
រដ្ឋធានីប៉េកាំង៖ ក្រោយពីបានកាន់កាប់តំណែងប្រមុខរដ្ឋ មេដឹកនាំកំពូលវៀតណាម លោក តូ ឡឹម (To Lam) នឹងហោះទៅបំពេញទស្សនកិច្ចនៅប្រទេសចិន នាសប្តាហ៍ក្រោយ ខណៈទំនាក់ទំនងរវាងអតីតសត្រូវស៊ូពូជទាំង២ ហាក់ងាកមកស្អិតល្មួតដូចទឹក និងត្រី។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋចិនស៊ីនហួ...។

មាននាមជាប្រធានរដ្ឋថ្មីថ្មោង និងជាអគ្គលេខាបក្សកុម្មុយនីស្ដវៀតណាម លោក តូ ឡឹម នឹងអញ្ជើញទៅកាន់ប្រទេសចិន ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែមេសាខាងមុខ។ នេះជាដំណើរទស្សនកិច្ចទៅក្រៅប្រទេសលើកដំបូងបំផុតរបស់លោក តូ ឡឹម ចាប់តាំងពីលោកត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋ ហើយលោកក៏នឹងត្រូវជួបពិភាក្សាការងារជាមួយសមភាគីចិន គឺលោកប្រធានាធិបតី ស៊ី ជីនពីង ផងដែរ។ ក្រសួងការបរទេសចិនបានលើកឡើងថា ការដែលលោក តូ ឡឹម ជ្រើសយកប្រទេសចិន សម្រាប់ដំណើរទស្សនកិច្ចលើកដំបូងរបស់លោកបែបនេះ បានបង្ហាញយ៉ាងច្បាស់ពីសារសំខាន់កម្រិតខ្ពស់ លើការអភិវឌ្ឍទំនាក់ទំនងរវាងបក្ស និងរដ្ឋនៃប្រទេសទាំង២។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ៅ នីង (Mao Ning) បានលើកឡើងថា ចិន រំពឹងថានឹងធ្វើឱ្យកាន់តែស៊ីជម្រៅនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយវៀតណាម។

សូមជម្រាបថា ចិន-វៀតណាម កំពុងមានទំនាក់ទំនងកាន់តែជិតស្និទ្ធ និងសម្រេចបាននូវកិច្ចសហប្រតិបត្តិការរួមគ្នាក្នុងវិស័យរសើបៗជាច្រើន រួមមាន៖ បណ្តាញផ្លូវដែក តំបន់សេដ្ឋកិច្ចពិសេសក្នុងប្រទេសវៀតណាមជិតព្រំដែនចិន និងការប្រើប្រាស់បច្ចេកវិទ្យារបស់ចិននៅក្នុងបណ្តាញ5G។ ពាណិជ្ជកម្ម និងការវិនិយោគ គឺជាឆ្អឹងខ្នងនៃទំនាក់ទំនងទ្វេភាគី ដូច្នេះ ក្នុងកំលុងដំណើរទស្សនកិច្ចខាងមុខនេះ ភាគីទាំង២ អាចនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីៗ ស្តីពីហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ និងវិស័យផ្សេងៗទៀត។ ចិន គឺជាដៃគូពាណិជ្ជកម្មធំបំផុតរបស់វៀតណាម ខណៈរដ្ឋធានីហាណូយ កាន់កាប់តំណែងកំពូលនៅក្នុងអាស៊ាន ជាដៃគូធំបំផុតរបស់ចិន ជាមួយនឹងខ្សែច្រវាក់ផ្គត់ផ្គង់ ដែលបានផ្សារភ្ជាប់គ្នាយ៉ាងស៊ីជម្រៅ។

គេនៅចាំបានថា ដំណើរទស្សនកិច្ចចុងក្រោយរបស់លោក តូ ឡឹម ទៅកាន់ប្រទេសចិន កាលពីខែសីហា ឆ្នាំ២០២៤ នៅពេលនោះ លោក តូឡឹម ទើបតែត្រូវបានតែងតាំងជាអគ្គលេខាបក្សកុម្មុយនីស្ដវៀតណាម។ ទោះជាយ៉ាងណាក៏ដោយ ភាពរសើបជាប្រវត្តិសាស្ត្រ ជុំវិញការទាមទារដែនទឹកនៅសមុទ្ទចិនខាងត្បូង នៅតែជាចំណុចតានតឹងបំផុតក្នុងទំនាក់ទំនងរបស់ប្រទេសជាប់របងព្រំដែនទាំង២៕



