
រដ្ឋធានីហាណូយ៖ ប្រធានាធិបតីវៀតណាម លោក តូ ឡឹម (To Lam) នឹងទទួលស្វាគមន៍សមភាគីកូរ៉េខាងត្បូង លោក លី ជេម្យុង (Lee Jae Myung) នៅក្នុងរដ្ឋធានីហាណូយ នាថ្ងៃទី២៣ ខែមេសា ខាងមុខ។ នេះបើយោងតាមប្រភពពីទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

នេះគឺជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់មេដឹកនាំបរទេសទៅកាន់ប្រទេសវៀតណាម ចាប់តាំងពីលោក តូ ឡឹម ត្រូវបានជ្រើសតាំងជាប្រធានាធិបតី កាលពីសប្តាហ៍មុន។ មេដឹកនាំទាំង២ រំពឹងថានឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរដ្ឋាភិបាលមួយចំនួន។ កូរ៉េខាងត្បូងកំពុងចាប់អារម្មណ៍លើគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗនៅវៀតណាម ដូចជា៖ ផ្លូវរថភ្លើង និងរោងចក្រថាមពលនុយក្លេអ៊ែរ។

សូមជម្រាបថា កូរ៉េខាងត្បូង គឺជាអ្នកវិនិយោគធំជាងគេនៅវៀតណាម ប៉ុន្តែការសន្យាវិនិយោគបានធ្លាក់ចុះប្រហែល២៥ភាគរយ កាលពីឆ្នាំមុន ដោយសារភាពមិនច្បាស់លាស់នៃពាណិជ្ជកម្ម និងបទប្បញ្ញត្តិមួយចំនួន។ លោក លី ជេម្យុង នឹងធ្វើដំណើរទៅជាមួយគណៈប្រតិភូធុរកិច្ចគ្រាក់ៗ រួមទាំងមន្ត្រីមកពីក្រុមហ៊ុនសាំស៊ុង (Samsung) ផងដែរ។ មានសេចក្តីរាយការណ៍ថា កិច្ចពិភាក្សាលើការសាងសង់រោងចក្រផលិតបន្ទះឈីបនៅវៀតណាមមានការវិវត្តទៅមុខ ប៉ុន្តែព័ត៌មានលម្អិតអំពីទំហំវិនិយោគ (ដែលធ្លាប់លេចឮថាមានចំនួន៤ពាន់លានដុល្លារ) នៅមិនទាន់ត្រូវបានបញ្ជាក់ជាផ្លូវការនៅឡើយទេ។

គួរបញ្ជាក់ថា ជំនួបនេះនឹងក្លាយជាជំនួបលើកទី២ រវាងមេដឹកនាំទាំង២ ក្នុងរយៈពេលប្រហែល៨ខែ បន្ទាប់ពីលោក តូ ឡឹម បានទៅបំពេញទស្សនកិច្ចនៅរដ្ឋធានីសេអ៊ូល កាលពីខែសីហា កន្លងទៅ៕


