
ភ្នំពេញ៖ នៅក្នុងរដូវវស្សាឆ្នាំ២០២២នេះ ទឹកភ្លៀងចាប់ផ្តើមធ្លាក់លឿនជាងរដូវវស្សាឆ្នាំមុនៗ ក្នុងលក្ខណៈរាយប៉ាយស្ទើរគ្រប់តំបន់ដែលអំណោយផលដល់ប្រជាកសិករដាំដុះដំណាំផ្សេងៗ។ តែយ៉ាងណា ឯឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានប្រាប់ឲ្យកសិករត្រូវយកចិត្តទុកដាក់ក្នុងថែទាំដំណាំរបស់ខ្លួន និងត្រៀមអនុវត្តវិធានការចាំបាច់នានា។

ក្នុងសារណែនាំការថែទាំស្រូវរដូវវស្សាឆ្នាំ២០២២ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានថ្លែងថា គិតត្រឹមថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ កសិករសម្រេចដាំដុះដំណាំស្រូវវស្សាបានចំនួនជាង៥០ម៉ឺនហិកតា ស្មើនឹង១៩,១៩ភាគរយ នៃផែនការ២លាន៦សែនហិកតា។ ក្នុងនោះមានស្រូវស្រាលចំនួនជាង៣សែនហិកតា,ស្រូវកណ្តាលចំនួនជិត១០ម៉ឺនហិកតា, ស្រូវធ្ងន់ចំនួនជិត៨ម៉ឺនហិកតា, ត្រូវចម្ការចំនួន៦៣៧ហិកតា និងស្រូវឡើងទឹកចំនួន៦ ១៤៣ហិកតា
ឯកឧត្តម វេង សាខុនបានបញ្ជាក់ថា ទំហំនៃការដាំស្រូវនៅដើមរដូវវស្សានេះ បើធៀបនឹងឆ្នាំ២០២១ក្នុងរយៈពេលដូចគ្នា គឺការដាំដុះដំណាំស្រូវមានភាពយឺតជាង ពីព្រោះកាលនោះនៅតំបន់មួយចំនួនលិចទឹក និងជោកជាំពេកមិនអាចភ្ជួររាស់កើត។

កាលពីគ្រោះទឹកជំនន់កាលពីឆ្នាំមុន គឺបានបណ្តាលឲ្យប៉ះពាល់ដំណាំស្រូវក្នុងខេត្តបន្ទាយមានជ័យ និងត្បូងឃ្មុំសរុបចំនួន៦ ០១៦ហិកតា ក្នុងនោះស្រូវចំនួន៣ ៥១៣ហិកតារងការខូចខាត។ ស្រូវក្នុងខេត្តបន្ទាយមានជ័យខូចខាតចំនួន២ ៣៨០ហិកតា ហើយស្រូវក្នុងខេត្តត្បូងឃ្មុំខូចខាតចំនួន១ ១៣៣ហិកតា។
ដើម្បីបង្ការកុំឲ្យដំណាំស្រូវនៅរដូវវស្សានេះរងផលប៉ះពាល់ទៀត រដ្ឋមន្ត្រីក្រសួងកសិកម្មបានណែនាំឲ្យមន្ទីរកសិកម្មរាជធានីខេត្ត និងអាជ្ញាធរនៅមូលដ្ឋាន គឺត្រូវណែនាំដល់កសិករឱ្យយកចិត្តទុកដាក់ពិនិត្យស្រែ និងត្រៀមលក្ខណៈរៀបចំដីស្រែ ជាពិសេសត្រូវបិទភ្លឺ និងបូមទឹកចេញពីក្នុងស្រែ ករណីមានការលិចលង់ដោយជំនន់ទឹកភ្លៀងដើមរដូវនេះ។ ម្យ៉ាងទៀតត្រូវចុះជំរុញឱ្យប្រជាកសិករចាប់ផ្តើមដាំដុះស្រូវរដូវវស្សាពឹងទឹកភ្លៀងនៅតំបន់ខ្ពស់ ដែលកសិករទម្លាប់ ដាំដុះក្នុងខែកក្កដា ឬខែសីហា ឱ្យប្រញាប់ប្រញាល់ដាំដុះ ព្រោះឆ្នាំនេះមិនមានកូនរដូវប្រាំងទេ។

ជាមួយគ្នានេះត្រូវណែនាំកសិករឲ្យត្រៀមឧបករណ៍ សម្ភារ និងគ្រាប់ពូជស្រូវ សម្រាប់ដាំដុះស្តារឡើងវិញក្នុងករណី មានការខូចខាតដំណាំស្រូវដោយសារទឹកជំនន់ ហើយអង្គភាពក្រោមឱវាទក្រសួង និងមន្ទីរត្រូវចុះពិនិត្យ និងវាយតម្លៃផលប៉ះពាល់ និងការខូចខាតដំណាំស្រូវដោយសារទឹកជំនន់ទឹកភ្លៀង។ លើសពីនេះត្រូវណែនាំដល់កសិករឲ្យចេះប្រើបច្ចេកទេសថែទាំដំណាំស្រូវ ដូចជាការប្រើប្រាស់ជីបំប៉ន ថ្នាំកសិកម្ម និងការគ្រប់គ្រងសមាសភាពចង្រៃ ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។
ឯកឧត្តម វេង សាខុន ក៏បានណែនាំឲ្យ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏ត្រូវសហការជាមួយស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន សំដៅជួយអន្តរាគមន៍ដល់កសិករក្រីក្រ និងអ្នកងាយរងគ្រោះដែលខ្វះលទ្ធភាពរកគ្រាប់ពូជស្រូវ ដើម្បីលើកសំណើសុំមកគណៈកម្មាធិការប្រព័ន្ធស្បៀងបម្រុងកម្ពុជា (ប.ស.ប.ក)ផងដែរ។ ជាពិសេសត្រូវសហការឱ្យបានល្អជាមួយនឹងរដ្ឋបាលថ្នាក់ក្រោមជាតិ វិស័យឯកជន និង ដៃគូអភិវឌ្ឍន៍នានា អនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ និងទទួលបានជោគជ័យ៕












