
បទបរិយាយ៖ នៅក្នុងសៀវភៅប្រវត្តិសាស្ត្រអាស៊ីអាគ្នេយ៍ គ្មានទំព័រណាមួយដែលរន្ធត់ កម្សត់ និងជូរចត់ជាងកម្ពុជានោះឡើយ។ ចាប់តាំងពីពន្លឺនៃអាណាចក្រអង្គរបានរលត់នៅសតវត្សរ៍ទី១៥ នគរខ្មែរ បានធ្លាក់ខ្លួនចូលទៅក្នុងភាពស្មុគស្មាញ រង្គោះរង្គើរ និងបែកបាក់សាមគ្គីភាព។ សំណួរជាច្រើនបានលេចឡើងជាហូរហែរនៅក្នុងសង្គមខ្មែរ និងអន្តរជាតិ ថា មហាអំណាចអាណាចក្រខ្មែរ ដែលធ្លាប់តែរ៉ុងរឿង និងត្រួតត្រាស្ទើរទូទាំងជ្រោយអាស៊ីអាគ្នេយ៍ ហេតុអ្វីបែរជាមកចាញ់ប្រៀបនគរសៀមក្នុងរយៈពេល៥សតវត្សរ៍ចុងក្រោយនេះ..? ថ្ងៃនេះ SBM News នឹងបកស្រាយល្បើកប្រវត្តិសាស្ត្រអាថ៌កម្បាំងទាំងនេះ ពីមួយសម័យកាលទៅមួយសម័យកាល ពីមួយដំណាក់កាលទៅមួយដំណាក់ ជូនទៅដល់បងប្អូនជនរួមឈាម ដើម្បីជាសារដាស់ស្មារតីកូនខ្មែរជំនាន់ក្រោយ ដែលមានឈាមជាអ្នកចម្បាំងក្រុងអង្គរ ឱ្យភ្ញាក់ចេញពីសុបិនអតីតកាលដ៏ជូរចត់...។

ប្រវត្តិសាស្ត្រ គឺជាឫសកែវដ៏ជូរចត់សម្រាប់ពលរដ្ឋកម្ពុជា។ ចាប់តាំងពីព្រះបាទពញាយ៉ាត សម្រេចព្រះទ័យបោះបង់ក្រុងអង្គរចោលនៅឆ្នាំ១៤៣១ នាសតវត្សរ៍ទី១៥។ នគរខ្មែរ ហាក់ដូចជាត្រូវបណ្តាសារទេវតា ដោយបានធ្លាក់ក្នុងវិបត្តិដណ្ដើមរាជ្យជារឿយៗ ជាឱកាសមាសសម្រាប់ប្រទេសជិតខាងបើកការទន្ទ្រានឈ្លានពាន ជាពិសេស គឺ «សៀម»។ តួយ៉ាង ក្នុងសតវត្សរ៍ទី១៦ ជម្លោះដណ្ដើមរាជ្យបានផុសឡើងក្នុងសង្គមខ្មែរ។ នាសម័យលង្វែក មហិច្ឆតារបស់ស្ដេចកន ដែលកើតក្នុងអំបូរពលព្រះ និងជាប្អូនថ្លៃរបស់ព្រះបាទស្រីសុគន្ធបទ បានបង្កសង្គ្រាមស៊ីវិលបង្ហូឈាមជាតិសាសន៍ឯង បង្ខំឱ្យព្រះអង្គចន្ទរាជា ភៀសព្រះកាយទៅស្រុកសៀមក្នុងឆ្នាំ១៥១២។ ក្រោយមកទ្រង់យាងត្រឡប់មកវិញ ដើម្បីធ្វើគត់ស្តេចកននៅឆ្នាំ១៥២៥ ដើម្បីស្រោចស្រង់ព្រះនគរ និងដណ្តើមយករាជបល្ល័ង្កមកវិញ។ មេរៀននេះ មិនទាន់រលត់ស្រួលបួលផង សោកនាដកម្មស្រដៀងគ្នា ក៏បានកើតឡើងម្ដងទៀតនៅសម័យឧដុង្គក្នុងឆ្នាំ១៧៤៨ តាមរយៈជម្លោះរវាងព្រះអង្គស្ងួន និងអង្គចន្ទ ឬ(ព្រះឧទ័យរាជា)។

ព្រះអង្គទាំងទ្វេ សុទ្ធតែទាញសត្រូវជិតខាងទាំងសៀម និងអាណ្ណាម(យួន) ឱ្យមកកាងអំណាច ក្នុងមហិច្ឆតាគ្រោងរាជបល្ល័ង្ក ដែលកំពុងមានភាពរង្គោះរង្គើស្រាប់។ ការឈ្លោះជាមួយបងប្អូនឯងដើម្បីដណ្ដើមរាជ្យនេះ ប្រៀបដូចជាហែកទ្រូងឱ្យក្អែកចឹក និងនាំសត្រូវចូលផ្ទះ ធ្វើឱ្យជាតិសាសន៍ និងអធិបតេយ្យភាពទាំងមូលត្រូវបង់ និងធ្វើឱ្យនយោបាយផ្ទៃក្នុងបែកបាក់ ប្រេះឆា ខណៈទឹកដីខ្មែរកាន់តែរួមតូចទៅៗ ពីមួយជំនាន់ទៅមួយជំនាន់។ ភាពទន់ខ្សោយផ្នែកនយោបាយផ្ទៃក្នុង គឺជាបុព្វហេតុស្នូលដែលធ្វើឱ្យខ្មែរចាញ់ប្រៀបប្រទេសជិតខាងទាំងពីរដែលមានឥទ្ធិពល និងធំជាងខ្លួន។ ជាទឡ្ហីករណ៍ ស្របពេលនយោបាយផ្ទៃក្នុងខ្មែរ ដាំក្បាលចុះយ៉ាងសន្សឹមៗ សត្រូវប៉ែកខាងលិចបានប្រើសង្គ្រាមចិត្តសាស្ត្រ ខ្វេះយកដួងព្រលឹងរបស់អាណាចក្រខ្មែរស្ទើរតែទាំងស្រុងដូចជា៖ អ្នកប្រាជ្ញ គម្ពីរ ក្បួនតម្រា សាស្ត្រា មាសពេជ្រកែវកងពិទូរ្យសូរ្យកាន្ត របស់របរមានតម្លៃជាច្រើនទៀត និងជាពិសេស ការកែនយកពលរដ្ឋខ្មែររាប់ម៉ឺនសែននាក់ឱ្យទៅរស់នៅស្រុកសៀមពីមួយជំនាន់ទៅមួយជមនាន់ ធ្វើឱ្យខ្មែរបាត់បង់អ្នកចេះដឹងបន្តិចម្ដងៗ យូរៗទៅពលរដ្ឋខ្មែរទាំងនោះបានរលាយពូជទៅជាសៀមរហូតដល់សព្វថ្ងៃ។

ជាការពិតណាស់ ក្នុងសម័យលង្វែក ព្រះបាទសត្ថាទី១ ហាក់បង្ហាញពីភាពកម្សោយនៃការដឹកនាំរបស់ទ្រង់ ព្រោះបានទៅជួយរំដោះក្រុងអយុធ្យារបស់សៀមដែលជាសត្រូវតជំនាន់ ពីការត្រួតត្រារបស់ភូមា រហូតក្រោយមក សៀមរមិលគុល បានប្រើកលល្បិចបញ្ជូនព្រះសង្ឃមកយកការណ៍ក្នុងបន្ទាយលង្វែក និងប្រើល្បិចបាចប្រាក់ដួងចូលគុម្ពឫស្សីដើម្បីបំផ្លាញកំពែងការពារក្រុងដ៏រឹងមាំ។ ដោយស្រុកទេសជួបកលិយុគ ពលរដ្ឋធ្លាក់ខ្លួនក្រក្រី និងភាពឆោតល្ងង់ ធ្វើឱ្យប្រជាជនខ្មែរនាសម័យនោះ ចង់បានប្រាក់ដួង