
រាជធានីភ្នំពេញ៖ ក្រសួងធម្មការ និងសាសនា បន្តតវ៉ាយ៉ាងខ្លាំងក្លាបំផុត ចំពោះវត្តមានរបស់អាជ្ញាធរ និងប្រជាជនថៃ ដែលបានធ្វើសកម្មភាពខុសច្បាប់ រៀបចំពិធីបួងសួងបែបជំនឿសាសនានៅ«ប្រាសាទតាក្របី និងតំបន់ជុំវិញ» ដែលជាទីតាំងស្ថិតនៅក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦...។

នៅក្នុងសេចក្តីថ្លែងការណ៍ ក្រសួងធម្មការ និងសាសនា ចាត់ទុកវត្តមានរបស់មន្ត្រីជាន់ខ្ពស់ថៃទាំងនេះ ជាការបង្ហាញពីចរិតលក្ខណៈពង្រឹងសកម្មភាពខុសច្បាប់ និងបំផ្លាញដល់កិច្ចខិតខំប្រឹងប្រែងដោះស្រាយបញ្ហាដោយសន្តិវិធី និងតាមរយៈការចរចា។ ក្រសួងលាតត្រដាងថា ទោះមានការតវ៉ាជាបន្តបន្ទាប់ពីកម្ពុជា ក៏អាជ្ញាធរថៃនៅតែបន្តរៀបចំការជួបជុំសាធារណៈ ការប្រកបពិធីកម្មសាសនា សម្របសម្រួលការទស្សនា និងអនុវត្តសកម្មភាពផ្សេងៗនៅតំបន់នោះ ខណៈសកម្មភាពខុសច្បាប់ទាំងនេះ គឺជាការរំលោភយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា។

ជាមួយគ្នា សកម្មភាពរបស់ភាគីថែ ក៏ជាការរំលោភយ៉ាងធ្ងន់ធ្ងរលើសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ ឯកសារអនុវត្តសន្ធិសញ្ញាដែលពាក់ព័ន្ធនឹងការងារកំណត់ និងខណ្ឌសីមាព្រំដែន រួមទាំងផែនទីមាត្រដ្ឋានខ្នាត១/២០០ ០០០ និងកំណត់ហេតុនៃគណៈកម្មការកំណត់ព្រំដែន និងគណៈកម្មការបោះបង្គោលព្រំដែនរវាងឥណ្ឌូចិន និងសៀម ក៏ដូចជាអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០០ បែបបទបច្ចេកទេសឆ្នាំ២០០៣ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងគោលការណ៍មូលដ្ឋាននៃច្បាប់អន្តរជាតិ ព្រមទាំងរំលោភទៅនឹងសមត្ថកិច្ចរបស់គណៈកម្មការចម្រុះព្រំដែននៃភាគីទាំងពីរ(JBC) ផងដែរ។

ទោះជាយ៉ាងណា ក្រសួងអំពាវនាវដល់រាជរដ្ឋាភិបាលថៃឱ្យបញ្ឈប់ជាបន្ទាន់នូវសកម្មភាពបួងសួង ឬការប្រកបពិធីកម្មសាសនាផ្សេងៗនៅប្រាសាទតាក្របី និងតំបន់ដទៃទៀត ដែលស្ថិតនៅក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា។ ជាមួយគ្នា កម្ពុជាបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធីតាមរយៈយន្តការទ្វេភាគីដែលមានស្រាប់ ជាពិសេសយន្តការ «JBC»៕




