
(ខេត្តបន្ទាយមានជ័យ)៖ កសិករនៅជាយក្រុងសិរីសោភ័ណ ជាពិសេសនៅក្នុងសង្កាត់ព្រះពន្លា សង្កាត់កោះពងសត្វ និងសង្កាត់ភ្នៀត មានភាពសប្បាយរីករាយ ក្រោយដំណាំកសិកម្មរបស់ពួកគាត់មានទឹកផ្គត់ផ្គង់គ្រប់គ្រាន់ ខណៈឯដំណាំក៏មានជីវជាតិល្អ។

យោងតាមលោកស្រី ឆាត សុជា ចៅសង្កាត់ព្រះពន្លា បានឱ្យដឹងថា ការប្រកបរបរកសិកម្មក្នុងសង្កាត់ព្រះពន្លាគឺអំណោយផលល្អ ផ្ទុយទៅវិញចំពោះអាជីវកលក់ដូរ គឺមានការលំបាកបន្តិច ព្រោះអាកាសធាតុភ្លៀងញឹកញាប់ពិបាកក្នុងការរកស៊ី និងការធ្វើដំណើរជាដើម។

ចៅសង្កាត់រូបនេះ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋឱ្យយកចិត្តទុកដាក់លើបញ្ហាសុខភាពផងដែរ ជាពិសេសនារដូវវស្សានេះមានភ្លៀងធ្លាក់ច្រើន ដែលអាចងាយកើតជាជំងឺផ្ដាសាយផ្សេងៗ។
គួររំឮកផងដែរថា កាលពីល្ងាចថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ ភ្លៀងបានបន្តធ្លាក់ ជាច្រើនម៉ោងបណ្ដាលឱ្យលិចផ្លូវមួយចំនួនក្នុងក្រុងសិរីសោភ័ណ តែពេលនេះអាចធ្វើដំណើរបានធម្មតាវិញហើយ ដោយភ្លៀងនៅតែបន្តធ្លាក់ពីតិចទៅមធ្យម៕
រាយការណ៍ដោយ៖ លោក ឈុនមករា



