រឆាំងនឹងការជន់លិច ដោយបង្ការផលប៉ះពាល់អវិជ្ជមានលើជីវភាពប្រចាំថ្ងៃ និងសកម្មភាពសេដ្ឋកិច្ច»។ ទន្ទឹមនោះ ការបន្តផ្តល់ជំនួយហិរញ្ញវត្ថុនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តឥតងាករេររបស់ជប៉ុន ក្នុងការលើកកម្ពស់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ជប៉ុន៕




