កម្ពុជា-ចិន សម្រេចដំឡើងកិច្ចសន្ទនា«២+២»ទៅជា«៣+៣» បន្ថែមក្រសួងមហាផ្ទៃទ្វេភាគី
អុន សម្ផស្ស
3 ម៉ោងមុន

រាជធានីភ្នំពេញ៖ ក្រោយទទួលបានលទ្ធផលផ្លែផ្កានៃកិច្ចសន្ទនា«២+២»លើកដំបូង រវាងមេដឹកនាំការទូត និងមេដឹកនាំការពារជាតិទ្វេភាគី កម្ពុជា-ចិន ឯកភាពដំឡើងកម្រិតកិច្ចសន្ទនាទៅជា«៣+៣» ដោយកម្ពុជាបានស្នើដាក់បញ្ចូលក្រសួងមហាផ្ទៃ រីឯភាគីចិន ដាក់ក្រសួងសន្តិសុខសាធារណៈបន្ថែម។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ដែលចេញផ្សាយដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦…។

កិច្ចសន្ទនា«២+២»
កិច្ចសន្ទនា«២+២»

ក្នុងសេចក្តីប្រកាសលទ្ធផលនៃកិច្ចសន្ទនាយុទ្ធសាស្ត្រ«២+២»ដដែលនេះ ក្រសួងការបរទេសអះអាងថា កិច្ចសន្ទនាយុទ្ធសាស្ត្រ ២+២ រវាងលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងលោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីការពារជាតិកម្ពុជា និងលោក វ៉ាង យី រដ្ឋមន្ត្រីការបរទេស និងលោក តុង ជុន រដ្ឋមន្ត្រីការពារជាតិចិន កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ បានឆ្លុះបញ្ចាំងពីទស្សនៈរួមរវាងប្រទេសទាំងពីរ លើបញ្ហានយោបាយ សន្តិសុខ សេដ្ឋកិច្ច ព្រមទាំងលើបញ្ហាតំបន់ និងអន្តរជាតិ។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងលោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីការពារជាតិកម្ពុជា។ 
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងលោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីការពារជាតិកម្ពុជា។ 

តាមរយៈកិច្ចសន្ទនានោះ កម្ពុជា-ចិន បានសង្កត់ធ្ងន់លើសារសំខាន់នៃការរក្សាការផ្លាស់ប្ដូរទស្សនកិច្ចកម្រិតខ្ពស់, ការពង្រឹងទំនាក់ទំនងរវាងស្ថាប័ន និងការលើកកម្ពស់ការសម្របសម្រួលក្នុងចំណោមក្រសួង និងស្ថាប័ននៃប្រទេសទាំងពីរ។ ភាគីទាំងពីរក៏បានឯកភាពគ្នាថា យន្តការ«២+២» នេះ នឹងដើរតួនាទីជាវេទិកាដ៏សំខាន់មួយក្នុងការ ធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងជាយុទ្ធសាស្ត្រ បង្កើនការសម្របសម្រួលគោលនយោបាយ និងរួមគ្នាឆ្លើយតបចំពោះបញ្ហាប្រឈម ដែលកំពុងកើតមានឡើងទាំងក្នុងប្រទេសរៀងៗខ្លួន ក្នុងតំបន់ និងសកលលោក។

លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេស និងលោក តុង ជុន រដ្ឋមន្ត្រីការពារជាតិចិន។ 
លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេស និងលោក តុង ជុន រដ្ឋមន្ត្រីការពារជាតិចិន។ 

ក្នុងន័យនេះ កម្ពុជា-ចិន បានសម្រេចដំឡើងកិច្ចសន្ទនា ២+២ ទៅជា ៣+៣ ដោយមានការចូលរួមពីក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសន្តិសុខសាធារណៈនៃសាធារណៈរដ្ឋប្រជាមានិតចិន ដើម្បីឆ្លើយតបនឹងការកើនឡើងនៃកិច្ចសហប្រតិបត្តិការទ្វេភាគី និងការវិវត្តនៃសភាពការណ៍តំបន់ និងអន្តរជាតិ។ ដោយឡែក ចំពោះទិសដៅពេលអនាគត កម្ពុជា-ចិន បានឯកភាពគ្នាធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការជាក់ស្តែង ទាំងក្នុងវិស័យជាប្រពៃណី និងវិស័យថ្មីៗ ដែលមានសក្តានុពល។

ក្នុងនោះរួមមាន៖ បរិវត្តកម្មឌីជីថល ការអភិវឌ្ឍបៃតង សេដ្ឋកិច្ចពណ៌ខៀវ ការតភ្ជាប់ ខ្សែច្រវាក់ផ្គត់ផ្គង់ដែលមានភាពធន់ កិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ និងការផ្លាស់ប្ដូរប្រជាជននិងប្រជាជន។ ទន្ទឹមគ្នា ក្នុងបរិបទនេះ ភាគីទាំងពីរបានបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្ត ជំរុញក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការសំខាន់ៗ រួមមាន៖ ក្របខ័ណ្ឌ កិច្ចសហប្រតិបត្តិការត្បូងពេជ្រ ច្រករបៀងឧស្សាហកម្មនិងបច្ចេកវិទ្យា ច្រករបៀងមច្ឆានិងអង្ករ ដែលនឹងបន្តជំរុញឱ្យមានលទ្ធផលជាក់ស្តែង និងមានផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រទេសនិងប្រជាជនទាំងពីរ

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត