ជ្រួលច្របល់ខ្លាំង! ថៃប្រញាប់ប្រញាល់បញ្ចេញគម្រោងទិញនាវាចម្បាំងថ្មី ក្រោយឃើញកម្ពុជាទទួលបាននាវាពីចិន
ហៀប ស៊ីថេត
2 ម៉ោងមុន

រាជធានីបាងកក៖ បន្ទាប់ឃើញកម្ពុជាទទួលបានការចាប់អារម្មណ៍ខ្លាំង តាមរយៈការធ្វើទំនើបកម្មយោធាដែនសមុទ្ទ តាមរយៈការទទួលបាននាវាការពារដែនទឹកពីសម្ព័ន្ធមិត្តដែកថែបចិន ថៃកំពុងបង្ហាញសញ្ញានៃការជ្រួលច្របល់ និងឆ្លេឆ្លាជាខ្លាំង។ ជាក់ស្តែង កាលពីថ្ងៃពុធទី២២ ខែមេសា ឆ្នាំ២០២៦ កងទ័ពជើងទឹកថៃ បានបង្ហាញឈ្មោះក្រុមហ៊ុនធំៗចំនួន៦ ដែលបានដាក់ដេញថ្លៃក្នុងគម្រោងទិញនាវាចម្បាំងប្រភេទ Frigate ថ្មី។

រូបភាព៖ The Nation
រូបភាព៖ The Nation

បញ្ជីឈ្មោះក្រុមហ៊ុនទាំង៦ ដែលចូលរួមដេញថ្លៃរួមមាន៖ ក្រុមហ៊ុន Hyundai Heavy Industries របស់កូរ៉េខាងត្បូង, ក្រុមហ៊ុន Hanwha Ocean របស់កូរ៉េខាងត្បូង, ក្រុមហ៊ុន Singapore Technologies Engineering របស់សិង្ហបុរី, ក្រុមហ៊ុន ASFAT របស់តួកគី, ក្រុមហ៊ុន TAIS Gemi របស់តួកគី, និងក្រុមហ៊ុន Navantia របស់អេស្ប៉ាញ

បើទោះបីជាអ្នកនាំពាក្យកងទ័ពជើងទឹកថៃ លោក ប៉ារាជ រតនជ័យភណ្ឌ (ปารัช รัตนชัยพันธ์) បានសង្កត់ធ្ងន់លើតម្លាភាព និងគណនេយ្យភាព តាមរយៈគម្រោងនៃកិច្ចព្រមព្រៀងទាំងនេះក៏ដោយ ប៉ុន្តែអ្នកវិភាគយោធាបានសន្មតថា ការបង្កើនល្បឿននៃគម្រោងទិញនាវាចម្បាំងនេះ កើតឡើងស្របពេលកម្ពុជាទទួលបាននាវាចម្បាំង Corvette ប្រភេទ 056C ពីប្រទេសចិន។ ថ្វីដ្បិតតែថៃ ព្យាយាមប្រើពាក្យថា ដើម្បីការពារផលប្រយោជន៍ជាតិក៏ដោយ ប៉ុន្តែវាហាក់បង្កប់នូវផែនការទុច្ចរិតអ្វីម្យ៉ាង។

លោក ប៉ារ៉ាច់ រតនជ័យភណ្ឌ, រូបភាព៖ The Nation
លោក ប៉ារ៉ាច់ រតនជ័យភណ្ឌ, រូបភាព៖ The Nation

សូមរំឭកបន្តិចថា មហាយក្សចិន សន្យាផ្តល់នាវាចម្បាំង Corvette ប្រភេទ 056C ចំនួន២គ្រឿង ​ឱ្យមកយោធាកម្ពុជា ចាប់តាំងពីឆ្នាំ២០២៤មកម្ល៉េះ។ យ៉ាងណា កម្ពុជាទើបតែទទួលបាន១គ្រឿងប៉ុណ្ណោះ នៅដើមខែមេសា ឆ្នាំ២០២៦នេះ ហើយបើគ្មានអ្វីប្រែប្រួល ប្រហែល១ខែ ឬ២ខែទៀត ចិននឹងប្រគល់នាវាចម្បាំងប្រភេទនេះដដែល ឱ្យមកកម្ពុជាថែម១គ្រឿងទៀត៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត