
គួឡាឡាំពួរ៖ អាជ្ញាធរសន្តិសុខម៉ាឡេស៊ីបានប្រកាសបន្តយុទ្ធនាការដែកថែប នៅតាមបណ្តោយព្រំដែនជាប់ប្រទេសថៃ ដោយត្រៀមស្នើសុំកញ្ចប់ថវិកាបន្ថែមពីរាជរដ្ឋាភិបាល ដើម្បីបោះបង្គោល(ឬរបង)លួសបន្លាបិទខ្ទប់រាល់ច្រករបៀងខុសច្បាប់ដែលនៅសេសសល់ទាំងអស់។

យោងតាមការចុះផ្សាយរបស់ភ្នាក់ងារសារព័ត៌មាន Bernama លោក អាម៉េដ រ៉ាដហ្ស៊ី (Ahmad Radzi) មេបញ្ជាការកងកម្លាំងប្រតិបត្តិការទូទៅរបស់ម៉ាឡេស៊ី បានបញ្ជាក់ថា អាជ្ញាធរកំពុងស្នើសុំការគាំទ្រផ្នែកហិរញ្ញវត្ថុតាមរយៈក្រុមប្រឹក្សាសន្តិសុខជាតិ ដើម្បីដំឡើងរបងសន្តិសុខបិទច្រកព្រំដែនចំនួន៦៩កន្លែងទៀតជាស្ថាពរ បន្ទាប់ពីបានកម្ទេចផែខុសច្បាប់នៅតាមទីតាំងទាំងនោះរួចរាល់។

ការឈានទៅរកជំហានទីពីរនេះ ធ្វើឡើងបន្ទាប់ពីម៉ាឡេស៊ីបានសម្រេចជោគជ័យក្នុងដំណាក់កាលទីមួយ ដោយបានស្ថាបនារបងលួសបន្លាប្រវែង១,៥គីឡូម៉ែត្រ គ្របដណ្ដប់លើច្រកខុសច្បាប់ចំនួន២៧កន្លែង ដែលស្ថិតនៅទល់មុខស្រុក Sungai Kolok ខេត្តនរាធិរាសរបស់ប្រទេសថៃ កាលពីដើមខែនេះ។ វិធានការដ៏ក្ដៅគគុកនេះ មានគោលបំណងចម្បងក្នុងការបង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទ ជាពិសេសការរត់ពន្ធទំនិញ ការជួញដូរមនុស្ស និងការចរាចរគ្រឿងញៀនខុសច្បាប់រវាងរដ្ឋ Kelantan (ខេឡានថាន) របស់ម៉ាឡេស៊ី និងខេត្តនរាធិរាសរបស់ថៃ។

រាល់ច្រករបៀងខុសច្បាប់ទាំងនេះ ភាគច្រើនផ្ដើមចេញពីផែទឹកដែលត្រូវបានសាងសង់ឡើងដោយគ្មានការអនុញ្ញាតនៅតាមបណ្ដោយទន្លេ Golok។ រាជរដ្ឋាភិបាលម៉ាឡេស៊ីបានសម្រេចកម្ទេចផែទាំងនោះចោលទាំងស្រុង ដើម្បីធានាថាគ្មានសកម្មភាពលួចឆ្លងដែនតទៅទៀតឡើយ។ គម្រោងស្ថាបនារបងការពារសន្តិសុខទូទាំងតំបន់ព្រំដែននេះ ត្រូវបានគេប៉ាន់ប្រមាណថាមានតម្លៃប្រហែល១សែនរីងហ្គីត (ម៉ាឡេស៊ី) ស្មើនឹងប្រមាណ៨សែនបាត (ថៃ) ដែលជាការវិនិយោគដ៏សំខាន់សម្រាប់ស្ថិរភាពសន្តិសុខជាតិរវាងប្រទេសជិតខាងទាំងពីរ៕



