លោក តូ ឡាំ ក្ដោបក្ដាប់អំណាចកំពូលម្នាក់ឯងជាប្រធានរដ្ឋផង និងអគ្គលេខាធិការបក្សផង
N
Nary Vann
2 ថ្ងៃមុន

រដ្ឋធានីហាណូយ៖ នៅក្នុងព្រឹត្តិការណ៍នយោបាយជាប្រវត្តិសាស្ត្រ ដែលផ្លាស់ប្ដូរមុខមាត់ប្រទេសវៀតណាមទាំងស្រុង សភាជាតិវៀតណាម បានបោះឆ្នោតជាឯកច្ឆន្ទនៅថ្ងៃទី៧ ខែមេសានេះ ជ្រើសតាំងអគ្គលេខាធិការបក្សកុម្មុយនីស្ដវៀតណាម លោក តូ ឡាំ (To Lam) ឱ្យកាន់តំណែងជាប្រធានរដ្ឋសម្រាប់រយៈពេល៥ឆ្នាំខាងមុខ។ ការសម្រេចចិត្តនេះ ធ្វើឱ្យលោកក្លាយជាមេដឹកនាំមានអំណាចខ្លាំងបំផុត ក្នុងរយៈពេលរាប់សិបឆ្នាំមកនេះ ដោយសារលោកកាន់កាប់តំណែងកំពូលទាំងពីរក្នុងពេលតែមួយ។

លោក តូ ឡាំ
លោក តូ ឡាំ

យោងតាមអ្នកវិភាគអន្តរជាតិ ការបង្រួបបង្រួមអំណាចនេះ គឺជាការបំបែកនូវប្រពៃណីនៃការដឹកនាំបែបសមូហភាពរបស់វៀតណាម ដែលមានតាំងពីយូរលង់មកហើយ។ ជំហានថ្មីនេះ ត្រូវបានគេមើលឃើញថា វៀតណាមកំពុងដើរតាមគំរូដឹកនាំរបស់ប្រទេសចិន ដែលផ្ដល់អំណាចផ្ដាច់មុខលើបុគ្គលតែម្នាក់ ដើម្បីពង្រឹងប្រសិទ្ធភាពនៃការសម្រេចចិត្តឱ្យបានឆាប់រហ័ស ប៉ុន្តែក៏រងការរិះគន់ថា អាចនាំប្រទេសឆ្ពោះទៅរករបបផ្តាច់ការកាន់តែខ្លាំង។

នៅក្នុងសន្ទរកថា ដែលត្រូវបានផ្សាយផ្ទាល់តាមទូរទស្សន៍ លោក តូ ឡាំ បានថ្លែងថា វាគឺជាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតដែលលោកទទួលបានតំណែងទាំងពីរនេះ។ លោកបានប្តេជ្ញាចិត្តដឹកនាំវៀតណាមតាមរយៈ «គំរូកំណើនថ្មី» ដោយផ្ដោតលើ៖ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា, បរិវត្តកម្មឌីជីថល និងវិស័យការពារជាតិលោក ឡេ ហុងហៀប (Le Hong Hiep) អ្នកជំនាញជាន់ខ្ពស់មកពីវិទ្យាស្ថាន ISEAS នៅប្រទេសសិង្ហបុរី បានលើកឡើងថា ការប្រមូលផ្ដុំអំណាចក្នុងដៃ លោក តូ ឡាំ អាចផ្ដល់ផលចំណេញក្នុងការអនុវត្តគោលនយោបាយបានលឿន និងមានប្រសិទ្ធភាព ប៉ុន្តែក៏ជាហានិភ័យដល់ប្រព័ន្ធនយោបាយវៀតណាម ប្រសិនបើមានការប្រើប្រាស់អំណាចបែបផ្តាច់ការហួសហេតុ។

គួររំឭកផងដែរថា លោក តូ ឡាំ ធ្លាប់ជាអតីតរដ្ឋមន្ត្រីក្រសួងនគរបាល ដែលមានឥទ្ធិពលបំផុត ហើយលោកធ្លាប់បានកាន់តំណែងទាំងពីរនេះ មួយរយៈពេលខ្លី បន្ទាប់ពីមរណភាពរបស់អគ្គលេខាធិការបក្ស ង្វៀន ភូជុង (Nguyen Phu Trong) កាលពីឆ្នាំ២០២៤។ ការត្រឡប់មកកាន់តំណែងប្រធានរដ្ឋវិញនៅពេលនេះ បានបញ្ជាក់យ៉ាងច្បាស់ថា វៀតណាមបានឈានចូលដល់ «របត់នយោបាយថ្មី» ដែលខុសប្លែកពីការសន្មតពីមុនៗទាំងស្រុង៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត