
រាជធានីភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវដល់ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋឱ្យយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចកើតមានច្រើនក្នុងរដូវវស្សាឆ្នាំ២០២៦នេះ ពោលគឺចាប់ពីដើមខែឧសភាតទៅ...។

ផ្អែកតាមការព្យាករអាកាសធាតុលើកទី១ សម្រាប់រដូវវស្សា ចាប់ពីខែឧសភា ដល់ខែតុលា ឆ្នាំ២០២៦ ក្រសួងធនធានទឹក អះអាថា រដូវវស្សាអាចនឹងចាប់ផ្តើមនៅក្នុងសប្តាហ៍ទី១នៃខែឧសភា ពោលគឺលឿនជាងឆ្នាំ២០២៥។ ចំពោះសីតុណ្ហភាពវិញ មានលក្ខណៈដូចឆ្នាំមុន គឺចន្លោះពី២៥ទៅ៣៦អង្សាសេ។ ក្នុងនោះ ដើមរដូវវស្សាចាប់ពីខែឧសភា ដល់ខែមិថុនា បរិមាណទឹកភ្លៀងមានពីមធ្យមទៅច្រើន ហើយអាចសម្បូរបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់កើតឡើង។

លុះពេលចូលដល់ពាក់កណ្តាលរដូវវស្សា ពីខែកក្កដាដល់ខែសីហា បរិមាណទឹកភ្លៀងមានពីមធ្យមទៅច្រើន។ ទោះជាយ៉ាងនេះក្ដី កូនរដូវប្រាំង ក៏អាចនឹងកើតមាននៅក្នុងសប្តាហ៍ទី២ និងចប់ទៅវិញនៅពាក់កណ្តាលសប្តាហ៍ទី៣ នៃខែសីហា។ រីឯចុងរដូវវស្សាពីខែកញ្ញា ដល់ខែតុលា បរិមាណទឹកភ្លៀងមានពីច្រើនទៅមធ្យម៕