ក៏នាំគ្នាកាប់ឆ្ការគុម្ពឫស្សី ដែលជាកំពែងការពារជាតិដ៏រឹងមាំឱ្យរាបដល់ដី។ គួបផ្សំនឹងការតែងតាំងបុត្រ ដែលទើបមានព្រះជន្ម១១ព្រះវស្សាឱ្យគ្រងរាជសម្បត្តិ ធ្វើឱ្យខ្សែរាជវង្ស នាម៉ឺនសព្វមុខមន្រ្តី ប្រជានុរាស្ដ្រមិនពេញផងនោះ ពួកគេបានបាត់បង់ស្មារតីប្រយុទ្ធជាមួយចោរសៀមឈ្លានពាន ហើយព្រះនគរក៏ត្រូវធ្លាក់ជាចំណុះរបស់សៀម។ ការបាត់បង់ម្ចាស់ការផ្នែកស្មារតីនេះ បានរុញច្រានប្រទេសកម្ពុជាឱ្យធ្លាក់ទៅក្នុងអន្ទាក់របស់សៀមយ៉ាងសន្សឹមៗ។ ក្នុងរជ្ជកាល ព្រះបាទអង្គឌួង នាឆ្នាំ(១៨៤១-១៨៦០) បានធ្វើឱ្យប្រទេសកម្ពុជាស្ថិតក្នុងស្ថានភាពមួយអាក្រក់បំផុត ដោយសារតែ «ប្រព័ន្ធនយោបាយត្រីភាគី»។

គ្រានោះ ទ្រង់បានព្យាយាមពឹងសៀមដើម្បីទប់ឥទ្ធិពលអាណ្ណាម ឬយួន និងក្រោយមកបានរត់ទៅពឹងបារាំង ទប់ឥទ្ធិពលពីស្តេចសៀមវិញ។ យុទ្ធសាស្ត្រ «ពឹងខ្លាខាំក្រពើ» នេះ បានធ្វើឱ្យកម្ពុជាបាត់បង់ឯករាជ្យភាពម្ចាស់ការ ព្រោះរាល់ពេលដែលទ្រង់ងាកទៅរកមហាអំណាចណាមួយ មហាអំណាចមួយទៀត តែងតែដាក់សម្ពាធ ឬទាមទារយកទឹកដីជាថ្នូរនឹងថ្លៃការពារ។ ពេលនោះ នគរសៀម បានត្រួតត្រាប្រទេសកម្ពុជាទាំងផ្នែកការទូតអន្តរជាតិ និងកិច្ចការនយោបាយផ្ទៃក្នុង ប៉ុន្តែសៀមធ្វើជាយកលេសមកជួយខ្មែរពីការឈ្លានពានរបស់នគរអាណ្ណាមដែលក្រោយមកបានផ្លាស់ឈ្មោះប្រទេសជាវៀតណាម និងសៀមក៏បានប្តូរឈ្មោះទៅជាថៃឡង់ដ៏ដែរ។ សៀមតែងតែប្រើល្បិចបំបែកបំបាក់អ្នកនយោបាយកម្ពុជា ព្រោះពួកគេយល់ថា បើកម្ពុជាមានស្ថិរភាព និងសន្តិភាព នោះសៀមនឹងមិនមានសុវត្ថិភាពឡើយ។ ដូច្នេះ សៀម ដែលក្រោយមកប្រែជាថៃ បានប្រើល្បិចកលចាក់រុក ឆ្កឹះឆ្កៀលមេដឹកនាំកម្ពុជាពីមួយជំនាន់ទៅមួយជំនាន់ ឱ្យបែកបាក់សាមគ្គីផ្ទៃក្នុង និងស្ថិតក្រោមឥទ្ធិពលថៃជារៀងរហូត ដ្បិតអ្នកនយោបាយសៀម បានដឹងយ៉ាងច្បាស់អំពីអត្តចរិតមនុស្សខ្មែរដែលខឹងក្រោដតែមួយឆាវៗ ឬមួយពេលៗ និងភ្លេចបាត់ទៅវិញដោយមិនគុំគួនយូរឡើយ។

យ៉ាងណា នៅក្នុងសម័យអាណានិគមបារាំង ថៃបានបង្ហាញភាពខ្លាំងនៃយុទ្ធសាស្ត្រការទូតរបស់ខ្លួនក្នុងការគ្រប់គ្រងព្រះរាជាណាចក្រកម្ពុជា ធ្វើឱ្យ ព្រះបាទនរោត្តម ត្រូវបង្ខំចិត្តចុះហត្ថលេខាទទួលយកបារាំងមកជាអាណាព្យាបាលនៅឆ្នាំ១៨៦៣ ដើម្បីសង្គ្រោះទឹកដីចេញពីក្រញ៉ាំចោរសៀម(ថៃ) និងអាណ្ណាម(យួន)។ បើទោះបីពេលនោះ ថៃត្រូវបង្ខំចិត្តប្រគល់ខេត្តបាត់ដំបង សៀមរាប និងសិរីសោភ័ណ ឱ្យមកខ្មែរវិញតាមរយៈសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និង១៩០៧ក៏ដោយ ក៏សៀមនៅតែប្រើល្បិចលួចគូសផែនទីដោយឯកតោភាគី ក្នុងមហិច្ឆតាឈ្លានពានទឹកដីកម្ពុជានាពេលខាងមុខ ខណៈបច្ចុប្បន្ន សៀមបានប្រើប្រាស់ផែនទីក្លែងក្លាយនេះ មកឈ្លានពានកម្ពុជាយ៉ាងប្រត្យក្ស។ ក្នុងយុគសម័យសង្គ្រាមត្រជាក់ និងរបបប្រល័យពូជសាសន៍របស់ខ្មែរក្រហម ឬប៉ុល-ពត (ឆ្នាំ១៩៧០ ដល់១៩៩០) សៀមបានប្រើប្រាស់វិបត្តិខ្មែរជាខែលការពារខ្លួនផង និងដើម្បីប្រយោជន៍ខ្លួនផង។ ក្នុងក្រសែភ្នែកសៀម កម្ពុជាគឺជារដ្ឋទន់ខ្សោយ និងជារដ្ឋចំណុះរបស់ខ្លួន។ គេនៅចាំបានក្នុងសម័យសាធារណរដ្ឋកម្ពុជា ឬលន់ នល់ សៀមបានអនុញ្ញាតឱ្យកងទ័ពខ្មែរក្រហម និងចលនាតស៊ូបះបោរដទៃទៀត បោះទីតាំងតាមព្រំដែនខ្លួន ប៉ុន្តែមិនមែនដើម្បីជួយខ្មែរឱ្យមានសន្តិភាពទេ គឺដើម្បីរក្សាតុល្យភាពអំណាច និងទប់ស្កាត់ឥទ្ធិពលវៀតណាមកុំឱ្យចូលក្បែរទឹកដីរបស់ខ្លួនតែប៉ុណ្ណោះ។

សូមជម្រាបថា ចាប់តាំងពីឆ្នាំ១៥១៦រហូតមកដល់បច្ចុប្បន្ន បច្ចេកវិទ្យាសឹក និងយុទ្ធោបករណ៍សឹកសង្គ្រាមកម្ពុជា នៅតែមានកម្រិត និងចាញ់ប្រៀបសៀម។ ថ្វីបើក្នុងឆ្នាំ១៥១៦ ដល់១៥៦៦ ព្រះបាទចន្ទរាជា អាចវាយសៀមឱ្យបាក់បបខ្លបខ្លាចក៏ដោយ ប៉ុន្តែជារួម សៀមនៅតែមានស្ថិរភាពផ្ទៃក្នុងរឹងមាំជាង និងមានប្រៀបខាងកម្លាំងទ័ពខ្លាំងជាង ព្រោះសៀមតែងលេងល្បែងការទូតនយោបាយ ដែលមានភាពបត់បែនលើឆាកអន្តរជាតិ និងបង្កើតទំនាក់ទំនងពាណិជ្ជកម្មជាមួយអឺរ៉ុប ដើម្បីទិញអាវុធទំនើបៗ។ រហូតមកដល់បច្ចុប្បន្ន ឧត្តមភាពខាងសព្វាវុធ និងថវិកាការពារជាតិដ៏មហាសាលរបស់សៀម នៅតែជាចុតហ្មាយគំរាមកំហែង និងជាឆ្អឹងទទឹង-ក បង្ខំឱ្យកម្ពុជាត្រូវប្រុងប្រយ័ត្នគ្រប់វិនាទី។ ឈានចូលមកដល់យុគសម័យសកលភាវូបនីយកម្ម យុទ្ធសាស្ត្រចុងក្រោយដែលសៀមកំពុងមានប្រៀបលើកម្ពុជា គឺ «អំណាចទន់» ក្នុងស្រមោលមហិច្ឆតា ដើម្បីលេបត្របាក់ទឹកដី វប្បធម៌ និងអរិយធម៌ខ្មែរដោយសន្តិវិធី។

ក្រៅពីប្រើកម្លាំងយោធាឈ្លានពានកម្ពុជា កូនខ្មែរក៏ត្រូវចងចាំផងដែរថា! សៀមបានប្រើគំនាបសេដ្ឋកិច្ច និងបញ្ជ្រាបនូវមនោគមវិជ្ជាផ្សេងៗ តាមរយៈខ្សែភាពយន្ត ចម្រៀង និងសិល្បៈ ក្នុងបំណងឱ្យកម្ពុជានិយមប្រើប្រាស់ទំនិញសៀម និងសេពវប្បធម៌សៀមភាវូនីយកម្ម ធ្វើឱ្យស្មារតីជាតិនិយមខ្មែរហាក់បាត់បង់បន្តិចម្ដងៗ ខណៈយុទ្ធសាស្ត្រទាំងនេះ គឺជាការឈ្លានពានដោយភាពស្ងប់ស្ងាត់បំផុត។ ដូច្នេះ បន្ទាប់ពីហែលឆ្លងកាត់ភាពឈឺចាប់អស់រយៈពេល៥០០ឆ្នាំចុងក្រោយនេះ សបញ្ជាក់ឱ្យឃើញថា ខ្មែរចាញ់សៀមច្រើនជាងឈ្នះ នោះមិនមែនមកពីខ្មែរខ្វះវីរភាព ខ្វះអ្នកចេះដឹង ឬខ្វះឈាមជ័រអ្នកតស៊ូប្រយុទ្ធនោះទេ ប៉ុន្តែមកពីខ្មែរខ្វះ«សាមគ្គីភាព»។ ចាប់តាំងពីក្រោយសម័យអង្គរ រហូតដល់រជ្ជកាល ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជាបច្ចុប្បន្ន មេរៀនប្រវត្តិសាស្ត្របានដាស់តឿនយើងថា ដើម្បីទប់ទល់នឹងមហិច្ឆតារបស់ចោរឈ្លានពាន កម្ពុជាត្រូវតែពង្រឹងប្រព័ន្ធនយោបាយ និងអំណាចផ្ទៃក្នុងរបស់ខ្លួនឱ្យរឹងមាំ បណ្ដុះធនធានបញ្ញាឱ្យខ្លាំង និងមានសាមគ្គីភាពផ្ទៃក្នុង ក៏ដូចជាដើរឱ្យទាន់ល្បែងការទូតអន្តរជាតិ។ បើមិនដូច្នោះទេ យើងនឹងនៅតែលង់លក់ក្នុងដំណេកនៃសុបិនប្រវត្តិសាស្ត្រ ដែលគ្មានថ្ងៃងើបមុខរួច ពោលគឺ «ឈ្លោះគ្នាឯង ប៉ុន្តែចាញ់គេរហូត»៕




