
រដ្ឋធានីហាណូយ៖ វិស័យនាំចេញផ្លែឈើ និងបន្លែរបស់ប្រទេសវៀតណាម បានបង្ហាញសន្ទុះយ៉ាងខ្លាំងក្លានៅដើមឆ្នាំ២០២៦នេះ ដោយសម្រេចបាននូវតម្លៃនាំចេញសរុបប្រមាណ២,០៦ពាន់លានដុល្លារ ក្នុងរយៈពេល៤ខែដំបូង កើនឡើង២២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន...។

យោងតាមសមាគមបន្លែ និងផ្លែឈើវៀតណាម បានឱ្យដឹងថា គ្រាន់តែក្នុងខែមេសា ការរកចំណូលបានពីការនាំចេញមានចំនួនដល់ទៅ៥៣២លានដុល្លារ ដែលនេះជាសញ្ញាវិជ្ជមានឆ្លុះបញ្ចាំងពីតម្រូវការទីផ្សារសកលដ៏រឹងមាំ និងការកើនឡើងនូវគុណភាពផលិតផលស្របតាមស្ដង់ដារអន្តរជាតិ។ មុខទំនិញសំខាន់ៗដែលជំរុញឱ្យមានកំណើន រួមមាន៖ ទុរេន ខ្នុរ ដូង ផ្លែផាសិន ក្រូចថ្លុង និងមៀន។ ប្រទេសចិន នៅតែរក្សាតំណែងជាទីផ្សារធំបំផុតរបស់វៀតណាម ដោយក្ដោបក្ដាប់ចំណែកនាំចេញជាងពាក់កណ្ដាលនៃតម្លៃសរុប តាមពីក្រោយដោយសហរដ្ឋអាម៉េរិក កូរ៉េខាងត្បូង និងជប៉ុន។ ទោះបីជាការនាំចូលបន្លែផ្លែឈើពីក្រៅប្រទេសមានការកើនឡើង២៥,៧ភាគរយក៏ដោយ ប៉ុន្តែវិស័យកសិកម្មវៀតណាម នៅតែរក្សាបាននូវអតិរេកពាណិជ្ជកម្មជិត៩៩៨លានដុល្លារ ក្នុងអំឡុងខែមករាដល់ខែមេសា។

លោក ដាំង ហ្វុកង្វៀង (Đặng Phúc Nguyên) អគ្គលេខាធិការសមាគម បានលើកឡើងថា អាជីវកម្មវៀតណាមចាំបាច់ត្រូវតែធ្វើទំនើបកម្មនៃការផលិត និងប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ក្នុងការគ្រប់គ្រងតំបន់ដាំដុះ ដើម្បីពង្រឹងសមត្ថភាពប្រកួតប្រជែង។ ជាមួយនឹងការឈានចូលដល់រដូវប្រមូលផលខ្ពស់នៃផ្លែក្រឡាញ់ ស្វាយ និងទុរេន ក្នុងត្រីមាសទី២ រួមទាំងពិធីសារថ្មីៗសម្រាប់ការនាំចេញផ្លែឈើក្លាសេ និងដូងស្រស់ វៀតណាមមានទំនុកចិត្តយ៉ាងខ្លាំងក្នុងការសម្រេចឱ្យបាននូវគោលដៅនាំចេញ ១០ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៦នេះ បន្ទាប់ពីសម្រេចបាន៨,៥ពាន់លានដុល្លារកាលពីឆ្នាំមុន៕



