
បទបរិយាយ៖ គ្រាប់កាំភ្លើង គ្រាប់បែក និងផ្សែងសង្គ្រាមក្នុងទឹកដីភូមា ឬមីយ៉ាន់ម៉ា បានចាប់ផ្តើមជះអំបែងដល់មាត់របងផ្ទះថៃជាបណ្តើរៗហើយ ដោយក្រសួងមហាផ្ទៃថៃ បានបញ្ជាឱ្យខេត្តភាគខាងជើងទាំង៤ រឹតបន្តឹងសន្តិសុខឱ្យកាន់តែតឹងរឹង។ នេះបង្ហាញឱ្យឃើញថា របងព្រំដែនថៃ-ភូមា កាន់តែពុកផុយ ដោយសាររបបសឹកភូមា វាយសង្គ្រុបលើក្រុមប្រដាប់អាវុធជនជាតិភាគតិចការ៉ែន ដែលព្យាយាមហែកខ្លួនចេញរដ្ឋាភិបាល នោះក៏ព្រោះតែក្រុមនេះ ទំនងជាមានថៃជួយគាំទ្រនៅពីក្រោយ។ យ៉ាងណា បញ្ហាព្រំដែនថៃជាមួយប្រទេសជិតខាងដ៏រសើប បាននិងកំពុងទាញដៃថៃឱ្យធ្លាក់ចូលក្នុងអន្ទាក់មរណៈ ដែលថៃខ្លួនឯងជាអ្នកជីក...។

និយាយពីបញ្ហាព្រំដែនជាមួយភូមា លោក អរៈសិទ្ធ សម្ព័ន្ធរ័ត្ន (อรรษิษฐ์ สัมพันธรัตน์) លេខាធិការអចិន្ត្រៃយ៍ក្រសួងមហាផ្ទៃថៃ បានបង្គាប់ឱ្យខេត្តជាប់ព្រំដែនភូមាចំនួន៤គឺ៖ ខេត្តតាក, ម៉ែហុងសុន, ឈៀងម៉ៃ និងឈៀងរ៉ៃ អនុវត្តវិធានការបន្ទាន់៥ ចំណុច ដើម្បីឆ្លើយតបនឹងការរីករាលដាលនៃជម្លោះក្នុងប្រទេសភូមា។ ទី១.កិច្ចសហការ និងល្បាត ផ្តោតលើពង្រឹងការយាមកាមតាមច្រករបៀងធម្មជាតិ និងហាត់សមផែនការសង្គ្រោះបន្ទាន់, ទី២.ការត្រៀមជម្លៀស តម្រូវរៀបចំផែនការផ្ទេរប្រជាជនទៅកាន់តំបន់សុវត្ថិភាព និងព្រមានអ្នកភូមិឱ្យនៅឆ្ងាយពីចំណុចប្រឈម, ទី៣. ការពារទីតាំងសំខាន់ៗ តាមរយៈការរឹតបន្តឹងសន្តិសុខនៅសាលារៀន មន្ទីរពេទ្យ និងការិយាល័យរដ្ឋ, ទី៤.ការគ្រប់គ្រងព័ត៌មាន ដោយផ្តល់ព័ត៌មានពិតដល់ពលរដ្ឋ ដើម្បីបង្ការការភ័យស្លន់ស្លោ និងព័ត៌មានក្លែងក្លាយ, ទី៥.ទប់ស្កាត់បទល្មើស ផ្តោតលើការរឹតបន្តឹងការឆ្លងដែនខុសច្បាប់ និងការរត់ពន្ធទំនិញគ្រប់ប្រភេទ។

សំណួរដដែលៗនៅតែបន្តសួរថា តើជម្លោះព្រំដែនថៃ-ភូមា អាចបែកផ្កាំភ្លើងដែរឬទេ បើគ្រាប់ផ្លោងរបបសឹក នៅបន្តផ្លាតចូលដីថៃ ដូចភ្លៀងរលឹមបែបនេះ...? តាមពិតទៅ របងព្រំដែនថៃ-ភូមា បានពុកផុយ និងរ៉ាំរ៉ៃជាយូរយារណាស់មកហើយ ព្រោះថា ព្រំដែនប្រទេសក្បែរខាងទាំង២ តែងតែមានការលួចឆ្លងដែន និងរត់ពន្ធទំនិញខុសច្បាប់ ដែលធ្វើឱ្យតំបន់ព្រំដែនក្លាយជាទីតាំងគ្មានសុវត្ថិភាព។ លើសពីនេះ ខ្សែបន្ទាត់ព្រំដែនភាគខាងជើងរបស់ថៃ កំពុងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ ព្រោះគ្រាប់ផ្លោងរបស់របបសឹក ដែលវាយប្រហារលើក្រុមប្រដាប់អាវុធបំបែកខ្លួនការ៉ែន តែងតែផ្លាតចូលទៅក្នុងទឹកដីថៃជារឿយៗ។ តើវាជារឿងចៃដន្យ គាប់ជួន ឬជាចេតនារបស់របបសឹកភូមា? យ៉ាងណា មានមតិមួយចំនួនចោទជាពិភាល់ថា ថៃកំពុងធ្វើពុតជាឆោឡោរឹតបន្តឹងព្រំដែនភាគខាងជើងជាមួយភូមា តែបានសម្លឹងមើលទឹកដីកម្ពុជាដោយលេបទឹកមាត់ក្អឿកៗ ក្នុងយុទ្ធវិធីឈ្លានពានដោយសម្ងាត់ឬ...?

បើក្រឡេកមើលឱ្យស៊ីជម្រៅ ទោះគ្រាប់ផ្លោងរបបសឹកធ្លាក់ចូលដីថៃច្រើនយ៉ាងណាក៏ដោយ ក៏យោធាថៃ មិនហ៊ានឆ្លើយតបទៅភូមាដោយផ្ទាល់វិញដែរ នោះក៏ព្រោះតែថៃយល់ថា យោធាភូមា មិនអាចឆ្លងកំពែងព្រំដែន«ក្រុមប្រដាប់អាវុធជនជាតិភាគតិចការ៉ែន» ដែលខ្លួនបានចិញ្ចឹមដោយសម្ងាត់ ទុកប្រឆាំងរបបសឹកភូមាអស់ជាច្រើនទសវត្សរ៍បានឡើយ ដូច្នេះ ការផ្លោងគ្រាប់ចូលដីថៃនៅព្រំដែន វាមិនប៉ះពាល់ធ្ងន់ធ្ងរដល់បូរណភាពរបស់ថៃទេ។ ផ្ទុយទៅវិញ បញ្ហាព្រំដែនជាមួយកម្ពុជាទើបជារឿងសំខាន់! សំខាន់ក៏នៅត្រង់ថា សង្គ្រាម២១ថ្ងៃកន្លងមក យោធាថៃឈ្លានពានទឹកដីកម្ពុជាបានជាច្រើនកន្លែង និងអាចបន្តរុលចូលមកខាងមុខទៀត ក្នុងករណីដែលយោធាកម្ពុជាបន្តរក្សាភាពស្ងប់ស្ងាត់តាមបទបញ្ជាថ្នាក់ដឹកនាំខ្លួន ដូចពេលបច្ចុប្បន្ន។ តើហេតុអ្វីក្រុមប្រដាប់អាវុធជនជាតិភាគតិចការ៉ែន អាចរស់រាន និងមានកម្លាំងវាយប្រហារខ្លាំងក្លាជាមួយរបបសឹកបាន..? មែនទែនទៅ ក្រុមប្រដាប់អាវុធជនជាតិភាគតិចការ៉ែន ហ៊ានងើបឈរវាយតតាំងជាមួយយោធាភូមាយ៉ាងគគ្លើនបែបនេះ មិនមែនជារឿងចៃដន្យឡើយ! មិនចៃដន្យ..ក៏ព្រោះតែពួកគេមានខ្នងបង្អែកដ៏រឹងមាំមួយ នោះគឺប្រទេសថៃ។

អ្នកនយោបាយថៃ បានចិញ្ចឹមក្រុមឧទ្ទាមការ៉ែនដោយប្រយោល ដើម្បីធ្វើជារបងការពារ កំពែងព្រំដែនផង និងជាទ្រនាប់ទាញយកផលប្រយោជន៍ផ្នែកសន្តិសុខ និងសេដ្ឋកិច្ចរបស់ខ្លួនផង។ ដូច្នេះ ការដែលថៃបញ្ជាឱ្យរឹតបន្តឹងព្រំដែននៅពេលនេះ វាគ្រាន់តែជាឆាកល្ខោនថ្ពិនភ្នែកអន្តរជាតិ ដើម្បីបិទបាំងការផ្ដល់ជម្រក និងការគាំទ្ររបស់ខ្លួនដោយប្រយោលដល់ក្រុមការ៉ែនតែប៉ុណ្ណោះ។ នេះជាមហិច្ឆតារបស់មេដឹកនាំថៃ ដែលចង់គ្រប់គ្រងឥទ្ធិពលលើប្រទេសជិតខាង តាមរយៈការចិញ្ចឹមក្រុមឧទ្ទាម ដើម្បីក្រឡុករបបសឹកភូមា មិនឱ្យរើខ្លួនរួចចេញពីសង្គ្រាមស៊ីវិលបាន។ យុទ្ធសាស្ត្រព្រួញមួយបាញ់បានសត្វពីរលើដីភូមា នេះ អាចនឹងវិវត្តន៍ទៅជាចំណេះជិះកឯងវិញក៏ថាបាន ព្រោះលើលោកនេះគ្មានទេអាថ៌កម្បាំង យូរ និងឆាប់ គង់តែមេដឹកនាំរបបសឹកបំបែកសមីការបស់ថៃនេះ បាននៅថ្ងៃណាមួយ។ រីឯការចិញ្ចឹមចិត្តឈ្លានពានកម្ពុជា ជុំទី៣ ក៏វាមិនងាយស្រួលដូចកាលពីលើកទី២ដែរ ដ្បិតថា ការយកឃ្មុំពីរដង អាចនឹងត្រូវឃ្មុំទិចវិញក៏ថាបាន ព្រោះកម្ពុជាក៏បង្កើនវិស័យការពារជាតិរបស់ខ្លួនឡើងវិញហើយដែរ ខណៈដែលភាពវឹកវរនៅភាគខាងត្បូងប្រទេស ក៏ជាសមីកាមួយដែលមេដឹកនាំថៃមិនងាយនឹងបំបែកបានដូចគ្នា...៕



