ព្យុះរដូវក្តៅក៏មក ផ្សែងពុលក៏មាន! ខ្យល់ពុលកម្រិតគ្រោះថ្នាក់ វាយលុកជាងពាក់កណ្តាលប្រទេសថៃ ខណៈភាគខាងជើងរងគ្រោះធ្ងន់ធ្ងរបំផុត
N
Nary Vann
4 ម៉ោងមុន

រាជធា​នីបាងកក៖ ក្រៅពីការប្រឈមមុខនឹងឥទ្ធិពលនៃខ្យល់ព្យុះរដូវក្ដៅ ដែលកំពុងវាយលុកតំបន់ជាងពាក់កណ្ដាលនៃប្រទេសថៃ ក៏កំពុងធ្លាក់ក្នុងវិបត្តិអ័ព្ទផ្សែងពុលយ៉ាងធ្ងន់ធ្ងរផងដែរ ខណៈកម្រិតធូលីពុល PM2.5 បានហក់ឡើងដល់ចំណុចខ្ពស់បំផុតមិនធ្លាប់មាន...។

គិតត្រឹមថ្ងៃទី២២ ខែមេសា ខេត្តចំនួន៣៨ទូទាំងប្រទេស ត្រូវបានគ្របដណ្ដប់ដោយធូលីពុលកម្រិតពណ៌ក្រហម ជាពិសេស នៅតំបន់ភាគខាងជើងដែលកម្រិតនៃការបំពុលបានឡើងដល់១២៥,៤មីក្រូក្រាមក្នុងមួយម៉ែត្រគូបខ្យល់ ជាកម្រិតអាសន្ន និងមានគ្រោះថ្នាក់បំផុតសម្រាប់ប្រព័ន្ធផ្លូវដង្ហើមរបស់មនុស្ស ពិសេសនៅខេត្តឈៀងរ៉ាយ ឈៀងម៉ៃ ម៉ៃហុងសន ឡាំភូន និងឡាំប៉ាង។ ទន្ទឹមនឹងនេះ តំបន់ភាគឦសាន តំបន់មជ្ឈិម និងភាគខាងលិច ក៏បានកត់ត្រាកម្រិតធូលីពុលលើសស្ដង់ដារសុវត្ថិភាព ស្ទើរតែគ្រប់តំបន់ផងដែរ ស្របពេលដែលរាជធានីបាងកក និងតំបន់ជុំវិញ មានគុណភាពខ្យល់ក្នុងកម្រិតមធ្យម ខណៈភាគខាងត្បូងដែលរងការវាយប្រហារពីក្រុមឧទ្ទាមបំបែករដ្ឋ មានខ្យល់អាកាសល្អប្រសើរ។

ស្ថានភាពអាកាសធាតុដ៏អាក្រក់នេះ បានបង្ខំឱ្យអាជ្ញាធរសុខាភិបាលចេញសេចក្តីណែនាំបន្ទាន់ ដល់ប្រជាពលរដ្ឋឱ្យការពារខ្លួនពីហានិភ័យសុខភាពកម្រិតខ្ពស់។ កម្រិតធូលីពុលដែលឡើងខ្ពស់បែបនេះ មិនត្រឹមតែបង្កឱ្យមានការរមាស់ភ្នែក ឬពិបាកដកដង្ហើមភ្លាមៗប៉ុណ្ណោះទេ ប៉ុន្តែវាក៏បង្កើនហានិភ័យនៃជំងឺបេះដូង និងសួតយ៉ាងធ្ងន់ធ្ងរផងដែរ។ ក្រុមងាយរងគ្រោះដូចជា កុមារ មនុស្សចាស់ និងស្ត្រីមានផ្ទៃពោះ ត្រូវបាន​ទទូចឱ្យស្នាក់នៅក្នុងផ្ទះទាំងស្រុង ខណៈសាធារណជនត្រូវបានតម្រូវឱ្យពាក់ម៉ាសប្រភេទ N95 ជានិច្ច នៅពេលចេញក្រៅ។ កម្រិតការបំពុលត្រូវបានព្យាករថា នឹងបន្តកើនឡើងបន្ថែមទៀតនៅចុងសប្តាហ៍នេះ ធ្វើឱ្យប្រជាជនថៃ ស្ថិតក្នុងស្ថានភាពត្រដរខ្យល់កណ្ដាលវិបត្តិអាកាសធាតុ ដែលមានទាំងខ្យល់ព្យុះរដូវក្ដៅ និងអ័ព្ទផ្សែងពុលសម្លាប់ជីវិត វាយលុកក្នុងពេលតែមួយ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត