យោធាកម្ពុជា-ថៃ កម្រិតយោធភូមិភាគ ស្កាត់ជួបគ្នាប្រជុំក្រៅផ្លូវការ ពិភាក្សាលើបញ្ហាព្រំដែន
L
Linda Sorn
3 ម៉ោងមុន

ក្រុងសំរោង៖ យោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ នៅថ្ងៃព្រហស្បតិ៍ទី២៣មេសា ឆ្នាំ២០២៦ បានជួបប្រជុំក្រៅផ្លូវការរបស់ក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) នៅឯច្រកអន្តរជាតិជាំ-សាង៉ាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដើម្បីពិភាក្សាការងារព្រំដែន។ នេះបើតាមការឱ្យដឹងពីក្រសួងការពារជាតិ។

កិច្ចប្រជុំក្រៅផ្លូវការនេះ មានការចូលរួមពីគណៈប្រតិភូកម្ពុជាដឹកនាំដោយ លោក និត ណារ៉ុង ប្រធានក្រុមលេខាធិការ (RBC) កម្ពុជា និងគណៈប្រតិភូថៃដឹកនាំដោយ លោក កាំផាក់ណាក វាផាន់ស៊ុ ប្រធានក្រុមលេខាធិការ (RBC ) ថៃ។ ភាគីទាំងពីរបានពិភាក្សាអំពីការបន្តជំរុញការអនុវត្តឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវខ្លឹមសារពេញលេញនៃសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេស លើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក្នុងនោះរួមទាំងការងារសម្របសម្រួលប្រតិបត្តិការ និងការដោះស្រាយបញ្ហាកម្រិតមូលដ្ឋានក្រៅផ្លូវការរបស់ក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៤ (កម្ពុជា) និងកងទ័ពភូមិភាគទី២ (ថៃ)។

លោក និត ណារ៉ុង ប្រធានក្រុមលេខាធិការ (RBC) កម្ពុជា 
លោក និត ណារ៉ុង ប្រធានក្រុមលេខាធិការ (RBC) កម្ពុជា 

ក្រសួងគូសបញ្ជាក់សាជាថ្មីយ៉ាងម៉ឺងម៉ាត់ក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញខ្ជាប់ខ្ជួន នូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត សំដៅស្វែងរកដំណោះស្រាយដោយសន្តិវិធី យុត្តិធម៌ និងយូរអង្វែងស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាសន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ៕

លោក កាំផាក់ណាក វាផាន់ស៊ុ ប្រធានក្រុមលេខាធិការ (RBC ) ថៃ  
លោក កាំផាក់ណាក វាផាន់ស៊ុ ប្រធានក្រុមលេខាធិការ (RBC ) ថៃ  
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត