ជនបរទេស២៣នាក់ ត្រូវអាជ្ញាធរចាប់ខ្លួនក្នុងកាស៊ីណូ ថាយថិន​ ឃីង ក្រុងបាវិត
ហាក់ អ៊ីឌី
4 ម៉ោងមុន

ក្រុងបាវិត៖ យ៉ាងហោចណាស់មានជនបរទេស២៣នាក់ ត្រូវបានអាជ្ញាធរកម្ពុជាចាប់ខ្លួន ពាក់ព័ន្ធការឆបោកប្រាក់ក្នុងកាស៊ីណូ និងសណ្ឋាគារ ថាយថិន​ ឃីង ស្ថិតនៅក្រុងបាវិត ខេត្តស្វាយរៀង...។ 

យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលជាតិ នាថ្ងៃទី២៣ ខែមេសានេះ បានឱ្យដឹងថា លោកឧត្ដមសេនីយ៍ទោ​ ពេជ្រ​ វីរៈ​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានដឹកនាំកម្លាំងជំនាញចម្រុះចុះប្រតិបត្តិការបង្ក្រាបក្រុមឧក្រិដ្ឋជនប្រព្រឹត្តបទល្មើសអនឡាញស្កេម និងឆបោកប្រាក់ ក្រោមការសម្របសម្រួលផ្នែកច្បាប់ពីស្ថាប័នអយ្យការអមសាលាដំបូងខេត្ត។ ប្រតិបត្តិការឆ្មក់បង្ក្រាបទីតាំងកាស៊ីណូខាងលើ ក្រុមឧក្រិដ្ឋជនបានប្រើប្រាស់សម្រាប់ធ្វើសកម្មភាពឆបោកប្រាក់នៅក្រៅប្រទេស ព្រមទាំងធ្វើការឃាត់ខ្លួនអ្នកពាក់ព័ន្ធសរុបចំនួន២៣នាក់ មាន៤សញ្ជាតិ រួមមាន៖ ជនជាតិចិន, ឥណ្ឌា ,បង់ក្លាដេស និងចិនតៃវ៉ាន់ផងដែរ។

ទោះយ៉ាងណា អាជ្ញាធរបានបន្តធ្វើការដកហូតឧបករណ៍អេឡិចត្រូនិកជាច្រើន ដែលបម្រើឱ្យការប្រព្រឹត្តិបទល្មើសបានមួយចំនួនធំបន្ថែមទៀតផងដែរ។ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង បានបញ្ជូនទៅកាន់ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់ជាធរមាន៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត