
រដ្ឋធានីហាណូយ៖ ភ្លៀងធ្លាក់ខ្លាំង ផ្គររន្ទះ ខ្យល់កន្ត្រាក់ មានទាំងព្រិលផង បានវាយប្រហាររដ្ឋធានីហាណូយ និងបណ្តាខេត្តនៅភាគខាងជើងប្រទេសវៀតណាម កាលពីថ្ងៃអាទិត្យទី២៨ និងថ្ងៃចន្ទទី២៩ ខែមីនា បណ្ដាលឱ្យមនុស្ស៤នាក់ស្លាប់ និង៩នាក់ទៀតរងរបួស ព្រមទាំងបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធ។

យោងតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយវៀតណាម ជនរងគ្រោះដែលបាត់បង់ជីវិតរួមមាន ២នាក់ដោយសាររន្ទះបាញ់ និង២នាក់ទៀតដោយសារខ្យល់ខ្លាំងបោកបក់ធ្វើឱ្យលិចទូក។ ផ្ទះចំនួន១៣ខ្នង ត្រូវបានបំផ្លាញទាំងស្រុង និងជាង៦៥០០ខ្នងទៀតរងការខូចខាត ឬរបើកដំបូល។ លើសពីនេះ ផ្ទៃដីស្រែ៣៥ហិកតា និងដំណាំផ្សេងៗជិត១៨២ហិកតា ត្រូវបានបំផ្លាញ ព្រមទាំងងាប់បសុបក្សីជាង១២០០ក្បាល។ សាលារៀន៣៤កន្លែង និងអគាររដ្ឋបាលមួយចំនួន រងការខូចខាត រួមទាំងបង្គោលភ្លើង ២១ដើមត្រូវបានដួលរលំ បណ្ដាលឱ្យដាច់ចរន្តអគ្គិសនីនៅតំបន់ខ្លះក្នុងរដ្ឋធានីហាណូយ។

មជ្ឈមណ្ឌលព្យាករណ៍អាកាសធាតុជាតិ បានព្រមានថា ចាប់ពីយប់ថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី១ ខែមេសា តំបន់ភាគខាងជើងវៀតណាម នឹងទទួលរងឥទ្ធិពលរលកធាតុអាកាសត្រជាក់ខ្សោយ។ អាជ្ញាធរបានអំពាវនាវឱ្យប្រជាពលរដ្ឋ កម្រិតការធ្វើសកម្មភាពនៅខាងក្រៅផ្ទះ អំឡុងពេលមានភ្លៀងផ្គរ ហើយត្រូវពង្រឹងដំបូលផ្ទះ ការពារទ្រព្យសម្បត្តិឱ្យបានល្អ និងតាមដានព័ត៌មានព្យាករណ៍អាកាសធាតុឱ្យបានជាប់ជាប្រចាំ ដើម្បីត្រៀមលក្ខណៈឆ្លើយតបបន្ទាន់៕



